ដើម្បីពង្រឹងនិងពង្រីកមិត្តភាព ៖ បន្ទាប់ពីទស្សនកិច្ចពីរថ្ងៃ នៅក្នុងប្រទេសឡាវ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងបន្តដំណើរទស្សនកិច្ចរបស់លោក សម្រាប់រយៈពេល២ថ្ងៃទៀត ទៅកាន់រដ្ឋធានី ហាណូយ ប្រទេសវៀតណាម នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ហ៊ុន សែន នឹងជួបលោក ង្វៀន ហ្វ៊ូជុង (Nguyễn Phú Trọng) ប្រធានរដ្ឋ និងជាអគ្គលេខាគណបក្សកុម្មុយនីស្ដិ៍ និងជួបអ្នកស្រី ង្វៀន ធីគឹមងិន (Nguyễn Thị Kim Ngân) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ជាពិសេស ប្រមុខរដ្ឋាភិបាលកម្ពុជា នឹងមានគម្រោង ជួបពិភាក្សាទ្វេភាគី ជាមួយលោក ង្វៀន សួនហ្វ៊ុក (Nguyễn Xuân Phúc) នាយករដ្ឋមន្ត្រីវៀតណាម។
លោក ហ៊ុន សែន ខ្លួនលោក បានសរសេរដោយផ្ទាល់ដៃ នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖
«ដំណើរទស្សនកិច្ចរបស់ខ្ញុំ នៅវៀតណាម គឺដើម្បីពង្រឹង និងពង្រីក នូវចំណងទាក់ទង ជាមិត្តភាព និងសហប្រតិបត្តិការ ព្រមទាំងពិភាក្សាការងារ ដែលនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជាតិទាំងពីរផង និង ពិភាក្សា លើបញ្ហាអន្តរជាតិមួយចំនួន ដែលជាកង្វល់រួមផង»។
បុរសខ្លាំងកម្ពុជា បានបន្តថា៖
«ក្រៅពីនេះ ខ្ញុំគ្រោងនឹងចូលរួម កិច្ចសន្ទនាធុរកិច្ច កម្ពុជា-វៀតណាម និងជួបសមាគមមិត្តភាព កម្ពុជា-វៀតណាម ផងដែរ»៕