កម្ពុជា

ហ៊ុន សែន ថាបាន​បើក​កិច្ចសន្ទនា​ជាមួយ​​បក្ស​​នយោបាយ ដោយ​មិន​រើសអើង

បុរសខ្លាំងកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលរបស់លោក បាន​បើកទូលាយ ឲ្យមានកិច្ចសន្ទនា​ដ៏ស្មោះសរ និង ដោយ​មិន​រើសអើង ជាមួយគ្រប់បណ្ដា​គណបក្សនយោបាយ ក៏ដូចជាអង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋានជឿនលឿនផ្សេងទៀត ដើម្បីអ្វីមួយដែលលោកអះអាងថា ជាកិច្ចកសាង និងអភិវឌ្ឍន៍ជាតិ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូច្នេះ នៅចំពោះមុខបណ្ដាជនរាប់ម៉ឺននាក់ ក្នុងពិធី រំលឹកខួបទី៤០ឆ្នាំ នៃថ្ងៃ៧មករា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩នេះ។ លោកថ្លែងថា៖

«ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានបើកទូលាយ នូវកិច្ចសន្ទនាដ៏ស្មោះសរ ជាមួយបណ្ដាគណបក្សនយោបាយ សង្គមស៊ីវិល និងរាល់មជ្ឈដ្ឋានជឿនលឿនទាំងអស់ សំដៅប្រមែប្រមូល គំនិតបញ្ញ និងធនធានមនុស្ស ពីគ្រប់ប្រភព ដោយគ្មានបែងចែករើសអើង ដើម្បីបង្កើនកម្លាំងសរុប នៅក្នុងកិច្ចការកសាង និងអភិវឌ្ឍន៍ជាតិ។»

លោក ហ៊ុន សែន បានបន្តថា ភាពកក់ក្ដៅសុខដុមរមនា និងការរីកចម្រើននៃសង្គមជាតិ កើតចេញពីទឹកចិត្តយោគយល់ និងចេះអធ្យាស្រ័យ អត់ឱនឲ្យគ្នាទៅវិញទៅមក ពីការចេះធ្វើការងារ និងការហ៊ានទទួលយករិះគន់ ដើម្បីស្ថាបនានិងពី ការគោរពប្រតិបត្តិច្បាប់ ទាំងអស់គ្នា។

បន្ទាប់ពីថ្លែងបានបើកផ្លូវ ឲ្យមានកិច្ចសន្ទនា បុរសខ្លាំងកម្ពុជា បានព្រមានមកវិញថា នឹងមិនឲ្យមានប្រវត្តិសាស្ដ្រមួយ កើតឡើងសាដានឡើងវិញ ជាដាច់ខាត។ លោកថា៖

«ប្រវត្តិសាស្ត្រមួយ ដែលយើងមិនអាចឲ្យកើត មានសាដានជាថ្មីវិញបានទេ នោះគឺការបែកបាក់ជាតិ មានប្រភពពីមហិច្ឆតា របស់អ្នកនយោបាយ ដែលយកប្រជាជនធ្វើជាឧបករណ៍ ដើម្បីសម្រេចផលប្រយោជន៍ផ្ទាល់របស់ខ្លួន ដោយពុំគិតជោគវាសេនារបស់ជាតិ។»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។