កម្ពុជា

ហ៊ុន សែន បន្ទោស​«អាម៉ីអាថោង»​ ដែល​សរសេរ​សុន្ទរកថា​ខុស

បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន បានថ្លែងបន្ទោស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី របស់លោក ដែលមិនពិនិត្យមើលសុន្ទរកថា ដែលមានសរសេរឈ្មោះ ស្រុកមួយខុស ហើយបានបញ្ជូនសុន្ទរកថានេះ មកឲ្យលោកអានទាំងខុស។ លោកបានស្ដីឲ្យរដ្ឋមន្ត្រីរូបនោះ ថានេះហើយ ដែលគេហៅថា «អាម៉ីអាថោង»។

នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឡើងដូច្នេះ នៅក្នុងជំនួប ជាមួយកម្មករ-កម្មការិនីជាច្រើនពាន់នាក់ មកពីរោងចក្រ​-សហគ្រាស​ចំនួន១២ ក្នុងព្រឹកថ្ងៃពុធ ទី៩ ខែមករា ឆ្នាំ២០១៩​នេះ នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាែកវ។

តាមរយៈការបន្ទោស របស់លោក ហ៊ុន សែន ធ្វើឲ្យគេដឹងថា ឈ្មោះស្រុកដែលសរសេរខុសនោះ គឺស្រុកសំរោង (ខេត្តតាកែវ) ដែលត្រូវបានសរសេរ នៅលើសុន្ទរកថា ថាជា«ស្រុកសំរោងទង (ខេត្តកំពង់ស្ពឺ)»។ ហើយការលើកឡើង ទាក់ទងនឹងស្រុកសំរោង គឺដោយសារ មានកម្មករ-កម្មការិនី មកពីរោងចក្រចំនួនមួយ នៅក្នុងស្រុកនោះ។

លោកថា ករណីនេះ មិនមែនជាកំហុស​កំព្យូទ័រទេ ជាកំហុសរបស់អ្នកវាយកំព្យូទ័រ។ ហើយអ្នកវាយកំព្យូទ័រ អាចសរសេរខុស តែអ្នកដែលខុសជាងគេ គឺអ្នកចុះហត្ថលេខា នៅលើសុន្ទរកថានេះ ដែលជារដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រីរបស់លោក។

ការថ្លែងខ្លាំងៗ របស់លោក ហ៊ុន សែន តម្រូវឲ្យរដ្ឋមន្ត្រីរូបនោះ ចាំបាច់ត្រូវឡើង មកលើវេទិកា ដើម្បីទទួលការស្ដីបន្ទោស ពីនាយករដ្ឋមន្ត្រី ទាំង​នៅកណ្ដាលជំនុំ និងជាសាធារណៈ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។

Tags: Hun Sen