ទំនងជាពេលវេលា នៃការកាន់ទុក្ខសពម្ដាយក្មេកលោក បានបញ្ចប់ហើយ ទើបលោក ហ៊ុន សែន បានព្រលះព្រះសង្ឃ ប៊ុត ប៊ុនតិញ ក្នុងយប់ថ្ងៃសុក្រ ទី០៨ ខែឧសភានេះ ដោយប្រើពាក្យ«ជេរប្រមាថ»ធ្ងន់ៗ នៅលើបណ្ដាញសង្គម។
ពាក្យជេរប្រមាថ ដែលលោក ហ៊ុន សែន ចាត់ទុកថាជា «ភាសាសាមញ្ញ» ត្រូវបានបុរសខ្លាំងរូបនេះ យកមកបង្ហោះ នៅលើគណនេយ្យហ្វេសប៊ុក (Profil) របស់លោក កាលពីប៉ុន្មាននាទីមុន ដោយភ្ជាប់មកជាមួយ នូវខ្សែភ្ជាប់វីដេអូមួយ និយាយពីការបិណ្ឌបាត្រ របស់លោកនេន ហ៊ុន ម៉ាណែត ដែលបានបួស កាលពីប៉ុន្មានថ្ងៃមុន។
នាយករដ្ឋមន្ត្រីចាស់វស្សា របស់ប្រទេសកម្ពុជា បានសរសេរថា៖
«ចង់ឱ្យ អាខ្មៅឆ្កែរត់ចោលស្រុក មើលឱ្យច្បាស់ ដើម្បីកុំឱយវាបង្ហោះតាម Facebook ថាបួសលេងសើច ខូចដល់សាសនា។ ឈប់បានឈប់ទៅ សឹកយកប្រពន្ធទៅ អាខ្មៅ កុំនៅនាំខូចសាសនា។»
នៅក្នុងផ្នែកដាក់យោបល់ លោក ហ៊ុន សែន នៅបានសរសេរ «ជេរប្រមាថ» ប៉ុន្មានពាក្យបន្ថែមទៀតថា៖
«អាមួយនេះ ថ្លើមកាន់តែខ្មៅទៀត មិនគ្រាន់តែខ្មៅខ្លួន និងខ្មៅចិត្តទេ។»
មើលមួយភ្លែត ឃ្លាខាងលើ មិនមាននាមព្រះសង្ឃ ដែលលោក ហ៊ុន សែន ជេរប្រមាថនោះទេ។ តែគេត្រូវត្រឡប់មើល ការបង្ហោះមួយរបស់ព្រះសង្ឃ ប៊ុត ប៊ុនតិញ ក្នុងថ្ងៃសុក្រនេះ អំពីរូបភាពមួយរបស់លោកនេន ហ៊ុន ម៉ាណែត ដែលត្រូវជាលោកកូន [ច្បង] របស់នាយករដ្ឋមន្ត្រី។
រូបភាពនោះ បង្ហាញពីការដើរបិណ្ឌបាត្រ របស់លោកនេនអង្គនេះ ដោយមានញោមស្រីម្នាក់ យកផ្លែដូង «មួយធ្លាយ» មកប្រគេន។ នៅអមនឹងរូបភាពនេះ ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានសរសេរ ហៅការសាងផ្នួស របស់លោកនេន ហ៊ុន ម៉ាណែត ថាជាការកំប្លែងលេងសើច និងជាការបំផ្លាញសាសនា។
ព្រះតេជគុណ បានសរសេរ ដូចការដកស្រង់ទាំងស្រុងថា៖
«វាបំផ្លាញគ្រប់យ៉ាង នេះវាមិនមែន ជាវេទិកាកំប្លែងឯណា។ ត្រកូលនេះ គួរតែប្រើប្រាស់ពេលសាងផ្នួស ឱ្យមានន័យ បើមិនអាចធ្វើកើត គួរតែកុំបំផ្លាញតម្លៃ។ មិនមែនបួស ក្នុងរឿង[ល្ខោន]ឯណា បួសពិតដើម្បីធ្វើអំពើល្អ ហេតុអ្វីក៏លាយលំ នឹងរឿងកំប្លែងអីចឹង។ ត្រកូលឯងខ្ពស់ណាស់ មិនត្រូវដើរតួកំប្លែង បំផ្លាញតម្លៃសាសនា នេះមិនមែនធ្វើបុណ្យ វាជារឿងកំប្លែង។»
ភ្លាមៗ នៅក្រោយការបង្ហោះ ភាសាជេរប្រមាថ ពីសំណាក់មេដឹកនាំរដ្ឋាភិបាល ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានសរសេរប្រតិកម្ម តបវិញថា៖
«សំដីសជាតិ មារយាទសត្រកូល។ ខ្លួនជាមេដឹកនាំប្រទេស គឹតតែរឿងបំផ្លាញ។ ចេះអង្គុយ នឹកជេរប្រមាថ ភ្លេចគិតថា ខ្លួនឯងជានរណា។ ហួសនិស្ស័យ ដែលយើងមានមនុស្សពាល ដឹកនាំប្រទេស៕»