កម្ពុជា

ហ៊ុន ម៉ាណែត ថ្លែងសារដំបូង ក្នុង​តួនាទី​ជា​ប្រធាន​ថ្មី​នៃយុវជន CPP

«ដាច់ខាត» «ពង្រីក» និង«ពង្រឹង» ដើម្បីគណបក្សប្រជាជនកម្ពុជា ( CPP )! នេះជា​ខ្លឹមសារ​សំខាន់ ដែលលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងនាយករដ្ឋមន្ត្រី បានថ្លែងឡើង​ជាលើកដំបូង ភ្លាម​ៗបន្ទាប់ពី​បានឡើង​កាន់តំណែង ជាប្រធានថ្មី នៃយុវជន​គណបក្ស​ប្រជាជន​កម្ពុជា ថ្នាក់កណ្ដាល។

សារថ្មីថ្មោងរបស់ កូនប្រុសបុរសខ្លាំង ត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម បង្ហាញពី​«គោលដៅចំបង» ចំនួនពីរ ដែលលោកអះអាងថា យុវជន​នៃគណបក្សកាន់អំណាច «CPP» ត្រូវ«ប្រកាន់​ឲ្យជាប់»​៖

«១. ថែរក្សាអោយបានដាច់ខាត នូវរាល់សមិទ្ធិផលដែលសម្រេចបាន ដោយគណបក្ស​ប្រជាជន​កម្ពុជា ក្នុងការដឹកនាំកសាងប្រទេស និងដែលមាន [ការ]ចូលរួមយ៉ាងសកម្ម របស់យុវជនគណបក្សគ្រប់ជំនាន់។»

«២. បន្តពង្រឹង និងពង្រីក សមិទ្ធិផលថ្មីៗរបស់យុវជនគណបក្ស ដើម្បីចូលរួម ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជន ឲ្យបានកាន់​តែល្អប្រសើរ​ឡើង។»

សាររបស់កូនប្រុសបុរសខ្លាំង ត្រូវបានបណ្ដាញយុវជនគណបក្ស ជាពិសេស​បណ្ដាញ​យុវជន​គណបក្ស នៅក្រៅប្រទេស​​ចែក​រំលែក តៗគ្នា យ៉ាងសន្ធឹកសន្ធាប់។

ការថ្លែងសារ របស់លោក ហ៊ុន ម៉ាណែត ធ្វើឡើង ដោយមានអមនឹងរូបថតមួយចំនួន ដែលថតពីពិធីផ្ទេរតំណែង ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែល​លោកត្រូវធ្វើ បន្តពីលោក កែ ប៊ុនខៀវ ដែលបាន​កាន់តំណែងនេះ តាំងពីជាង​២០ឆ្នាំ​មក។ ពិធីនេះប្រព្រឹត្តិទៅ ក្រោមអធិបតីភាព របស់លោក សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធាន​គណៈប្រចាំការ​គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល។

លោក ហ៊ុន សែន ប្រធានគណបក្ស នាយករដ្ឋមន្ត្រី និងជាឪពុកលោក ហ៊ុន ម៉ាណែត បានតែងតាំងលោក ហ៊ុន ម៉ាណែត តាមរយៈលិខិតសម្រេចមួយ ចុះថ្ងៃទី៨ ខែមិថុនា ឲ្យមានតំណែងជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ខណៈលោក ហ៊ុន ម៉ាណែត មានតំណែងយ៉ាងច្រើន រួចជាស្រេចហើយ នៅក្នុងជួរយោធា។

ការតែងតាំងខាងលើ បានរងប្រតិកម្ម ពីក្រុមអ្នកឃ្លាំមើល ដោយពួកគេអះអាងថា ជា​ការតែងតាំង ដែលរំលោភ​លើច្បាប់​​កងយុទ្ធពលខេមរភូមិន្ទ និងច្បាប់គណបក្ស អំពី អព្យាក្រឹតភាពលំអៀងដាច់ខាត និងធ្វើឲ្យបាត់បង់ កិត្យានុភាព «credibility»នៃ​វិជ្ជាជីវៈ​កងទ័ព ដែលមេបញ្ជាការកងទ័ពរូបនេះ ធ្វើជាមន្ត្រីទទួលបន្ទុក និង បម្រើ​សកម្មភាព​ការងារ របស់គណបក្សនយោបាយ​មួយបែបនេះ។

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។