កម្ពុជា

អង្គការសិទ្ធិមនុស្ស គ្រោងប្រតិកម្ម​ជុំវិញការចាប់ខ្លួន រ៉ុង ឈុន ដើមសប្ដាហ៍នេះ

ប្រតិកម្មកំពុងធ្លាក់ចុះ ជាបន្តបន្ទាប់ ជាពិសេសនៅ ដើមសប្ដាហ៍នេះ ។ ហើយ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ក៏ស្ថិតក្នុងចំណោមស្ថាប័ន​អន្តរជាតិ​ទាំងនោះ ដែលបាន​ប្រតិកម្ម ចំពោះការចាប់ខ្លួន​លោក រ៉ុង ឈុន នៅក្នុង​ប្រទេស​កម្ពុជា​ដែរ។

អនុប្រធាន​ប្រចាំតំបន់​អាស៊ី​ នៃអង្គការ​អន្តរជាតិខាងលើ លោក​ ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ​បានឲ្យដឹង​នៅលើទំព័រទ្វីសធើរ របស់លោកថា អង្គការឃ្លាំមើល​សិទ្ធិមនុស្ស នឹងចេញសេចក្ដី​ថ្លែងការណ៍ ជុំវិញករណីខាងលើ ក្នុងពេលឆាប់ៗ​នេះ។

លោកបានសរសេរថា៖

«ក្រុមអ្នកតវ៉ានៅរាជធានីភ្នំពេញ កំពុងធ្វើការទាមទារ ឱ្យដោះលែងលោក រ៉ុង ឈុន ដែល​ជា​មេដឹកនាំសហជីព ដ៏លេចធ្លោម្នាក់ នៅកម្ពុជា។ ការបំភិតបំភ័យ​របស់កងកម្លាំង​នគរបាល មិនមានប្រសិទ្ធភាព ចំពោះការតវ៉ានេះទេ! (…) ហើយកម្ពុជាត្រូវតែ​ដោះលែង​លោក រ៉ុង ឈុន ឥឡូវនេះ!»

លោកសាស្ត្រាចារ្យ រ៉ុង ឈុន ដែលជាសកម្មជនមួយរូប ខ្វាយខ្វល់​ចំពោះបញ្ហាព្រំដែន ត្រូវបាន​អាជ្ញាធរ​របបក្រុងភ្នំពេញ ចាប់ខ្លួនទាំងកណ្ដាល​យប់ (យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០) ពីគេហដ្ឋាន​​របស់លោក ក្នុងសង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ លោកត្រូវបាន​​​តុលាការ​​រាជធានី ចោទប្រកាន់​ក្នុង​​រសៀល​ថ្ងៃទី១ ខែសីហា ពីបទ​«ញុះញង់» បង្កឲ្យមានភាព​​វិកវរ​ធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម មុននឹងបញ្ជូន ទៅឃុំខ្លួន​​ជាបណ្ដោះអាសន្ន នៅ​ពន្ធនាគារ​​ព្រៃសរ។

នៅចំពោះការចាប់ខ្លួននេះ ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុក ក្រុមអ្នកឃ្លាំមើល និងមន្ត្រី​គណបក្សប្រឆាំងផង បានប្រតិកម្មជាបន្តបន្ទាប់ ខណៈពលរដ្ឋច្រើនសិបនាក់ បាន​ប្រមូល​គ្នីគ្នាតវ៉ា នៅខាងមុខតុលាការរាជធានី ដើម្បីទាមទារឲ្យមានការដោះលែងលោក រ៉ុង ឈុន ឲ្យមានសេរីភាព​ឡើងវិញ។

លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែង​ព្រមាន ចំពោះនរណាក៏ដោយ ដែលលោកថា បានផ្សាយព័ត៌មានមិនពិត ករណីព្រំដែន នឹងត្រូវជាប់ចោទ ថាជាអំពើញុះញង់ បង្កឱ្យមាន​ភាពវិកវរ​ធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ដែលវិធានការច្បាប់ ត្រូវប្រកាន់យក ដោយខានមិនបាន។ លោក គឹម សន្តិភាព បានបន្តថា៖

«ជាក់ស្តែងលោក រ៉ុង ឈុន បានប្រព្រឹត្តបទល្មើសជាក់ស្តែង តាមរយៈសកម្មភាព​ផ្សព្វផ្សាយ​លើ Facebook page ផ្ទាល់ខ្លួន អំពីព័ត៌មានមិនពិត ទាក់ទងនឹងករណី​ព្រំដែន ដូចអ្វីដែលមានក្នុងសេចក្តីថ្លែងការណ៍ របស់​គណៈកម្មាធិការ​ចម្រុះ​​កិច្ចការ​ព្រំដែន ហេតុនេះ ការអនុវត្ត​វិធានការច្បាប់ លើសកម្មភាព​ល្មើសច្បាប់​នេះ មិនមាន​អ្វីចម្លែក​នោះទេ។»

យ៉ាងណា លោក រ៉ុង ឈុន បានថ្លែងផ្ទាល់មាត់ ក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុ​អាស៊ីសេរី​ថា លោកគ្រាន់តែ​បញ្ជូនសារ​ទុក្ខព្រួយ របស់ពលរដ្ឋ​នៅតាមព្រំដែន មកប្រាប់ដល់​រដ្ឋាភិបាល​ប៉ុណ្ណោះ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។