កម្ពុជា

កាសែតបារាំងបង្ហើបថា មេធាវី​ម្នាក់​បាន​ជួប ហ៊ុន សែន មុន​ដាក់បណ្ដឹង

មុន​ដាក់បណ្ដឹង – សារព័ត៌មានបារាំងដ៏ធំ ឈ្មោះ«Le Progrès» បានបង្ហើបឲ្យដឹងថា មេធាវីជាតិបារាំងម្នាក់ ដែលស្ថិតក្នុងចំណោមមេធាវី ទាំងបីនាក់ បានធ្វើដំណើរទៅប្រទេសកម្ពុជា ដើម្បីជួបដោយផ្ទាល់ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមុនការដាក់ពាក្យបណ្ដឹង ទៅកាន់តុលាការរដ្ឋធានីប៉ារីស ដើម្បីប្ដឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍។

មេធាវីរូបនោះ ឈ្មោះ «Frédéric Doyez» មកពីក្រុងលីយ៉ុង ភាគខាងត្បូងប្រទេសបារាំង។ លោក «Doyez» ស្ថិតក្នុងចំណោមមេធាវីបីនាក់ ដែលបានរួមគ្នាតំណាងឲ្យលោក ហ៊ុន សែន និងកូនប្រសារ ក្នុងការដាក់ពាក្យបណ្ដឹង កាលពីព្រឹកថ្ងៃទី២០ ខែសីហាម្សិលម៉ិញ ប្រឆាំងមេដឹកនាំប្រឆាំង ដែលពេលនេះ​កំពុងមានវត្តមាន ជួបអ្នកគាំទ្រ និងសកម្មជនគណបក្សប្រឆាំង ក្នុងប្រទេសអូស្ត្រាលី។

បើតាមពាក្យបណ្ដឹង ដែលត្រូវបានប្រព័ន្ធឃោសនានៅកម្ពុជា កាត់តែក្បាលយកមកផ្សាយនោះ ហាក់បង្ហាញថា គឺមេធាវីពីរនាក់ផ្សេងទៀត (មេធាវី «Luc BROSSOLLET» និង «Didier LEICK») ដែលមានការិយាល័យ ​ក្នុងរដ្ឋធានីប៉ារីស ជាអ្នកសរសេរ និងដាក់ពាក្យបណ្ដឹងនេះ ឡើងទៅតុលាការរដ្ឋធានីប៉ារីស ខណៈលោក «Frédéric Doyez» គ្រាន់តែជាមេធាវី ដែលឈរនៅលេខរៀង ទី៣ប៉ុណ្ណោះ។

តែបើតាមសារព័ត៌មាន «Le Progrès» បានពន្យល់ថា តាមពិតទៅ គឺលោក «Frédéric Doyez» មកពីក្រុងលីយ៉ុង រូបនេះទៅវិញទេ ដែលជាអ្នកសរសេរពាក្យបណ្ដឹង និងដាក់ពាក្យបណ្ដឹងនេះ ទៅកាន់តុលាការរដ្ឋធានីប៉ារីស។

សារព័ត៌មានសរសេរឲ្យដឹងទៀតថា៖

«ទំព័រហ្វេសប៊ុក [របស់លោក សម រង្ស៊ី] ដែលផ្សាយ​នៅលើ​បណ្ដាញអ៊ិនធើណែត ត្រូវបានសរសេរ​​ជាភាសាខ្មែរ ហើយវាជាអ្វី ដែលត្រូវជជែកដេញដោលគ្នាថា តើយុត្ថាធិការនៃប្រព័ន្ធយុត្តិធម៌បារាំង នឹងមានសុពលភាពចំពោះករណីនេះ ឬយ៉ាងណា។»

គេនៅមិនទាន់ដឹងឲ្យច្បាស់ថា តើទំនាក់ទំនងរវាងលោកមេធាវី «Frédéric Doyez» ជាមួយនឹងរបបក្រុងភ្នំពេញ មានភាពស៊ីជម្រៅ និងស្និតស្នាលដល់កម្រិតណាទេ ខណៈសារព័ត៌មានបារាំង បានបន្តបញ្ជាក់ថា មេធាវីរូបនេះ​បានធ្វើដំណើរចុះឡើង និងមានភារកិច្ចយ៉ាងច្រើន នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានការបណ្ដុះបណ្ដាល​ផ្នែកច្បាប់ និងសរសេរសេចក្ដី​ព្រាង «ក្រម​ព្រហ្មទណ្ឌ» សម្រាប់ប្រទេសនេះជាដើម៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។