ប្រទេសកម្ពុជាត្រូវតែបង្ហាញ ពីភាពជឿនលឿនពិតប្រាកដ និងគួរឱ្យជឿជាក់បាន លើបញ្ហាដែលគួរឲ្យព្រួយបារម្ភ ទាក់ទងបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ ដើម្បីចៀសវាងការដកចេញ នូវប្រព័ន្ធអនុគ្រោះពន្ធហៅថា «EBA»។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ របស់សហភាពអ៊ឺរ៉ុប (EU) ពីរាជធានីព្រុយហ្សែល (ប៊ែលហ្សិក)។
សហភាពអ៊ឺរ៉ុបបានបញ្ជូនប្រតិភូ ស្វែងរកការពិត ជាលើកទីពីររបស់ផងខ្លួន ទៅកាន់ប្រទេសកម្ពុជា រវាងពីថ្ងៃទី៣ មកទល់នឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីវាយតម្លៃស្ថានការណ៍នៅក្នុងប្រទេសកម្ពុជា ដែលអាចប្រឈមនឹងការព្យួរចេញ ជាបណ្ដោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធ «EBA» ដែលអនុញ្ញាតឲ្យកម្ពុជា នាំទំនិញចូលទីផ្សារនៃសហភាពអ៊ឺរ៉ុប ដោយលើកលែងការបង់ពន្ធ។
បេសកកម្មនោះ អនុញ្ញាតឲ្យប្រតិភូនៃសហភាពអ៊ឺរ៉ុប បានជួបពិភាក្សា ជាមួយមន្ត្រីជាន់ខ្ពស់ នៃរបបក្រុងភ្នំពេញ អង្គការអន្តរជាតិ សហជីព សង្គមស៊ីវិល និងស្ថានទូតបរទេសមួយចំនួន ប្រចាំក្នុងប្រទេសកម្ពុជា។
សេចក្ដីប្រកាសព័ត៌មាន ដែលទើបនឹងធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន នៅថ្ងៃទី១២ ខែមិថុនានេះ បានឲ្យដឹងថា បេសកកម្មរបស់ប្រតិភូសហភាពអ៊ឺរ៉ុប គឺសិក្សាផ្ដោតទៅលើកង្វល់សំខាន់ៗ រួមទាំងការរំលោភបំពាន ដ៏គួរឲ្យកត់សម្គាល់ ពាក់ព័ន្ធនឹង៖
បន្ទាប់ពីបេសកកម្មចុងក្រោយនេះ សហភាពអ៊ឺរ៉ុបនឹងចេញរបាយការណ៍ វាយតម្លៃពីស្ថានការណ៍ នៃការគោរពសិទ្ធិមនុស្ស និងសិទ្ធិការងារ ចាប់ពីពាក់កណ្ដាលខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ហើយប្រទេសកម្ពុជា នៅមានឱកាស១ខែ ដើម្បីធ្វើការឆ្លើយតប នឹងរបាយការណ៍នោះ។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា គោលបំណងរបស់សហភាពអឺរ៉ុប គឺដើម្បីដោះស្រាយក្ដីកង្វល់ទាំងឡាយ ទាក់ទងបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ។ សហភាពអឺរ៉ុបបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងកិច្ចធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីសំរេចបាន នូវគោលបំណងទាំងនេះ តែបានរំឭកប្រទេសកម្ពុជា ថា«ត្រូវ»តែបង្ហាញ ពីភាពជឿនលឿនពិតប្រាកដ និងគួរឱ្យជឿជាក់បាន ទាក់ទងនឹងកង្វល់ ដែលបានលើកឡើង។
យ៉ាងណា ប្រតិភូសហភាពអ៊ឺរ៉ុបបានកត់សម្គាល់ ពីវិធានការមួយចំនួន ដែលកម្ពុជាបានលើកឡើង ចំពោះការកែលម្អ អនុលោមតាមបទដ្ឋានអន្តរជាតិ ស្តីពីសេរីភាពនៃការបង្កើតសមាគម និងការជួបប្រជុំជាសមូហភាព ក៏ដូចជាការដោះស្រាយវិវាទដីធ្លីមួយចំនួន ទាក់ទងនឹងសម្បទានដីធ្លីសេដ្ឋកិច្ច។
កម្ពុជា ជាប្រទេសទីពីរ ដែលទទួលបានផលចំណេញយ៉ាងសន្ធឹកសន្ធាប់ ពីកម្មវិធីអនុគ្រោះពន្ធ «EBA» ក្នុងការនាំទំនិញរបស់ខ្លួន ចូលទៅក្នុងលំហរទីផ្សារ «EU»។ សម្រាប់ឆ្នាំ២០១៨កន្លងទៅនេះ ទំនិញកម្ពុជាមានបរិមាណ គិតជាតួលេខច្រើនជាង១៨% នៃទំនិញទាំងអស់ ដែលនាំចូលក្នុងសហភាពអ៊ឺរ៉ុប ក្រោមកម្មវិធីអនុគ្រោះពន្ធ «EBA» ដែលត្រូវជាទឹកប្រាក់ ៥,៣ពាន់លានអ៊ឺរ៉ូ (ប្រមាណជា៦ពាន់លានដុល្លារអាមេរិក)៕