មិនត្រឹមតែសហភាពអ៊ឺរ៉ុបប៉ុណ្ណោះទេ តែបណ្ដាប្រទេសធំៗ នៅបស្ចឹមលោក សុទ្ធតែបានរួមគ្នា ប្រតិកម្មចំពោះការបិទវិទ្យុ«VOD» ថាបានប៉ះពាល់ធ្ងន់ធ្ងរ ដល់សេរីភាពសារព័ត៌មាន និងប្រព័ន្ធពហុនិយម ដែលមានសារសំខាន់ណាស់ សម្រាប់សង្គមប្រជាធិបតេយ្យ។
សេចក្ដីថ្លែងការណ៍រួម របស់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងស្ថានទូតរបស់ប្រទេសធំៗ ចំនួន១២ប្រទេស ដែលស្ថិតក្នុងសហភាពអ៊ឺរ៉ុប បានសរសេរថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត របស់រដ្ឋាភិបាលកម្ពុជា ក្នុងការដកហូតអាជ្ញាប័ណ្ណ របស់វិទ្យុ«VOD»។ ប្រទេសទាំង១២នោះ រួមមាន បែលហ្សិក ឆេក ដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អេស្បាញ ស៊ុយអែត ប៉ូឡូញ និងព័រទុយហ្គាល់។
ក្រសួងព័ត៌មាន បានចេញសេចក្ដីសម្រេចមួយ យ៉ាងតក់ក្រហល់ កាលពីព្រឹកព្រហាមថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លុបអាជ្ញាបណ្ណផ្សព្វផ្សាយ របស់មជ្ឈមណ្ឌល «CCIM» ដែលគ្រប់គ្រងលើការផ្សាយរបស់វិទ្យុ «VOD» ជុំវិញការផ្សាយមួយរបស់ខ្លួន ដែលស្រង់សម្ដីរបស់អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថាការដែលកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុក ដោយចុះហត្ថលេខាផ្តល់ជំនួយថវិកា ទៅឱ្យប្រទេសតួកគី ដែលកំពុងរងគ្រោះរញ្ជួយដីនោះ មិនមែនជារឿងខុសឆ្គង។
ប៉ុន្ដែការដកស្រង់នោះ ត្រូវបានលោក ហ៊ុន សែន និងកូនប្រុសច្បង ចាត់ទុកថា ជាការបំផ្លើសដោយមានចេតនា។ បុរសខ្លាំងនៅកម្ពុជា ដែលអង្គុយក្នុងអំណាច តាំងពីជិតកន្លះសតវត្សរ៍ បានបដិសេធមិនទទួលយកការពន្យល់ ក៏ដូចជាការសុំទោស ពីវិទ្យុខាងលើ ហើយបានបញ្ជាឲ្យក្រសួងព័ត៌មាន បិទការផ្សាយរបស់ស្ថាប័ននេះ ជាកំហិត។
សេចក្ដីថ្លែងការណ៍ របស់គណៈប្រតិភូសហភាពអ៊ឺរ៉ុប និងក្រុមស្ថានទូតនៃប្រទេសជាសមាជិក ដែលចេញផ្សាយ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានសរសេរថា៖
«ការសម្រេចចិត្តនេះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេរីភាពសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធពហុនិយម ដែលមានសារៈសំខាន់ សម្រាប់សង្គមបើកចំហ និងសេរី។»
«ការទទួលបានព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ គឺជាគោលការណ៍ជាមូលដ្ឋាន នៃសង្គមប្រជាធិបតេយ្យ និងជាមូលដ្ឋានគ្រឹះសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ សិទ្ធិទាំងនេះមានចែង នៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា ហើយគួរតែត្រូវបានការពារយ៉ាងពេញលេញ។»
ក្នុងចំណោមស្ថានទូត នៃប្រទេសធំៗទាំង១២ខាងលើ ស្ថានទូតនៃប្រទេសមួយចំនួន បានធ្វើប្រតិកម្មដាច់ដោយឡែក ដូចខាងក្រោម៖
រីឯស្ថានទូតសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី ក៏បានសម្ដែងការព្រួយបារម្ភរបស់ផងខ្លួនដែរ។