សេចក្ដីព្រាងច្បាប់ «HR 526» ដែលត្រូវបានសភាតំណាងរាស្ត្រ នៃសហរដ្ឋអាមេរិកអនុម័តដោយគ្មានសំឡេងជំទាស់ កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា (ត្រូវនឹងព្រឹក ថ្ងៃអង្គារ ថ្ងៃទី១៦ ខែកក្កដា ម៉ោងនៅកម្ពុជា) នោះ ត្រូវបានបញ្ជូនឡើង ដល់ព្រឹទ្ធសភាហើយ នៅមួយថ្ងៃក្រោយមក។
គេហទំព័ររដ្ឋសភា នៃប្រទេសមហាអំណាច បានឲ្យដឹងថា អត្ថបទស្នើច្បាប់ថ្មីថ្មោងមួយនេះ ត្រូវបានបញ្ជូន ទៅដល់ដៃព្រឹទ្ធសភាអាមេរិក កាលពីរសៀលថ្ងៃអង្គារ ទី១៦ ខែកក្កដា (ត្រូវជាព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ម៉ោងនៅកម្ពុជា) នឹងថែមទាំងត្រូវបានស្ថាប័នមួយនេះ អានពីរដង មុននឹងបញ្ជូនទៅកាន់ គណៈកម្មាធិការទំនាក់ទំនងការបរទេស របស់ខ្លួន។
សេចក្តីស្នើច្បាប់ «H.R.526» ហៅ «Cambodia Domocratie Act of 2019» បានទទួលការអនុម័ត ដោយសម្លេងគាំទ្រពីតំណាងរាស្ត្រ មកពីគណបក្សធំៗទាំងពីរ ដែលមានអសនៈនៅក្នុងរដ្ឋសភា នៃសហរដ្ឋអាមេរិក។
អត្ថបទស្នើច្បាប់ដែលមាន៧ជំពូក មានចែងអំពីការកំណត់ទណ្ឌកម្ម ទៅលើមន្ត្រីរដ្ឋាភិបាលកម្ពុជា មន្ត្រីយោធា និងមន្ត្រីសន្តិសុខណា ដែលទទួលខុសត្រូវ ចំពោះការធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ និងចំពោះការរំលោភសិទ្ធិមនុស្ស។
ទណ្ឌកម្មទាំងនោះ មានរាប់បញ្ចូលទាំងការបង្កកទ្រព្យសម្បត្តិ នៅសហរដ្ឋអាមេរិក - ហាមឃាត់ទិដ្ឋាការ មិនឱ្យចេញចូល លើទឹកដីសហរដ្ឋអាមេរិក និងមិនឱ្យធ្វើជំនួញ ជាមួយនឹងសហរដ្ឋអាមេរិក។
ការអនុម័តសេចក្ដីស្នើច្បាប់ខាងលើ ក្នុងជំហានដំបូងនេះ ទទួលបានប្រតិកម្មយ៉ាងវែងអន្លាយ ពីរបបក្រុងភ្នំពេញ តាមរយៈសេចក្ដីថ្លែងការណ៍មួយ របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។
សេចក្ដីថ្លែងការណ៍នោះ ដែលចេញផ្សាយ នៅនៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ បានសម្តែងការសោកស្តាយ និងការខកចិត្ត ចំពោះខ្លឹមសារនៃសេចក្តីព្រាងច្បាប់ «HR 526» ហើយបានហៅការលើកឡើង របស់អត្ថបទស្នើច្បាប់ខាងលើ ថាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ដោយផ្អែកទៅលើព័ត៌មានបំភ្លៃ លំអៀង និងព័ត៌មានចាស់ហួសសម័យ ក្រោមហេតុផលនយោបាយ និងស្តង់ដារពីរ៕
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃ ១៦ ខែកក្កដា…
Posted by Ministry of Foreign Affairs and International Cooperation – MFA.IC on Tuesday, July 16, 2019