កម្ពុជា

សន្តិវង្សត្រកូល ហ៊ុន៖ ហ៊ុន សែន ទូលស្ដេចថា នឹងឲ្យកូន​បន្តតំណែង

[ សន្តិវង្សត្រកូល ហ៊ុន ] លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនតិចជាង៣៧ឆ្នាំ នៅកម្ពុជា បានអះអាងឲ្យដឹងជាថ្មីថា លោកកំពុងត្រៀមដកខ្លួន ហើយដាក់កូនរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឲ្យស្នងតំណែងបន្តពីលោក។ ការធ្លោយមាត់បញ្ជាក់ជាថ្មី របស់បុរសខ្លាំង ធ្វើឡើងក្នុងឱកាសនាំលោក ហ៊ុន ម៉ាណែត ចូលគាល់ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី កាលពីថ្ងៃសៅរ៍ ទី២២ ខែមករាកន្លងមកថ្មីៗ។

ក្រុមអ្នកវិភាគឯករាជ្យទាំងឡាយ បានរិះគន់ការដឹកដៃ​នាំកូនប្រុស ចូលថ្វាយបង្គុំព្រះមហាក្សត្រ ថាជាការធ្វើឡើង ជាលក្ខណៈ«គ្រួសារនិយម» និងខុសតួនាទី ជាពិសេសតួនាទីរបស់លោក ហ៊ុន ម៉ាណែត ដែលពួកអ្នកវិភាគចាត់ទុកថា មិនបានធ្វើអ្វីធំដុំ សម្រាប់ប្រទេសជាតិ។

នៅចំពោះការរិះគន់នេះ លោក ហ៊ុន សែន បានយកពិធីបើកការដ្ឋានសាងសង់ស្ពាន តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ (រាជធានីភ្នំពេញ) ត្រង់ចំណុចប្រសព្វស្ពានឬស្សីកែវ ឆ្លងកាត់ទន្លេសាប ក្នុងព្រឹកថ្ងៃចន្ទ ងៃទី៣១ ខែមករា ឆ្នាំ២០២២ ធ្វើការវាយបកទៅកាន់ក្រុមអ្នកវិភាគវិញ យ៉ាងចាស់ដៃថា៖

«ខ្ញុំគ្រាន់តែផ្ដាំអ្នក[វិភាគ]ឲ្យស្គាល់[ថា] ម៉ាណែត ក្នុងមួយរយៈកាល នៃការប្រឆាំងកូវិដនេះ ខិតខំយ៉ាងខ្លាំងដើម្បីការពារព្រះបុរមរាជវាំង រៀបចំដើម្បីឲ្យព្រះបរមរាជវាំង មានសុវត្ថិភាព។ អញ្ចឹង ការដែលខ្ញុំនាំកូនទៅ ដើម្បីទូលថ្វាយ… ហើយខ្ញុំនិយាយឲ្យត្រង់ទៅ ក៏ដើម្បីបញ្ជាក់ថ្វាយព្រះអង្គដែរថា ថ្ងៃក្រោយទូលបង្គុំដកខ្លួនហើយ ឲ្យកូនបន្តទៅ។»

លោកហៅក្រុមអ្នកវិភាគទាំងនោះ ថាជាក្រុម«អត់ការងារធ្វើ»។ លោកបន្តថា៖

«អើយផ្ដាំផ្ញើរទៅ ប្រឹងរៀនសូត្រទៅ ! ក្រែងលោបានចេះដឹងអី ថ្ងៃក្រោយទៅ មកធ្វើនយោបាយអី នៅស្រុកខ្មែរ កុំនាំគ្នាវិភាគឡប់ៗអញ្ចឹង។ ប៉ិនសំណាងដែរ ស្រុកយើង… ដោយសារតែវាឡប់ហ្នឹងហើយ បានជាវាមិនដែលឈ្នះ៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។