បុរសជាតិវៀតណាមម្នាក់ អាយុ៣៩ឆ្នាំ ដែលទើបនឹងធ្វើដំណើរ ចេញពីកម្ពុជា ត្រូវបានធ្វើតេស្ដិ៍ រកឃើញថា ឈឺជំងឺ«Covid-19» កាលពីល្ងាចថ្ងៃសៅរ៍ម្សិលម៉ិញ។ នេះ បើតាមការផ្សាយ កាលពីមុននេះបន្តិច របស់ទីភ្នាក់ងារព័ត៌មាន «VNA» ដែលជាទីភ្នាក់ងារផ្លូវការ របស់រដ្ឋវៀតណាម។
របាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការវៀតណាម បានធ្លាក់មកដល់ នៅខណៈប្រទេសកម្ពុជា បានប្រកាសថា ខ្លួនគ្មានករណីឆ្លងថ្មីទៀត តាំងពីជាងមួយខែមកហើយ និងបានព្យាបាលអ្នកជំងឺទាំងអស់ ឲ្យបានជាសះស្បើយ ជាស្ថាពរ។
ទីភ្នាក់ងារ «VNA» អះអាងថា បុរសរូបនោះ ជាអ្នកជំងឺម្នាក់ ពីក្នុងចំណោមអ្នកជំងឺ៤នាក់ ដែលត្រូវបានរកឃើញ មានផ្ទុកមេរោគដ៏ចង្រៃ និងសុទ្ធសឹងជា «ករណីនាំចូល» ពីក្រៅប្រទេស។ ការរកឃើញ ករណីឆ្លងថ្មីខាងលើ ធ្វើឲ្យចំនួនអ្នកឈឺជំងឺ «Covid-19» នៅក្នុងប្រទេសវៀតណាម កើនឡើងដល់ ៣១៨នាក់ ខណៈចំនួនអ្នកជំងឺ ដែលស្ថិតនៅក្រោម ការព្យាបាលនៅឡើយ នៅសល់ចំនួន ៥៨នាក់។
រីឯសារព័ត៌មាន «VNexpress» វិញ បានរៀបរាប់លំអិតបន្ថែម អំពីករណីបុរសជនជាតិវៀណាមខាងលើ ថាជាអ្នករស់នៅក្នុងស្រុក តាន់ចូវ ខេត្តតាយនីញ (ខេត្តរោងដំរី នៅកម្ពុជាក្រោម) ជាប់ព្រំដែនកម្ពុជា។
«VNExpress» បញ្ជាក់ថា បុរសវៀតណាម អាយុ៣៩ឆ្នាំ បានធ្វើដំណើរ ទៅកាន់ខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែមករា ហើយបានធ្វើដំណើរ ចេញពីកម្ពុជា ដើម្បីវិលត្រឡប់ ទៅវៀតណាមវិញ កាលពីថ្ងៃទី២ ខែឧសភា។ ការធ្វើដំណើរនោះ ធ្វើឡើងតាម«ផ្លូវរបៀង» ដោយជិះម៉ូតូ និងបើកបរដោយបុរសម្នាក់ទៀត ជាជនជាតិកម្ពុជា ឆ្ពោះទៅកាន់ផ្ទះម្ដាយមីង ដែលស្ថិតក្នុងស្រុកតាន់ចូវ។
ពួកគេជិះម៉ូតូ តាមផ្លូវរបៀង ដោយហេតុថា ព្រំដែនកម្ពុជា-វៀតណាម ត្រូវបានបិទ តាំងពីដើមខែមេសាមកម្លេះ។
បន្ទាប់ពីស្ដាប់យោបល់ របស់ម្ដាយមីងរបស់គាត់រួច បុរសរូបនេះ បានរាយការណ៍ ពីការវិលត្រឡប់របស់ខ្លួន ទៅប៉ុស្ដិ៍នគរបាលនៅក្បែរនោះ មុននឹងត្រូវបានដាក់ ឱ្យស្ថិតនៅដាច់ដោយឡែក តាំងពីថ្ងៃទី៣ ខែឧសភា។ ហើយក្រុមគ្រូពេទ្យ បានទៅយកឈាមរបស់គាត់ទៅពិនិត្យ នៅថ្ងៃទី៥ ខែឧសភា។
សារព័ត៌មានអះអាងទៀតថា ការធ្វើតេស្ដិ៍ដំបូង បង្ហាញថា គាត់មិនមានរោគសញ្ញាអ្វីទេ។ ប៉ុន្តែ ការធ្វើតេស្តលើកទីពីរ កាលពីថ្ងៃសុក្រទី១៥ ខែឧសភាកន្លងមក បានបង្ហាញលទ្ធផលវិជ្ជមាន នៃមេរោគ«Covid-19»។
នៅពេលនេះ បុរសអាយុ៣៩ឆ្នាំ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យធំ របស់ខេត្តតាយនិញ (ខេត្តរោងដំរី នៅកម្ពុជាក្រោម) ខណៈមនុស្ស ១៧នាក់ផ្សេងទៀត ដែលបានប្រាស្រ័យទាក់ទងជាមួយគាត់ ត្រូវបានមន្ត្រីសុខាភិបាល នាំយកទៅនៅ ដាច់ដោយឡែក និងរង់ចាំការធ្វើតេស្ដិ៍។
ករណីរកឃើញខាងលើ បានបន្ថែមតួលេខ ទៅលើការរកឃើញ ជាច្រើនកន្លងមក អំពីករណីឆ្លងជំងឺ «Covid-19» បន្ទាប់ពីអ្នកជំងឺទាំងនោះ បានចាកចេញពីកម្ពុជា ទៅក្រៅប្រទេស ក្នុងនោះមាន ការធ្វើដំណើរ ទៅកាន់ប្រទេសវៀតណាម ចិន ម៉ាឡេស៊ី និងប្រទេសជប៉ុនជាដើម៕