អ្នកជំងឺ ២នាក់ទៀត បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ (Covid-19)។ ជនរងគ្រោះទាំងពីររូបនោះ ដែលម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀត ជាជនជាតិចិន ត្រូវបានដាក់ឲ្យព្យាបាលដំបូងឡើយ នៅទីកន្លែងផ្សេង ពីមន្ទីរពេទ្យរុស្ស៊ី។ រហូតលុះត្រាស្ថានភាពជំងឺធ្ងន់ធ្ងរ ទើបពួកគេត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យធំរបស់រដ្ឋ។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ដែលចេញផ្សាយឲ្យដឹង នៅមុននេះបន្តិច បានបញ្ជាក់ថា បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ បានទទួលមរណភាព ក្នុងមន្ទីរពេទ្យរុស្ស៊ី (ភ្នំពេញ) នៅវេលាម៉ោង៧និង៣៥នាទី ព្រឹកថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១កន្លងមក។ ក្នុងជំហានដំបូង អ្នកជំងឺត្រូវបានដាក់ ឲ្យនៅសម្បាកព្យាបាល នៅក្នុងសណ្ឋាគារ «Great Duke» តែត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្រោយពីអ្នកជំងឺបានប្ដូរអាការៈហត់ខ្លាំង។
អ្នកជំងឺជនជាតិខ្មែរខាងលើ ជាអ្នករស់នៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ័សែនជ័យ (ភ្នំពេញ) និងមានស្រុកកំណើត ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ លោកជាពិធីករ Freelance តាមរោងការ និងធ្លាប់ធ្វើការជាមួយតារាកំប្លែង សេង ចិន្តា (ហៅក្អីត)។ គ្រូពេទ្យបានអះអាងថា លោកមានអាការៈ រលាកសួតធ្ងន់ធ្ងរទាំងសងខាង ដែលធ្វើសួតចុះខ្សោយខ្លាំង ក្រោមការវាយលុករបស់មេរោគកូវីដ។
រីឯបុរសជនជាតិចិន អាយុ៤៣ឆ្នាំ ជាបុគ្គលិកកាស៊ីណូ នៅស្រុកកោះធំ ខេត្តកណ្តាល។ លោកបានផុតដង្ហើម វេលាម៉ោង៧និង៤៥នាទី ព្រឹកថ្ងៃព្រហស្បត្តិ៍ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងបានអះអាងថា ដំបូងឡើយ បុរសជនជាតិចិន ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យជ័យជំនះ (ខេត្តកណ្ដាល)។ តែដោយសារ«ការថយចុះ» នូវខ្យល់អ៊ុកស៊ីសែន សម្រាប់អ្នកជំងឺដកដង្ហើម ទើបបុរសចិនរូបនេះ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យរុស្ស៊ី នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។
មកដល់ថ្ងៃនេះ បើគិតរួមទាំងជនរងគ្រោះផ្សេងទៀត ដែលបានស្លាប់ ក្នុងមណ្ឌលធ្វើចត្តាឡីស័ក និងក្នុងអំឡុងពេលសម្រាកព្យាបាល នៅឯមន្ទីរពេទ្យផង ប្រទេសកម្ពុជាមានអ្នកស្លាប់ ១២នាក់ហើយ។ ជនរងគ្រោះ៧នាក់ ត្រូវបានអាជ្ញាធរសុខាភិបាល អះអាងថា ទទួលមរណភាពដោយជំងឺកូវីដ-១៩។ រីឯជនរងគ្រោះ៥នាក់ទៀត (ក្នុងនោះ២នាក់ជាជនជាតិចិន) ត្រូវបានអាជ្ញាធរប្រកាសថា ស្លាប់ដោយសារជំងឺ«ខ្យល់គ» «គាំងបេះដូង» ឬមានអាការៈ«ញៀនថ្នាំ»ជាដើម។
ក្នុងសេចក្ដីប្រកាសព័ត៌មានមួយផ្សេងទៀត ដែលចេញផ្សាយក្នុងព្រឹកថ្ងៃទី២៥ ខែមីនាដដែល ក្រសួងសុខាភិបាលបានអះអាងថា មកដល់ម៉ោងនេះ កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ-១៩ សរុបមានចំនួន ១៨៧២នាក់ ក្នុងនោះអ្នកជំងឺដែលបានជាសះស្បើយ មានចំនួន ១០៥៦នាក់ ខណៈអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ មានចំនួន ៨០៩នាក់។
រីឯអ្នកជំងឺថ្មី ដែលត្រូវបានរកឃើញវិជ្ជមានកូវីដ ក្នុងថ្ងៃនេះ មានចំនួន៥៥នាក់ ដែលសុទ្ធសឹងជាករណីឆ្លង ក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ»៕