កម្ពុជា

ហ៊ុន សែន ថាខេត្តដែលកំហិត​ឲ្យធ្វើ​ចត្តាឡីស័ក ជា«ការបង្កើតរដ្ឋ​ក្នុងរដ្ឋ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅការសម្រេច របស់អភិបាលខេត្តក្រុងមួយចំនួន ថាជា«ការបង្កើតរដ្ឋ​ក្នុងរដ្ឋ» ជុំវិញសេចក្ដីសម្រេច​របស់ពួកគេ ក្នុងការដាក់កំហិតឲ្យធ្វើចត្តាឡីស័ក សម្រាប់ពលរដ្ឋណាដែលធ្វើដំណើរឆ្លងខេត្ត។ បុរសខ្លាំងនៅកម្ពុជា បានបញ្ជាឲ្យមេដឹកនាំ នៅតាមខេត្តក្រុងទាំងនោះ ត្រូវធ្វើការផ្លាស់ប្ដូរ​សេចក្ដីសម្រេច​នោះ​ជាបន្ទាន់។

ក្នុង«សារសម្លេងពិសេស»មួយ របស់លោក ហ៊ុន សែន ដែលបានធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន នៅមុននេះបន្តិច បានឲ្យដឹងថា បើគ្រប់​ខេត្តនីមួយៗ ដាក់កំហិតឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ ចំពោះរាល់ពលរដ្ឋ ដែលធ្វើដំណើរ​ពីខេត្ត-ក្រុង​ផ្សេង នោះ«វាមិនខុសពីចែកប្រទេសកម្ពុជា ទៅជា២៥ប្រទេស»នោះឡើយ។ លោកថា៖

«ឆ្លងពីខេត្តមួយ ចូលខេត្តមួយ ត្រូវធ្វើចត្តាឡីស័ក ចេញពីខេត្តនោះ ចូលមកខេត្តនេះវិញ ធ្វើចត្តាឡីស័ក… បើដូច្នោះ តើយើងរស់នៅរបៀបម៉េច?»

បុរសខ្លាំង ដែលអង្គុយក្នុងកៅអីនាយករដ្ឋមន្ត្រី ជិត៤០ឆ្នាំ បានពន្យល់ថា៖

«យើងបន្តគ្រប់គ្រង និងធ្វើចត្តាឡីស័ក ចំពោះអ្នកដែលសង្ស័យ​ ថាមានហនិភ័យអាចនឹងមានកូវីដ-១៩ (Covid-19) ដើម្បីទៅយកសំណាក ហើយឲ្យធ្វើចត្តាឡីស័ក ប៉ុន្តែមិនមែនធ្វើចំពោះគ្រប់មនុស្សទាំងអស់ ដែលឆ្លងកាត់ខេត្ត​របស់​ខ្លួន​នោះទេ។ បើធ្វើយ៉ាងដូច្នេះ ប្រជាជនហាក់​ដូចជា​នៅក្នុងទ្រុងដដែល។»

«អញ្ចឹងសុំឲ្យឯកឧត្ដមលោកជំទាវណា ដែលបានចេញសេចក្ដីសម្រេចហួសទៅហើយ ត្រូវកែប្រែសេចក្ដីសម្រេច​នោះវិញ ជាបន្ទាន់ ដើម្បីសម្រួល​​ឲ្យមានការចរាចរណ៍ សម្រាប់ប្រជាពលរដ្ឋ។»

ការបន្ទោសពីសំណាក់លោក ហ៊ុន សែន ទៅរាល់អភិបាលខេត្ត-ក្រុងនានា មិនមែនជារឿងថ្មីទេ។ កាលពីពាក់​កណ្ដាល​ខែមីនា មេដឹកនាំ​កម្ពុជារូបនេះ បានបន្ទោសក្រុមមន្ត្រីទាំងនោះ ដោយចោទពួកគេថា «មិនចេះប្រើ​សិទ្ធិ​អំណាច» ដែលលោកផ្ដល់ឲ្យ ក្នុងការហាមឃាត់​ពិធីមង្គលការ ឬការជួបជុំនានា ធ្វើឲ្យផ្ទុះការរីករាលដាល នៃការឆ្លង​ជំងឺកូវីដ-១៩ ពីអ្នកមានជំងឺកូវីដ-១៩ មកពីខេត្ត-ក្រុងផ្សេង ទៅកាន់​អ្នកចូលរួម​ជាច្រើនទៀត ជាបន្តបន្ទាប់។

លោក ហ៊ុន សែន បានថ្លែងនៅពេលនោះថា៖

«រឿងនេះ ខ្ញុំបានប្រគល់សិទ្ធិ ទៅដល់ឯកឧត្ដមលោកជំទាវស្រេចទៅហើយ នៅឡើយតែឯកឧត្ដមលោកជំទាវ ចេះ​ប្រើប្រាស់​នូវសិទ្ធិ ដែលខ្ញុំបាន​ផ្ដល់នោះ របៀបណាតែប៉ុណ្ណោះ៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។