កម្ពុជា

COvid-19៖ ហ៊ុន សែន បញ្ជាឲ្យបិទការធ្វើដំណើរ​ឆ្លង​ ខេត្ត-​ក្រុង-​រាជធានី

នៅមិនដល់ប៉ុន្មានម៉ោងទៀតទេ ការដំណើរឆ្លង ខេត្ត-​ក្រុង-​រាជធានី នឹងត្រូវផ្អាក រហូតដល់យប់​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ខាងមុខ។ នេះ បើតាមបញ្ជា«បន្ទាន់»មួយ របស់លោក ហ៊ុន សែន ដែលចេញផ្សាយ នៅល្ងាចថ្ងៃព្រហស្បត្តិ៍ ទី៩ ខែមេសានេះ ដើម្បីទប់ស្កាត់ការរាតត្បាត នៃជំងឺ«Covid-19»។

បទបញ្ជាបន្ទាន់ ដែលលោក ហ៊ុន សែន ពន្យល់ថា គ្មានជម្រើសណា ល្អជាងនោះ គឺបម្រាម បិទការធ្វើដំណើរឆ្លងកាត់ ចេញចូលរាជធានីភ្នំពេញ និងធ្វើដំណើរឆ្លងកាត់ ពីខេត្តមួយទៅខេត្តមួយ ក៏ដូចជាពីស្រុកមួយ ទៅស្រុកមួយ។ បំរាមនេះ ចាប់ផ្តើមអនុវត្ត ពីម៉ោង ២៤៖០០ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង ២៤៖០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

ហាមធ្វើដំណើរឆ្លង «ខេត្ត-​ក្រុង-​រាជធានី» លើកលែងតែ…

បទបញ្ជា របស់បុរសខ្លាំងកម្ពុជា ត្រូវបានលើកលែងចំពោះ៖

– ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក
– រថយន្ត និងមធ្យោបាយធ្វើដំណើរ របស់មន្ត្រីរាជការស៊ីវិល គ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្ត ត្រូវ បង្ហាញ ដល់កងកម្លាំង មានសមត្ថកិច្ចត្រួតពិនិត្យ នូវអត្តសញ្ញាណបណ្ណការងាររបស់ខ្លួន
– រថយន្ត និងមធ្យោបាយធ្វើដំណើរ របស់កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ច របស់ខ្លួន
– រថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យរដ្ឋ និងឯកជន
– រថយន្តពន្លត់អគ្គីភ័យ
– រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់
– ការដឹកជញ្ជូនកម្មករ ទៅកាន់ទីកន្លែងការងារ នៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានបណ្ណអនុញ្ញាត ចេញដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
– ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិត បំផុត ដើម្បីទទួលបាន នូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤ (បួន) នាក់ សម្រាប់ករណីនីមួយៗ៕

ដើម្បីសុវត្ថិភាពរបស់ជាតិ និងជីវិតរបស់ប្រជាជន ខ្ញុំពុំមានជម្រើសអ្វីឲ្យល្អជាងការចេញបទបញ្ជាបែបនេះទេ។ …

Posted by Samdech Hun Sen, Cambodian Prime Minister on Thursday, April 9, 2020

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។