មកដល់ម៉ោងនេះ ករណីឆ្លងក្នុងសហគមន៍ នៃអ្នកជំងឺកូវីដ-១៩ (Covid-19) ត្រូវបានរកឃើញ កើនឡើងដល់ចំនួនសរុប ១០៣នាក់។ ខាងក្រោមនេះ ជាតួលេខត្រួសៗ បង្ហាញពីការរកឃើញប្រចាំថ្ងៃ នៃករណីឆ្លងក្នុងសហគមន៍ រាប់ចាប់ពីថ្ងៃទី២០ ខែកុម្ភៈមក៖
រីឯទីតាំងដែលមានការពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវបានរកឃើញ កើនឡើងដល់៤៧ទីតាំង មកដល់រសៀលថ្ងៃទី២៣ ខែកុម្ភៈ។ ពីក្នុងចំណោមនោះ ទីតាំងភាគច្រើនត្រូវបានបិទ ជាបណ្ដោះអាសន្ន ហើយបណ្ដាជនដែលពាក់ព័ន្ធ នៅតាមទីតាំងទាំងអស់ ត្រូវបានស្រក់សំណាក ដើម្បីធ្វើតេស្ដ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
សរុបចំនួនអ្នកឆ្លងជំងឺកូវីដ រាប់តាំងពីខែមករា ឆ្នាំ២០២០ មានចំនួន៥៩៣នាក់ ខណៈអ្នកជំងឺដែលកំពុងសំរាកព្យាបាល ក្នុងមន្ទីរពេទ្យមានចំនួន១១៨នាក់។ រីឯអ្នកជំងឺ ដែលបានជាសះស្បេីយ មានចំនួន៤៧៥នាក់។
ការស្ទុះឡើង នៃការឆ្លងនៅក្នុងសហគមន៍ ដែលមិនធ្លាប់កើតមាន បានតម្រូវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ចាត់វិធានការមួយចំនួន និងជាបន្តបន្ទាប់។ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈមក នាយករដ្ឋមន្ត្រីកម្ពុជាបានចេញសារបន្ទាន់ចំនួនពីរដង ខណៈសារចុងក្រោយ ដែលធ្វើឡើងនៅយប់ថ្ងៃទី២២ ខែកុម្ភៈ ត្រូវបានកត់សម្គាល់ ដោយការប្រកាសបិទសាលារៀន ទាំងសាលារដ្ឋ និងទាំងសាលាឯកជន សម្រាប់រយៈពេល២សប្ដាហ៍៕