កម្ពុជា

កម្ពុជាធ្វើតេស្ដិ៍មនុស្ស ៩៤៤នាក់ ដែលអាចប៉ះពាល់​ប្រមុខការទូត​ហុងគ្រី

រហូតមកដល់ថ្ងៃនេះ មន្ត្រីរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ និងក្រុមគ្រួសាររបស់ពួកគេ ចំនួនសរុប ៩៤៤នាក់ ត្រូវបានធ្វើតេស្ដិ៍ ដើម្បីស្វែងរកមេរោគ «Covid-19» បន្ទាប់ពី​ពួកគេ រងការសង្ស័យ ពីការជាប់ប៉ះពាល់ ដោយផ្ទាល់​និងមិនផ្ទាល់ ជាមួយប្រមុខការទូត នៃប្រទេសហុងគ្រី និងបន្ទាប់ពីអង្គរក្សម្នាក់ ត្រូវបានធ្វើតេស្ដិ៍ ចេញលទ្ធផលវិជ្ជមាន។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលចេញផ្សាយ នៅព្រឹកថ្ងៃចន្ទទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអះអាងថា ចំនួនធ្វើតេស្ដិ៍បានកើនឡើង ដល់ចំនួនខាងលើ បន្ទាប់ពីមនុស្សចំនួន៥២នាក់ ត្រូវបានធ្វើតេស្ដិ៍រួច ក្នុងថ្ងៃអាទិត្យម្សិលមិញ។

កាលពី​ថ្ងៃ​អង្គារ​ទី៣ ខែ​វិច្ឆិកា​ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា ដែលរួមទាំងលោក ហ៊ុន សែន និងរដ្ឋមន្ត្រីគ្រាក់ៗច្រើននាក់ បានរៀបចំ​ពិធីផ្លូវការ​ជាច្រើន ដើម្បីទទួលជួបលោក ភីតធ័រ ស្ស៊ីយ៉ាតូ (Peter Szijjarto) ​​រដ្ឋមន្ត្រី​ការបរទេស និង​ពាណិជ្ជកម្ម​ របស់ប្រទេស​ហុងគ្រី នៅក្នុងដំណើរទស្សនកិច្ចមួយជុំ​របស់លោក នៅទ្វីបអាស៊ី។

ក្នុងជំនួបទាំងនោះ ​មន្ត្រី​ប្រតិភូ​ហុងគ្រី​ពាក់​ម៉ាស់​ទាំងអស់ លើកលែងតែលោក ភីតធ័រ ស្ស៊ីយ៉ាតូ ម្នាក់។ រីឯមន្ត្រីរដ្ឋាភិបាលកម្ពុជាភាគច្រើន រួមនឹងលោក ហ៊ុន សែន ផង មិនឃើញ​ពាក់ម៉ាស់ផងទេ។

នៅ​ថ្ងៃ​អង្គារដដែលនោះ ក្រោយ​គណៈប្រតិភូ​ហុងគ្រី ចាក​ចេញពី​កម្ពុជា ឆ្ពោះទៅ​កាន់​ប្រទេស​ថៃ អាជ្ញាធរ​ថៃ​បាន​ធ្វើ​តេស្ លើរដ្ឋមន្ត្រីការបរទេស​ហុងគ្រីខាងលើ និងរកឃើញ​ថា ប្រមុខការទូតរូបនេះ មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ តែមន្ត្រី​ហុងគ្រី ១២នាក់​ទៀត ដែល​អម​ដំណើរ​ជាមួយ មិន​មាន​ផ្ទុក​ជំងឺ​នេះ​ទេ។

នៅក្រោយការរកឃើញនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ខ្លួន ធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ពោលគឺមួយថ្ងៃក្រោយជំនួប ខណៈបុរសខ្លាំង​រូបនេះ បានបញ្ជាក់ថា ការធ្វើតេស្ដិ៍សម្រាប់ខ្លួនលោក មានលទ្ធផលអវិជ្ជមាន។

ប៉ុន្តែនៅថ្ងៃសៅរ៍ទី៧ ខែវិច្ឆិកា លោក ហ៊ុន សែន បានបញ្ជាឲ្យពង្រីកការធ្វើតេស្ដិ៍ និង​ការដាក់ខ្លួន ឲ្យធ្វើចត្តាឡីស័ក សម្រាប់មន្ត្រីរដ្ឋាភិបាល មន្ត្រីរាជការ និងក្រុមគ្រួសារ​របស់ពួកគេ។

បញ្ជារបស់លោក ហ៊ុន សែន ធ្វើឡើងតាមរយៈសារសម្លេង​មួយ ដែល​ធ្លាក់មកដល់ដៃ​អ្នកសារព័ត៌មាន បន្ទាប់ពីលោកទទួលរបាយការណ៍ថា អង្គរក្សផ្ទាល់ ដែលការពារលោក ភីតធ័រ ស្ស៊ីយ៉ាតូ មានផ្ទុកជំងឺ«Covid-19»។

ក្រសួងសុខាភិបាល​បានអះអាងថា លទ្ធផលដែលទទួលបាន ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា មនុស្សទាំង​«៩៤៤នាក់»​​គឺអវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។ រីឯអង្គរក្ស​ខាងលើ ដែលធ្វើតេស្ដិ៍វិជ្ជមាន កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

ក្រសួងបានក្រើនរំលឹក ក្រុមមនុស្សទាំងអស់ខាងលើ ដែលមានលទ្ធផលតេស្តិ៍ លើកទី១ អវិជ្ជមាន ត្រូវបន្តធ្វើចត្តាឡីស័ក ឲ្យបានគ្រប់១៤ថ្ងៃ និងត្រូវត្រឡប់​មកធ្វី​តេស្ដិ៍ ចំនួន​៣ដងទៀត នៅវិមានមិត្តភាព​នៃទីស្ដីការគណរដ្ឋមន្ត្រី ចាប់ពីម៉ោង០៧ព្រឹក ទៅតាម​កាលបរិច្ឆេទ​ដូចខាងក្រោម៖

– លើកទី២ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០
– លើកទី៣ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
– លើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

មកដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជា បានអះអាងរកឃើញ​អ្នកមាន​វីរុសកូវីដ-១៩ មានចំនួនសរុប២៩៧នាក់ (ស្ត្រី ៦០នាក់ និងបុរស ២៣៧នាក់) ក្នុងនោះ​អ្នកជំងឺ ដែលទទួលការព្យាបាល បានជាសះស្បើយ មានចំនួនសរុប ២៨៨នាក់ នៅទូទាំង​ប្រទេស ខណៈអ្នកជំងឺកំពុងបន្ត​សម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត (ភ្នំពេញ) មានចំនួន ០៩នាក់ (ស្រី០២នាក់ និងបុរស០៧នាក់)៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។