កម្ពុជា

Covid-19៖ កម្ពុជាឈានដល់វគ្គ… ប្រាក់​បៀវត្ស​បរិច្ចាគ

បន្ទាប់ពីវគ្គប្រាក់ជំនួយឧបត្ថម្ភ ពីសំណាក់ក្រុមអ្នកមានទ្រព្យធន ឬឧកញ៉ា ពេលនេះប្រទេសកម្ពុជាបានឈាន មកដល់វគ្គ «ប្រាក់​បៀវត្ស​បរិច្ចាគ» ពីសំណាក់ក្រុមមន្ត្រីគ្រាក់ៗម្ដង។ ព្រះរាជាណាចក្របានឆ្លងកាត់វគ្គ និងដំណាក់កាលច្រើនយ៉ាងនេះ បើទោះជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់ប្រកាសថា កម្ពុជាបានត្រៀមបម្រុងប្រាក់ យ៉ាងហោច៨០០លានដុល្លារ និងរហូតដល់២០០០លានដុល្លារ ដើម្បីទប់ទល់នឹងវិបត្តិជំងឺ «Covid-19» នេះក្ដី។

ការប្រកាសពីប្រាក់ត្រៀមបម្រុងនោះ ធ្វើឡើងកាលពីថ្ងៃទី១០ ខែមីនា កន្លងទៅ ក្នុងពិធីចែកសញ្ញាប័ត្រ ដល់ក្រុមនិស្សិតច្រើនពាន់នាក់ នៃគ្រឹស្ថានសិក្សាឯកជនមួយកន្លែង។ លោក ហ៊ុន សែន បានថ្លែងឡើង នៅពេលនោះថា៖

«រាជរដ្ឋាភិបាល​បម្រុងទុក​នៃថវិកា​ តាមសេណារីយ៉ូ ទី១ ឬទី២។ បើទី១ គឺត្រៀមបម្រុង​ប្រមាណជា​ជិត ៨០០ លាន​ដុល្លារ។ អាហ្នឹង​បើសិនជា ចេញអាសេណារីយ៉ូ វិបត្តិ គេថា វិបត្តិអូសបន្លាយ​៦ខែ។ អារឿងកូរ៉ូណា​អូសបន្លាយ​៦ខែ គឺត្រៀម​ថវិកា​ប្រមាណ​៨០០ លាន ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច។»

«ហើយបើវាទៅដល់១ឆ្នាំ យើងក៏បាន​ប៉ាន់ស្មានថា បើ៦ខែ វាធ្លាក់សេដ្ឋកិច្ច ធ្លាក់កំណើនប៉ុនណា? ផលប៉ះពាល់​វាធំប៉ុនណា? ហើយបាត់បង់​ចំណូលប៉ុនណា? ប្រសិនបើ​វា​កើតដល់​មួយឆ្នាំ តើកំណើន​សេដ្ឋកិច្ច​របស់យើង ​ធ្លាក់នៅប៉ុនណា? ហើយយើង​ត្រូវប៉ះប៉ូវ​ ទំហំ​ទឹកប្រាក់ប៉ុនណា? អញ្ចឹង​វាស្ថិត​នៅក្នុង​ចន្លោះ ពី៨០០លាន ទៅ២០០០លាន​ប៉ុណ្ណឹង ដែលយើង​ត្រៀមបម្រុង។»

ផ្ទុយទៅវិញ មកដល់ថ្ងៃនេះ កញ្ចប់ថវិការត្រៀមបម្រុងទាំងនោះ មិនត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន យកចេញមកប្រើប្រាស់ តាមរយៈវិធានការអ្វី ឲ្យច្បាស់លាស់នៅឡើយ ខណៈការរៃអង្គាស រកប្រាក់ពីសប្បុរសជន បានកើតមានជាហូហែរ និងមានច្រើនវគ្គ។

វគ្គដំបូងគេ គឺជាប្រាក់ជំនួយឧបត្ថម្ភ ពីក្រុមអ្នកមានទ្រព្យធន ឬឧកញ៉ា។ ប្រាក់ជំនួយរបស់ក្រុម​«សប្បុរសជន»​ទាំងនេះ ត្រូវបានលោក ហ៊ុន សែន អះអាង នៅក្នុងសន្និសីទសារព័ត៌មាន នាវិមានរដ្ឋសភាថា មានទំហំប្រមាណជា ៩លានដុល្លារអាមេរិក មកទល់នឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។

បន្ទាប់មក និងរាប់ចាប់ពីល្ងាចម្សិលម៉ិញ មកដល់ថ្ងៃនេះ ព្រះរាជាណាចក្រអច្ឆរិយៈ បាន​ឈានដល់វគ្គ ប្រាក់​បៀវត្ស​បរិច្ចាគ ពីសំណាក់មន្ត្រីជាន់ខ្ពស់ ក្នុងជួររដ្ឋាភិបាល និងនៅតាមក្រសួងមន្ទីរនានា។

យុទ្ធនាការថ្មីមួយនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ផ្ដើមធ្វើមុនគេ តាមរយៈលិខិតមួយរបស់លោក ផ្ញើរទៅរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដោយប្រកាសបរិច្ចាគ​ប្រាក់​បៀវត្សរបស់លោក ចំនួន៧ខែ ទៅឲ្យគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ «Covid-19»។

ភ្លាមៗក្រោយមក មន្ត្រីក្រោមឱវាទរបស់លោក ហ៊ុន សែន ជាច្រើននាក់ ក៏បានប្រកាស​បរិច្ចាគប្រាក់បៀវត្ស របស់ផងខ្លួន ជាបន្តបន្ទាប់ដែរ មុននឹងកាយវិការទាំងនេះ ត្រូវបានប្រព័ន្ធឃោសនា របស់លោក ហ៊ុន សែន យកមកចុះផ្សាយ យ៉ាងគគ្រឹកគគ្រេង។ មន្ត្រីទាំងនោះ រួមមាន បណ្ដារដ្ឋមន្ត្រី ទីប្រឹក្សា សមាជិកសភា​-ព្រឹទ្ធសភា ឧត្ដមសេនីយ៍យោធា-នគរបាល អភិបាលខេត្តក្រុងនានា និងត្រូវរាប់បន្ថែម ដោយមន្ត្រីរាជការ នៅតាមក្រសួងមន្ទីរមួយចំនួនផង។

មកដល់ម៉ោងនេះ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ចេញតួលេខផ្លូវការ ថាបានរកឃើញអ្នកឆ្លងជំងឺ «Covid-19» មានចំនួនកើនឡើង ដល់១១០នាក់ បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺថ្មី ចំនួន១នាក់បន្ថែមទៀត។ ក្រសួងបានប្រកាសបន្ថែមថា ចំនួនអ្នកជំងឺជាសះ បានកើនឡើង ដល់៣៤នាក់៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។