កម្ពុជា

COVID-19៖ កម្ពុជា​មាន​១ករណី​ថ្មី បន្ថែម​តួលេខ​សរុប ដល់​១២៦នាក់

មកដល់ព្រឹកថ្ងៃអាទិត្យនេះ រាជាណាចក្រកម្ពុជា មានករណីឆ្លងជំងឺ«Covid-19» កើនឡើង ដល់​១២៦នាក់ បន្ទាប់ពីបានរកឃើញ​ករណីឆ្លងមួយទៀត នៅក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់​ក្រសួង​សុខាភិបាលកម្ពុជា។

សេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយ ក្នុងព្រឹកថ្ងៃដដែល បានឲ្យដឹងថា អ្នកជំងឺថ្មី​រូបនោះ ជាបុរសខ្មែរ-បារាំង អាយុ៣០​ឆ្នាំ ដែល​បាន​ធ្វើដំណើរ ពី​បារាំង តាមជើងហោះហើរ ពីកូរ៉េខាងត្បូង នៅថ្ងៃទី២៤ ខែឧសភា។

ក្រសួងសុខាភិបាលកម្ពុជា បានលើកឡើង ពីប្រវត្តិធ្វើដំណើរ របស់បុរសខ្មែរ-បារាំងរូបនេះ ថាធ្លាប់បាន ទៅអង់គ្លេស អាល្លឺម៉ង់ បារាំង និង​ឆ្លងកាត់កូរ៉េខាងត្បូង មុននឹងមក​ដល់កម្ពុជា។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា វត្ថុសំណាករបស់អ្នកជំងឺ​ ត្រូវបាន​វិភាគឡើង​វិញ នៅវិទ្យាស្ថានប៉ាស្ទ័រ ក្នុងអំឡុង​ថ្ងៃទី១៣ នៃ​ការធ្វើចត្តាឡីស័ក​ នៅផ្ទះ​របស់គាត់ ហើយ​ទទួលបាន​លទ្ធផល​វិជ្ជមាន នៅ​ថ្ងៃទី​៦ ខែមិថុនា។ បច្ចុប្បន្ន អ្នកជំងឺស្ថិតក្រោម​ការព្យាបាល នៅមន្ទីរពេទ្យ ខ្មែរ-សូវៀត។

នេះ ជាករណីទី១២៦ ដែលកម្ពុជាអះអាងថា បានឆ្លងជំងឺដ៏ចង្រៃ ដែលធ្វើឲ្យតួលេខសរុប នៃករណីឆ្លងក្នុងប្រទេស កើនឡើង ដល់​១២៦នាក់ ​ក្នុងនោះស្រី៣៩នាក់ និងបុរស​៨៧នាក់។

បើតាមតួលេខ ផ្ដល់ដោយអាជ្ញាធរ​សុខាភិបាល​កម្ពុជា បានឲ្យដឹងទៀតថា អ្នកជំងឺ​១២៣នាក់ បានជាសះស្បើយ រីឯករណី៣ចុងក្រោយ ស្ថិតក្រោម​ការព្យាបាលនៅឡើយ។ អ្នកទាំងបីចុងក្រោយ រួមមាន​បុរស​ខ្មែរម្នាក់ ដែលវិល​ត្រឡប់ពីហ្វីលីពីន បុរសខ្មែរ-បារាំង​ម្នាក់ ដែលទើបនឹងរកឃើញ ក្នុងថ្ងៃនេះ (ទាំងពីរនាក់ សម្រាកព្យាបាលនៅពេទ្យរុស្ស៊ី រាជធានីភ្នំពេញ) និងបុរសខ្មែរ​ម្នាក់ទៀត ដែលវិលត្រឡប់ពីថៃ (សម្រាកព្យាបាល​នៅពេទ្យ​ខេត្តមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ)៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។