ប្រទេសកម្ពុជាមានអ្នកឆ្លងរោគ «Covid-19» កើនឡើងដល់ ៥៣នាក់ មកដល់យប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ។ តួលេខខាងលើ ត្រូវបាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ប្រកាសឲ្យដឹង នៅមុននេះបន្តិច ក្រោយពីរកឃើញថា មានជនជាតិបារាំងពីរនាក់ បានឆ្លងជំងឺរលាកផ្លូវដង្ហើម ប្រភេទថ្មី នៅខេត្តព្រះសីហនុ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ដែលចេញផ្សាយ នៅយប់ថ្ងៃសៅរ៍នេះ បានឲ្យដឹង ជនជាតិបារាំងទាំងពីររូប មានវ័យ៦៧ឆ្នាំ និង៨០ឆ្នាំ ជាអ្នកទេសចរណ៍ ដែលចូលមកស្នាក់នៅ ក្នុងសណ្ឋាគារនៅក្រុងព្រះសីហនុ តាំងពីថ្ងៃទី១៨ ខែមីនានោះមក។
តាមគម្រោង អ្នកទេសចរណ៍វ័យចំណាស់ ទាំង២នាក់ ត្រៀមវិលត្រឡប់ ទៅប្រទេសបារាំងវិញ នៅថ្ងៃទី២១ ខែមីនានេះ។ តែដោយហេតុពួកគាត់ ត្រូវបានរកឃើញមានផ្ទុករោគ «Covid-19» ទើបពួកគាត់ត្រូវដាក់ ឲ្យព្យាបាលខ្លួនសិន នៅមន្ទីរពេទ្យខេត្តព្រះសីហនុ។
ដោយឡែក នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រកាសឲ្យដឹងថា មកដល់ម៉ោងនេះ ជាជនជាតិបរទេស (អង់គ្លេស) ម្នាក់ទៀត ត្រូវបានព្យាបាលឲ្យជាសះ ដែលធ្វើឲ្យអ្នកជាសះស្បើយ ពីជំងឺ«Covid-19» មានចំនួន២នាក់ (ចិនម្នាក់ និងអង់គ្លេសម្នាក់)។
នាយកដ្ឋានជំនាញមួយនេះ របស់ក្រសួងសុខាភិបាល បានព្រមានថា លទ្ធភាពនៃការឆ្លងរាលដាល នឹងអាចកេីតមានឡេីង បើទោះជាខ្លួន ពុំទាន់រកឃេីញភ័ស្តុតាង អំពីការឆ្លងជំងឺខាងលើ ចូលក្នុងសហគមន៍ នៅឡេីយក្ដី៕