អ្នកដំណើរពីបស្ចឹមលោក ចំនួន ៥ប្រទេស មានប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងសហរដ្ឋអាមេរិក ត្រូវបានប្រទេសកម្ពុជា ហាមចូល សម្រាប់រយៈពេល៣០ថ្ងៃ ដើម្បីទប់ស្កាត់ការរាតត្បាត នៃមេរោគ«កូរូណា»ថ្មី។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ដែលទើបនឹងចេញផ្សាយ ក្នុងថ្ងៃសៅរ៍ ទី១៤ ខែមិនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា បម្រាមនេះ នឹងត្រូវអនុវត្តន៍ ចាប់ពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ខាងមុខ។
ក្រសួងបានបញ្ជាក់ថា ការសម្រេចផ្អាក អ្នកដំណើរពីប្រទេសទាំងនេះ មានបំណងដើម្បីការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លង នូវជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបណ្ដាលមកពីមេរោគ «Covid-19» ចូលប្រទេសកម្ពុជា។
បម្រាមរបស់ក្រុងភ្នំពេញ ធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជា បានរកឃើញបុរសជនបរទេស ចំនួន២នាក់បន្ថែមទៀត នៅរាជធានីភ្នំពេញ មានផ្ទុកមេរោគខាងលើ។ ក្នុងខណៈនេះ ជនរទេសទាំងពីរនាក់ ត្រូវបានគ្រូពេទ្យ ដាក់ឱ្យនៅបន្ទប់ដាច់ដោយឡែក ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
តាមតួលេខផ្លូវការ មកដល់ថ្ងៃនេះ ប្រទេសកម្ពុជាអះអាងថា បានរកឃើញអ្នកផ្ទុកមេរោគ «Covid-19» ចំនួន៧នាក់ហើយ ក្នុងនោះមានជនជាតិខ្មែមួយរូប និងជនបរទេស៦នាក់។
តុល្យភាពចុងក្រោយ នៃអ្នកឆ្លងជំងឺរលាកផ្លូវដំង្ហើម នៅលើពិភពលោក បានឈានដល់ ១៤៥ ៣៦៩នាក់ ក្នុងនោះប្រទេសចិនមាន ៨០ ៩៧១នាក់ អ៊ីតាលីមាន ១៧ ៦៦០នាក់ អៀរ៉ង់មាន ១១ ៣៦៤នាក់ កូរ៉េខាងត្បូងមាន ៨ ០៨៦នាក់ អេស្បាញមាន ៥ ២៣២នាក់ អាល្លឺម៉ង់ ៣ ៦៧៥នាក់ បារាំងមាន ៣ ៦៦៧នាក់ សហរដ្ឋអាមេរិកមាន ២ ១៧៤នាក់ និងប្រទេសស្វីសមាន ១ ១៣៩នាក់។
គួរឲ្យកត់សម្គាល់ដែរថា ពីក្នុងចំណោមប្រទេស ទាំង៩ខាងលើ ដែលមានចំនួនអ្នកឆ្លងមេរោគខ្ពស់ជាងគេ កម្ពុជាមិនបានធ្វើការហាមឃាត់អ្នកដំណើរ ពីប្រទេសចិន ឬកូរ៉េខាងត្បូងនោះទេ៕