កម្ពុជា

មន្ត្រី CNRP ត្រូវខុទ្ទកាល័យ​ប្រធានាធិបតី​បារាំងទទួលជួប​ នៅសប្ដាហ៍​ក្រោយ

ខុទ្ទកាល័យប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នឹងទទួលជួបតំណាងរបស់គណបក្សសង្គ្រោះជាតិ នៅសប្ដាហ៍​ក្រោយ ដើម្បីអនុញ្ញាតឲ្យពួកគេដាក់ញត្តិទាមទារ និងជម្រាបជូនប្រធានាធិបតីបារាំង ពីស្ថានភាពវិបត្តិនយោបាយ នៅកម្ពុជា។ នេះ បើតាមការអះអាង របស់មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំក្នុងទ្វីបអ៊ឺរ៉ុប។

លោក ទេព មនោរម្យ មន្ត្រីគណបក្សប្រឆាំង ទទួលបន្ទុកព័ត៌មាន និងការផ្សព្វផ្សាយ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក្នុងយប់នេះថា ក្រុមរបស់លោកបានទទួលចម្លើយ នៃការទទួលឲ្យចូលជួបនេះ ពីខុទ្ទកាល័យប្រធានាធិបតីបារាំងនេះ កាលពីម្សិលម្ងៃ (ថ្ងៃអង្គារទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩)។ លោកបន្តអះអាងថា៖

«ខាងខុទ្ទកាល័យ អនុញ្ញាតឲ្យយើងចូលជួបបីនាក់។ តែយើងនៅមិនទាន់ដឹងថា តើឈ្មោះនរណា នឹងត្រូវទៅនៅឡើយទេ យើងមិនទាន់កំណត់ ប៉ុន្តែគេឲ្យជួបបីនាក់។ មានប្រធានចលនាយុវជនម្នាក់ កញ្ញា លឹម កណ្ណិកា ម្នាក់ ហើយពីរនាក់ទៀត មិនទាន់ដឹងច្បាស់ទេ។»

មន្ត្រីគណបក្សប្រឆាំងនៅក្រៅប្រទេសរូបនេះ បានពន្យល់ថា អ្នកដែលត្រូវចាត់ នៅសប្ដាហ៍​ក្រោយ ឲ្យចូលជួបក្នុងខុទ្ទកាល័យប្រធានាធិបតីបារាំងនោះ គួរតែជាមនុស្សដែលមានឥទ្ធិពល ដូចយ៉ាងលោក សម រង្ស៊ី និងភរិយាលោកជាដើម។ លោក ទេព មនោរម្យ ថ្លែងថា៖

«យើងចង់ឲ្យមនុស្ស ដែលមានឥទ្ធិពល ដូចជាលោកប្រធាន សម រង្ស៊ី និងអ្នកមីង សូមូរ៉ា ដែលជាតំណាងរាស្ត្ររបស់យើងចូលជួប ព្រោះពួកយើងចង់ឲ្យពួកគាត់ មានលទ្ធភាព នៅក្នុងការពន្យល់ និងផ្ដល់ព័ត៌មាន ឲ្យរដ្ឋាភិបាលបារាំងមួយចំនួន ទាក់ទងនឹងការរំលោភកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសផង។»

ញត្តិរបស់អ្នកគាំទ្រគណបក្សប្រឆាំង ដែលទស្សនាវដ្ដីបានចូលទៅពិគ្រោះ មានសរសេររៀបរាប់យ៉ាងច្រើន ពីតួនាទីរបស់ប្រទេសបារាំង នៅក្នុងវិបត្តិនយោបាយ នៅកម្ពុជា ជាពិសេសក្នុងនាមប្រទេសនេះ ជាសហប្រធាន និងជាម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១។

ញត្តិដែលដាក់ចំណងជើងថា «សូមប្រទេសបារាំង ជួយកម្ពុជាឲ្យងាកត្រឡប់ មករកលទ្ធិប្រជាធិបតេយ្យវិញ» បានរៀបរាប់ ពីការដឹកនាំតាមបែប«ផ្ដាច់ការ» នៃលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង ដែលបានដាក់ប្រទេសកម្ពុជា ក្នុងរយៈពេលចុងក្រោយបង្អស់នេះ ឲ្យងាកដើរចេញពីវិថីប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ខុសពីរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១។ 

ញត្តិទាមទារនោះ បានសរសេរថា៖

«ក្នុងពេលបច្ចុប្បន្ននេះ យើងមិនអាចនិយាយពីកម្ពុជា ជាប្រទេសនីតិរដ្ឋបានឡើយ តែជាកម្ពុជា នៃរបបផ្ដាច់ការ។ លទ្ធិប្រជាធិបតេយ្យកំពុងស្លាប់ នៅចំពោះមុខយើង។ ហើយយើងមិនអាចទ្រាំបាន នឹងឃើញប្រទេសកម្ពុជាវិនាសនោះឡើយ។ តើយើងអាចទុកឲ្យប្រជាជនកម្ពុជា រស់នៅក្នុងភាពភ័យខ្លាច យ៉ាងដូម្ដេចទៅកើត? តើនៅចំពោះអំពើអយុត្តិធម៌នេះ ប្រទេសបារាំងត្រូវធ្វើអ្វីខ្លះ? តើប្រទេសបារាំង កំពុងធ្វើឲ្យតួនាទីខ្លួន​បាត់បង់ឬ? តើប្រទេសបារាំងនៅឯណា?»

ញត្តិខាងលើ ទទួលបានអ្នកចុះហត្ថលេខាគាំទ្រ ប្រមាណជា២០០០នាក់ មកដល់ម៉ោងនេះ ដែលហួសពីគ្រប់គ្រាន់ សម្រាប់ការដាក់ស្នើ ឡើងទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ឲ្យធ្វើអន្តរាគមន៍ក្នុងតួនាទីខ្លួន យ៉ាងហោចណាស់ ជាសហប្រធាន និងជាម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១។ ញត្តិបានឲ្យដឹងបន្តថា៖

«ប្រទេសបារាំង និងប្រទេសប្រជាធិបតេយ្យជាច្រើនទៀត បានធ្វើអន្តរាគមន៍យ៉ាងឆាប់រហ័ស ក្នុងការគាំទ្រគណបក្សប្រឆាំង នៅក្នុងប្រទេសវេណេស៊ុយអេឡា ដោយប្រើរយៈពេលដ៏ខ្លីមួយប៉ុណ្ណោះ។ ចុះហេតុអ្វីប្រទេសបារាំង មិនធ្វើការប្រឹងប្រែងដូចគ្នានេះ ដើម្បីគាំទ្រឲ្យមានលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា?»៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។