កម្ពុជា

CMAC រកឃើញ​គ្រាប់បែក​«MK82»​ដែល​ទម្លាក់ពី​យន្ដហោះ នៅ​រតនគីរី

ក្រុមអ្នកដោះមីន របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ហៅកាត់ថា «CMAC» បានប្រទះ​រកឃើញ គ្រាប់បែកប្រភេទ «MK82» ដែលត្រូវបាន​ទម្លាក់​​ពីយន្ដហោះ។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល​សកម្មភាពកម្ចាត់មីនកម្ពុជា បានបង្ហើប​ឲ្យដឹង​ពីព័ត៌មានខាងលើ ថាគ្រាប់បែក «MK82» ត្រូវបានរកឃើញ ក្នុងខេត្តរតនគីរី នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

យ៉ាងណា លោក ហេង រតនា មិនបានលំអិតបន្ថែម ពីការរកឃើញនេះទេ។ នៅលើទំព័រ​ហ្វេសប៊ុក​របស់លោក មេដឹកនាំ​«CMAC»​រូបនេះ គ្រាន់តែបានបញ្ជាក់ថា៖

«[គ្រាប់បែកនេះ] មានលក្ខណះបច្ចេកទេសពិសេស ដែលមិនធ្លាប់ជួបប្រទះ កន្លងមក​ ព្រោះមាន​បំពាក់បច្ចេកទេស ដែលករណីមានរំញ័រខ្លាំង ឬប៉ះពាល់​ អាចបង្កផ្ទុះឡេីង។ ប៉ុន្តែទម្លាក់មកបុកដី ហេីយមិនផ្ទុះ​ ដូចនេះអ្នកជំនាញ ទាមទារឱយប្រុងប្រយត្ន័ខ្ពស់!»

តាមឯកសារដែលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ បានសរសេរឲ្យដឹងថា គ្រាប់បែកប្រភេទ «Mark 82» ជាគ្រាប់បែករបស់សហរដ្ឋអាមេរិក ដែលផលិត ចាប់ពី​ទសវត្សរ៍ឆ្នាំ៥០មក។

គ្រាប់បែកប្រភេទនេះ មានទំងន់សរុប ២២៧គីឡូក្រាម (ក្នុងនោះ សារជាតិ​ឬម្សៅផ្ទុះ មានទំងន់​​ប្រមាណ ជា៨៩គីឡូក្រាម) និងមានតម្លៃប្រមាណជា ៤០០០ដុល្លារ ក្នុង​មួយគ្រាប់។ កាំរង្វង់ នៃការផ្ទុះរបស់គ្រាប់បែកនេះ មានរវាងពី១០ម៉ែត្រ ទៅដល់​៣០ម៉ែត្រ៕


រូបភាពគ្រាប់បែកប្រភេទខាងលើ ដែលបំពាក់ជាមួយ យន្ដហោះប្រដេញ​របស់ប្រទេស​បារាំង៖

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។

Tags: BombCMAC