កម្ពុជា

ជុន ច័ន្ទបុត្រ បង្ហើប​ពី​អាថ៌កំបាំង កឹម សុខា-ស ខេង

លោក ជុន ច័ន្ទបុត្រ អ្នកសារព័ត៌មានដ៏ល្បីឈ្មោះ និងជានាយកផ្នែកខេមរភាសា នៃវិទ្យុ​អាស៊ីសេរី (Radio Free Asia) បានបង្ហើបឲ្យដឹង​ពីអាថ៌កំបាំងមួយ ដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ធ្លាប់ខ្សឹប​ប្រាប់លោក កាលពីពេលកន្លងមកថា លោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ និងជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ឈរនៅ​ខាង​គណបក្ស​សង្គ្រោះជាតិ។ 

នេះ ជាការភ្ញាក់ផ្អើលជាថ្មីទៀត នៅចំពោះអាថ៌កំបាំង ដែលបែកធ្លាយជាបន្តបន្ទាប់ និង​ត្រូវបានលោក ជុន ច័ន្ទបុត្រ អះអាងថា លោកបានដឹង​តាមរយៈអ្វីមួយ​ ដែល​អ្នក​សារព័ត៌មាន​រូបនេះ អះអាងថា ជាការខ្សឹបប្រាប់​ពីសំណាក់លោក កឹម សុខា នៅមុន​កិច្ច​សម្ភាស​មួយ កាលពីជិត​២ឆ្នាំមុន។

នៅក្នុងកម្មវិធីផ្សាយ របស់វិទ្យុផ្សាយសម្លេង ពីរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅ​ក្នុង​យប់ថ្ងៃច័ន្ទទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ជុន ច័ន្ទបុត្រ បានស្រង់ការបង្ហើបប្រាប់ ពីសំណាក់ប្រធានគណបក្សប្រឆាំង (កាលពីពេលនោះ​នៅជាអនុប្រធាន) ថា​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង មាន​ជំហរ«នៅខាងលោក (កឹម សុខា)»។

អ្នកសារព័ត៌មានដ៏ល្បីឈ្មោះ បានមានប្រសាសន៍ថា៖

«មានម្ដងនោះ ប្រហែលជាពីរឆ្នាំ​ហើយ បើសិនជាខ្ញុំមិនច្រឡំទេ គឺមុនការសម្ភាស​ជាមួយ​នឹងលោក កឹម សុខា គាត់ខ្សឹប​ប្រាប់ខ្ញុំថា លោក ស ខេង នៅខាងគាត់។ ហេតុអ្វី បានជា​គាត់​ប្រាប់ខ្ញុំ អញ្ចឹង?»

«គាត់ (លោក កឹម សុខា) ថាលោក ស ខេង បានខ្សឹបប្រាប់គាត់ថា ធ្វើយ៉ាងណា​ឲ្យតែ​ម្នាក់​ហ្នឹង គេសប្បាយចិត្តសិនទៅ នោះនឹងងាយ​ដោះស្រាយហើយ។ ម្នាក់ហ្នឹង ដែលលោក ស ខេង ខ្សឹបប្រាប់លោក កឹម សុខា នោះ គឺសំដៅទៅលោក ហ៊ុន សែន នោះតែម្ដង។»។

លោក ជុន ច័ន្ទបុត្រ បានពន្យល់បន្តថា លោកមិនបាន​បញ្ចេញ​រឿង​អាថ៌កំបាំង​ខាង​លើ​នេះ មកជាសារធារណៈនោះទេ ដោយលោកយល់ថា វាអាចជារឿងផ្ទៃក្នុង ឬជាអាថ៌កំបាំង​នយោបាយ រវាងមេដឹកនាំទាំងពីររូប។

លោកថា រហូតលុះត្រា មកដល់ការថ្លែង​ជា​សាធារណៈ ពីសំណាក់លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្សសង្គ្រោះជាតិ កាលពីពេលថ្មីៗ ជុំវិញរឿង​ដ៏សំងាត់​ខាងលើ ទើបលោក​ហ៊ាន​ទម្លាយ រឿង​«ខ្សឹបខ្សៀវ»នេះ មកតាមការ​ផ្សាយ​សម្លេងផ្ទាល់។

កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧កន្លងមក នៅក្នុងកិច្ចពិភាក្សាមួយ ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង លោក សម រង្ស៊ី បានអះអាងថា លោក ស ខេង តែងមានទំនាក់ទំនង​ជា​សំងាត់ ជាមួយលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។

លោក រង្ស៊ី បានបង្ហើប​ថា នៅក្នុងដំណើរតែពីរនាក់ នៅក្នុងច្រកផ្លូវមួយ នៃវិមាន​រដ្ឋសភា​ជាតិ លោក ស ខេង បានទទួលស្គាល់ថា លោកពិបាកធ្វើការជាមួយលោក ហ៊ុន សែន ហើយបានស្នើ​ឲ្យលោក កឹម សុខា សម្របជាមួយនឹងលោក ហ៊ុន សែន។

យ៉ាងណា ការបែបបាក់ផ្ទៃក្នុងណាមួយ នៅក្នុងជួរគណបក្សកាន់អំណាច ត្រូវបានលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសទាត់ចោល និងអះអាងហើយ អះអាងទៀតថា គណបក្ស​ប្រជាជនកម្ពុជា ដែលរឹងមាំបានរហូតមកដល់សព្វថ្ងៃ គឺកើតចេញពី​«សាមគ្គីភាព»។

លោក ហ៊ុន សែន បានថ្លែងដោយសំដីខ្លាំងៗ ប្រាប់ទៅគូបដិបក្ខនយោបាយ​របស់លោក​ថា ពួកគេទាំងនោះ គួរត្រូវមករៀនសូត្រ ពីគណបក្សប្រជាជនកម្ពុជា អំពីសាមគ្គីភាព​នេះ​វិញទៅ។

ជំនួបជាសំងាត់ ឬការទាក់ទងគ្នាដោយស្ងាត់ៗ រវាងលោក ស ខេង និងលោក កឹម សុខា តែងត្រូវបានលេចឮ ជាញយដង នៅក្នុងពេលកន្លងមក ជាពិសេសនៅពេលកំដៅ​នយោបាយ បានផ្ទុះឡើងម្ដងៗ។

កាលពីយប់ថ្ងៃអង្គារ​ទី៨ ខែធ្នូ ឆ្នាំ២០១៥ មេដឹកនាំទាំងពីររូប ត្រូវបានក្រុមមន្ត្រី​ផ្លូវការ​របស់គណបក្សទាំងសងខាង​អះអាងថា បានជួបគ្នាជាសំងាត់ ដើម្បី​ត្រួសត្រាយ​រកផ្លូវ ឲ្យលោក សម រង្ស៊ី បានវិល​ត្រឡប់​ចូលប្រទេសវិញ។

នៅមួយថ្ងៃក្រោយមក អ្នក​នាំពាក្យ​គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទទួលស្គាល់ជំនួបនោះ ថាពិត​ជាមានមែន តែមិនបង្ហើបឲ្យដឹង​ពីសេចក្តី​លម្អិត ទាក់ទងពេលវេលា និង​ទីកន្លែង ​នៃ​កិច្ចប្រជុំ​​រវាង​មេដឹកនាំ​​ទាំង​ពីរ​​​ទេ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។