កម្ពុជា

ទីប្រឹក្សា​នាយករដ្ឋមន្ត្រី​ប្រាប់​មន្ត្រី​ប្រឆាំង គួរ​«ចោលឆ្អឹង»​នៅក្រៅ​ប្រទេស

លោក ជុំ កុសល ទីប្រឹក្សានាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន បានផ្ដល់យោបល់ ឲ្យថ្នាក់ដឹកនាំគណបក្ស​ប្រឆាំង គប្បី«ចោលឆ្អឹង»នៅក្រៅប្រទេស ដើម្បីអ្វីមួយ ដែលមន្ត្រីរដ្ឋាភិបាលរូបនេះ អះអាងថា ជាការរស់នៅសុខសាន្ដ របស់ប្រជាពលរដ្ឋកម្ពុជា។

ការលើកឡើងរបស់លោក ជុំ កុសល ធ្វើឡើងដើម្បីប្រតិកម្មតប ទៅអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ដែលបានបង្ហោះសារខ្លីមួយ កាលពីព្រឹកម៉ិញ នៅលើបណ្ដាញសង្កមថា «ទីក្រុងគុជ នៃប្រទេសហង្សសេដ្ឋកិច្ច ពេលភ្លៀងលិចទឹក រដូវក្តៅដាច់ទឹក ដាច់ភ្លើង !»។

នៅចំពោះសារខ្លី តែមានន័យបែប«ចំអក»ខាងលើ ទីប្រឹក្សានាយករដ្ឋមន្ត្រី ដែលល្បីខាងធ្វើអត្ថាធិប្បាយនយោបាយ ផ្អៀងទៅគណបក្សកាន់អំណាច បានថ្លែងថា អ្វីដែលក្រុមប្រឆាំងត្រូវធ្វើ គឺ«បំផ្លាញ» តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព។

លោក ជុំ កុសល បានសរសេរតប នៅលើគណនីហ្វេសប៊ុករបស់លោកវិញថា៖ 

«ក្នុងខួរក្បាលរបស់ អ៊ាង ឯងនិងគូកន គឺវាដិតដាមដោយលាមកទៅហើយ មិនដែលនិយាយចេញ ពាក្យវិជ្ជមានមួយម៉ាត់ ចំពោះប្រទេសជាតិឯងឡើយ! អ្វី ដែល អ៊ាង ឯងនិងក្រុមខ្លួនត្រូវធ្វើ គឺ “បំផ្លាញ” បំផ្លាញតាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព ទើបអស់ឯងបានស្ងប់។»

មន្ត្រីរដ្ឋាភិបាលកម្ពុជា បានថ្លែងថា៖

«បើជ្រុលតែឯងមើលឃើញ អីចឹងទៅហើយ គប្បីចោលឆ្អឹង នៅក្រៅប្រទេស តែម្តងទៅ កុំបាច់ចូលមកវិញ។ (…) កម្ពុជានៅពេលបាត់រូបពួកអស់ឯង ពីក្នុងប្រទេសទៅ គឺប្រជាពលរដ្ឋរស់នៅបានសុខសាន្ត ល្អប្រសើរជាងកាលពួកឯងនៅ។»

ការលើកឡើរបស់លោក ជុំ កុសល ទទួលបានការបន្ទរ ពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដែលចូលមកដាក់មតិយោបល់ ហៅលោក អេង ឆៃអ៊ាង ថា៖

«អាចង្រៃ ខ្ញុំបរទេស៕»

បើជ្រុលតែឯងមើលឃើញ អីចឹងទៅហើយ គប្បី”ចោលឆ្អឹង”នៅក្រៅប្រទេស តែម្តងទៅ កុំបាច់ចូលមកវិញ ។…

Publiée par Kosal Chum sur Vendredi 26 avril 2019
ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។