កម្ពុជា

រលំអគារចិន៖ យន្ដ មីន លាលែង ខណៈ ញឹម វណ្ណដា ត្រូវ​ដកចេញ​ពីតំណែង

ជាការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបនឹងធ្លាក់មកដល់ នៅមុននេះបន្តិច ទាក់ទងនឹងហេតុការណ៍រលំស្រុតអគារ កំពស់៧ជាន់ កាលពីព្រឹកថ្ងៃសៅរ៍ នៅខេត្តព្រះសីហនុ។ លោក យន្ដ មីន ដែលជាអភិបាលខេត្ត បានសុំលាលែងពីតំណែង ខណៈលោក ញឹម វណ្ណដា ត្រូវដកចេញ ពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម)។

បុរសខ្លាំងកម្ពុជា បានសម្រេចដូច្នេះក្នុងថ្ងៃនេះ ដោយអះអាងថា លោក យន្ដ មីន បានសុំលាលែង ចេញពីតំណែងជាអភិបាលខេត្ត ដោយខ្លួនលោក រីឯលោក ញឹម វណ្ណដា រងទណ្ឌកម្ម ពីការមិនទទួលខុសត្រូវ និងពីការភូតភរ។ លោកនាយករដ្ឋមន្ត្រី បានប្រកាសជាសាធារណៈ នៅលើបណ្ដាញសង្គម ឡើងថា៖

«ក្នុងពេលបំពេញការងារ នៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុបានទទួលស្គាល់កំហុស លើការគ្រប់គ្រង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបណ្តាល ឲ្យមានរឿងឈឺចាប់កើតឡើង។ គាត់បានស្នើមកខ្ញុំ ដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ។»

តុល្យភាពមនុស្សស្លាប់ កើនឡើងដល់២៥នាក់…

មកដល់ព្រឹកនេះ គ្រោះរលំស្រុតអគារ ដែលសង់ដោយក្រុមហ៊ុនចិន បានបណ្ដាលឲ្យមានមនុស្សស្លាប់ រហូតដល់២៥នាក់ហើយ។ នេះ បើតាមតុល្យភាពថ្មី ដែលផ្ដល់ដោយរដ្ឋបាលខេត្តព្រះសីហនុ ដោយបញ្ជាក់បន្ថែមថា ចំនួនមនុស្សរងរបួស នៅមានចំនួន២៤នាក់ដដែល។

អាជ្ញាធរខេត្តមួយនេះ បានអះអាងថា ខ្លួនបានចុះត្រួតពិនិត្យការដ្ឋានសាងសង់អគារខាងលើ ចំនួនពីរដងហើយ និងបានដឹងថា សំណង់មួយនេះ ត្រូវបានសាងសង់ឡើង ដោយគ្មានការអនុញ្ញាត។

តែលោក ហ៊ុន សែន មិនបានលើកឡើង ពីកង្វះចំណាត់ការរបស់អាជ្ញាធរខេត្ត នៅក្នុងការសម្រេចរបស់លោកទេ។ លោកនាយករដ្ឋមន្ត្រី បានបន្តឲ្យដឹងថា៖

«ខ្ញុំបានយល់ព្រមឲ្យគាត់ [យន្ដ មីន] លាលែង និងបានពិភាក្សា ជាមួយសម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយ ក៏ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករក និងសង្រ្គោះតទៅទៀត រហូតចប់កិច្ចការ និងអភិបាលខេត្តថ្មី ចូលកាន់តំណែង។»

លោក ហ៊ុន សែន បានសរសេរបញ្ជាក់ថា៖

«ខ្ញុំក៏សូមបញ្ជាក់ថា ថ្ងៃនេះខ្ញុំបានសម្រេចចិត្ត ដកឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវ និងភូតភរ៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។