កម្ពុជា

ឈុំ សុជាត ប្រដៅអ្នកសារព័ត៌មាន កុំ«បន្ទរ»តាមព័ត៌មានក្លែងក្លាយ

ក្នុងឋានៈជាអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត កំពុងតាំងខ្លួន ជាអ្នកប្រដៅអ្នកសារព័ត៌មាន ថាកុំចេះតែចុះផ្សាយ «បន្ទរ»​តាមព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យខុស​«វិជ្ជាជីវៈ»​របស់ខ្លួន។

ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែកក្កដានេះ នៅសាលប្រជុំនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ឈុំ សុជាត បាននិយាយរំឭកឡើងវិញ អំពីការចុះផ្សាយ របស់សារព័ត៌មាន «The Wall Street Journal» ដ៏ល្បី​របស់អាមេរិក ជុំវិញ«កិច្ចព្រមព្រៀងសម្ងាត់» រវាងកម្ពុជា-ចិន អនុញ្ញាតឲ្យចិន ប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករបស់កម្ពុជា នៅ«រាម» ខេត្តព្រះសីហនុ។

នៅក្នុងសន្និសីទនោះ លោកបានអះអាងជាថ្មីថា កម្ពុជាមិនមានកិច្ចព្រមព្រៀងណាមួយ ជាមួយចិន ឱ្យមានមូលដ្ឋានកងទ័ពចិន នៅលើទឹកដីកម្ពុជា ដូចការចុះផ្សាយនោះឡើយ។ លោកបានបន្ទោស ការផ្សព្វផ្សាយរបស់សារព័ត៌មានខាងលើ រួមនឹងសារព័ត៌មានផ្សេង ដែលបានស្រង់យកមកផ្សាយបន្តនោះ ថាជាការផ្សាយ​«ព័ត៌មានក្លែងក្លាយ (Fake News)» ដែលគ្មានវិជ្ជាជីវៈ ដែលហាក់មានចេតនាបំផ្លាញ ដល់សន្តិសុខរបស់កម្ពុជា និងអធិបតេយ្យភាព​របស់កម្ពុជា។

លោក ឈុំ សុជាត បានទាមទារ​ឲ្យ​«ក្រុម»​ដែល​«បំភ្លៃព័ត៌មាន» អំពីមូលដ្ឋានទ័ពបរទេស នៅកម្ពុជានោះ គួរតែបញ្ឈប់​«ប្រតិដ្ឋ»​រឿងនេះតទៅទៀត។ បន្ទាប់មក លោកបានតាំងខ្លួន ជាអ្នកប្រដែប្រដៅ ទៅកាន់អ្នកសារព័ត៌មានថា៖

«ហើយសារព័ត៌មានទាំងអស់ ក៏មិនត្រូវ”បន្ទរ” តាមព័ត៌មានក្លែងក្លាយ ដែលធ្វើឱ្យខុសវិជ្ជាជីវៈរបស់ខ្លួននោះដែរ។»

បើតាមទិន្នន័យ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ បានឲ្យដឹងថា សារព័ត៌មាន «The Wall Street Journal» ដែលបង្កើតឡើងតាំងពីឆ្នាំ ១៨៨៩ គឺជាកាសែតបោះពុម្ភ​ចេញផ្សាយប្រចាំថ្ងៃ ដែលលក់ដាច់ជាងគេ នៅលើពិភពលោក។

ក្នុងសហរដ្ឋអាមេរិក រាប់ពីខែតុលា ឆ្នាំ២០០៩មក សារព័ត៌មានមួយនេះ ដែលមានទីតាំងនៅក្រុងញ៉ូយក មានអតិថិជនជាវមកអាន ច្រើនជាង​សារព័ត៌មាន ដ៏មានប្រជាប្រិយមួយទៀត ហៅថា «USA Today» នោះផងទៀត។

កាលពីដើមសប្ដាហ៍នេះ រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ បានអះអាងថា រដ្ឋាភិបាលក្រុងភ្នំពេញ មិនមានគម្រោងប្ដឹង សារព័ត៌មានខាងលើ ឬចង់ឲ្យសារព័ត៌មាននេះ ចុះផ្សាយកែតម្រូវឡើងវិញ ទាក់ទងនឹង​«កិច្ចព្រមព្រៀង​សម្ងាត់»​នោះទេ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។