កម្ពុជា

បាតុកម្មខ្មែរនៅមុខ EU ស្នើឲ្យ​បង្កក​ទ្រព្យ​និងព្យួរ​ទិដ្ឋការ​មន្ត្រីស្និត ហ៊ុន សែន

ពលរដ្ឋខ្មែរ និងពលរដ្ឋមានដើមកំណើតខ្មែរ រួមនឹងមិត្តបរទេស ជាច្រើនរយនាក់ ដែលរស់នៅក្នុងទ្វីបអ៊ឺរ៉ុបខាងលិច បានជួបជុំគ្នាក្នុងថ្ងៃសុក្រ ទី១ ខែមិនា ឆ្នាំ២០១៩នេះ ដើម្បីធ្វើបាតុកម្មនៅខាងមុខអាគារនៃសហភាពអ៊ឺរ៉ុប (EU) ក្នុងបំណងស្នើទៅស្ថាប័នកំពូលអ៊ឺរ៉ុប ឲ្យបន្ថែមទណ្ឌកម្មផ្សេងទៀត ដាក់លើមន្ត្រីគ្រាក់ៗ នៃរបបដឹកនាំរបស់លោក ហ៊ុន សែន និងក្រុមគ្រួសារបស់ពួកគេ ប្រសិនណាជារបបគ្រប់គ្រងមួយនេះ មិនងាកមករកការដឹកនាំ តាមបែបប្រជាធិបតេយ្យវិញនោះ។

ក្រុមបាតុករក៏បានដាក់ញត្តិ ដែលមានហត្ថលេខី​ចំនួន៤០០០​នាក់ ទៅកាន់សហភាព​អ៊ឺរ៉ុប​ដែរ ដើម្បីអ្វីមួយដែលពួកគេអះអាងថា ជាការទាមទារឲ្យសហភាពអឺរ៉ុប ជួយប្រទេសកម្ពុជា​ត្រឡប់មកកាន់ផ្លូវប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សវិញ។

លោក ថៃ មករា មន្ត្រីសម្របសម្រួលរបស់គណបក្សសង្គ្រោះជាតិ ក្នុងទ្វីបអ៊ឺរ៉ុប ដែលជាអ្នករៀបចំបាតុកម្មម្នាក់ ក្នុងចំណោមអ្នករៀបចំជាច្រើននាក់នោះ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា រថយន្ដក្រុងធំៗចំនួន៣គ្រឿង បានដឹកជញ្ជូនបាតុករ ពីទីក្រុងធំៗបីផ្សេងគ្នា ដើម្បីទៅជួបជុំគ្នានៅលើទីលាន «Luxembourg» កណ្ដាលរាជធានីព្រុយហ្សែល (ប៊ែលហ្សិក) មុននឹងដើរដង្ហែជាក្បួន ឆ្ពោះទៅកាន់ទីលានមុខអាគារសហភាពអ៊ឺរ៉ុប។

លោកបន្តថា ក្រៅពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធ «EBA» ដែលជាទណ្ឌកម្មដ៏សំខាន់មួយ ដាក់ប្រឆាំងនឹងរបបដឹកនាំរបស់លោក ហ៊ុន សែន ក្រុមបាតុករបានទាមទារ ឲ្យសហភាពអ៊ឺរ៉ុប ដាក់ទណ្ឌកម្ម​ដោយផ្ទាល់បន្ថែមទៀត ទៅលើមន្ត្រីសំខាន់ៗ នៃរបបនេះ និងក្រុមគ្រួសាររបស់ពួកគេ។

ចំពោះកញ្ញា លឹម កណ្ណិកា ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ក្នុងប្រទេស​បារាំង ដែលមានវត្តមាននៅក្នុងបាតុកម្មនោះដែរ បានអះអាងថា បាតុកម្មនេះធ្វើឡើងសំដៅសុំឲ្យសហភាពអ៊ឺរ៉ុប ឈប់ទទួលស្គាល់រដ្ឋាភិបាលលោក ហ៊ុន សែន សព្វថ្ងៃ បើសិនជារដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា មិនដោះលែងប្រធានគណបក្សប្រឆាំង លោក កឹម សុខា ឬស្ដារលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាឡើងវិញទេនោះ។

គេបានឮសូរសម្រែករបស់កញ្ញា លឹម កណ្ណិកា ក៏ដូចជាបាតុករផ្សេងទៀត ជាភាសាបារាំង និងអង់គ្លេសថា៖

«អ៊ឺរ៉ុបត្រូវជួយប្រទេសកម្ពុជា! ត្រូវដោះលែង កឹម សុខា! ហ៊ុន សែន ចុះចេញ! ហ៊ុន សែន ក្បត់ជាតិ

កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ សហភាពអ៊ឺរ៉ុប បានបើកនីតិវិធីផ្លូវការ ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួន ហៅថា «អ្វីៗទាំងអស់លើកលែង​តែអាវុធ (EBA)» បន្ទាប់ពីសហភាពអ៊ឺរ៉ុបរកមិនឃើញថា របបរបស់លោក ហ៊ុន សែន បានដឹកនាំប្រទេស តាមគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សវិញ ដែលជាលក្ខខណ្ឌមានចែងក្នុងកិច្ចព្រមព្រៀង កម្ពុជា-សហភាពអ៊ឺរ៉ុប (EU) ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធនោះឡើយ។

បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយសហភាពអ៊ឺរ៉ុប ពីរាជធានី ព្រុយហ្សែល របបដឹកនាំរបស់លោក ហ៊ុន សែន មានពេល៦ខែ ដើម្បីបញ្ចុះបញ្ចូលឲ្យសហភាពអ៊ឺរ៉ុប ងាកត្រឡប់ក្រោយវិញ។

ប៉ុន្តែចំណាត់ការនោះ ត្រូវបានរបបដឹកនាំលោក ហ៊ុន សែន ចាត់ទុកថា ជាការសម្រេចប្រកបដោយភាព«លំអៀងយ៉ាងគឃ្លើន»។ ក្រសួងការបរទេស នៃរបបក្រុងភ្នំពេញ បានចោទត្រឡប់ទៅគណៈកម្មការអឺរ៉ុបវិញ ថាមិនបានធ្វើសកម្មភាព ដោយឈរលើគោលការណ៍ «ស្មោះត្រង់» និង «យុត្តិធម៌» នោះទេ ដោយសារតែគណៈកម្មការអឺរ៉ុប បាន«បិទភ្នែក» ចំពោះប្រទេសជាច្រើន ដែលទទួលនូវក្របខណ្ឌអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុបដែរ តែមិនបានអនុវត្តពេញលេញ នូវអនុសញ្ញាអន្តរជាតិទាំងនោះឡើយ។

សម្រាប់ក្រុមបាតុករក្នុងថ្ងៃនេះវិញ គុណតម្លៃនៃសហភាពអ៊ឺរ៉ុប ស្ដីអំពីលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស មិនអាចឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន យកមកជជែកតថ្លៃបានឡើយ។ ញត្តិរបស់ក្រុមបាតុករ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ​ចូលទៅពិគ្រោះ បានសរសេរបញ្ជាក់ថា៖

«វាជាកាតព្វកិច្ចរបស់សហភាពអ៊ឺរ៉ុប ក្នុងការបង្ហាញថា គុណតម្លៃប្រជាធិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះរបស់សហភាព មិនអាចយកមកតថ្លៃបានឡើយ។ នៅខណៈពេលដែលរបបដឹកនាំរបស់លោក ហ៊ុន សែន មិនញញើតញញើម ក្នុងការបំផ្លាញចោលនូវសិទ្ធិប្រជាធិបតេយ្យ របស់ពលរដ្ឋកម្ពុជាខ្លួនឯងនោះ សហភាពអ៊ឺរ៉ុប​មិនត្រូវនៅស្ងៀម ហើយមើលនឹងភ្នែកនោះទេ។ សហភាពអ៊ឺរ៉ុបត្រូវឲ្យរបបរបស់លោក ហ៊ុន សែន យល់ថា លទ្ធិប្រជាធិបតេយ្យ ជាដំណោះស្រាយតែមួយគត់ ដែលអាចទទួលយកបាន ដោយដាក់ទណ្ឌកម្មឲ្យគ្រប់គ្រាន់ ប្រឆាំងរបបដឹកនាំមួយនេះ។»

ញត្តិនោះបានសរសេរបន្តថា៖

«យើងសូមអំពាវនាវយ៉ាងក្លៀវក្លាបំផុត ឱ្យសហភាពអឺរ៉ុបខិតខំប្រឹងប្រែង ឱ្យអស់ពីលទ្ធភាព និងសម្រេចឱ្យបាន​នូវវិញ្ញាសារមួយនេះ ដែលជាប់ទាក់ទងដល់អនាគតរបស់ប្រជាជនកម្ពុជា ក៏ដូចជាទាក់ទងដល់អនាគត នៃគុណតម្លៃជាមូលដ្ឋានគ្រឹះ របស់សហភាពអ៊ឺរ៉ុប។»៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។