កម្ពុជា

រដ្ឋាភិបាលកម្ពុជា​ព្រមាន​បណ្ដាជន ​ដែល​ត្រៀម​ទៅទទួល សម រង្ស៊ី ចូលស្រុក

ការប្រើប្រាស់ ការវិលត្រឡប់របស់«លោក សម រង្ស៊ី ចូលស្រុក»វិញ បើទោះបីជាតាមរយៈក្រុម ឬអង្គការណាក៏ដោយ ដើម្បីបង្កើតជារូបភាពនយោបាយ ពាក់ព័ន្ធទៅនឹងសកម្មភាព នៃគណបក្សសង្គ្រោះជាតិ ដែលត្រូវរបបដឹកនាំលោក ហ៊ុន សែន រំលាយបានសម្រេច ទៅហើយនោះ គឺជាអំពើប្រឆាំង នឹងអំណាចតុលាការ។

នេះ បើតាមការអះអាងឡើង របស់ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដែលចេញផ្សាយ កាលពីប៉ុន្មានម៉ោងមុន។

កាលពីម្សិលម៉ិញ កិច្ចប្រជុំមួយ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សសង្គ្រោះជាតិ បានសម្រេចឲ្យមាន នូវគម្រោងវិលត្រឡប់ របស់លោក សម រង្ស៊ី សព្វថ្ងៃជាប្រធានស្ដីទីគណបក្ស ចូលប្រទេសកម្ពុជាវិញ។ សេចក្ដីសម្រេចនោះ បានលើកឡើងពីវិធានការ ចំនួន៥ ដើម្បីត្រៀមការធ្វើមាតុភូមិនិវត្តន៍ របស់មេដឹកនាំប្រឆាំង បន្ទាប់ពីបាននិរទេសខ្លួន តាំងពីឆ្នាំ២០១៥នោះមក។

សេចក្ដីថ្លែងការណ៍ របស់ការិយាល័យអ្នកនាំពាក្យ បានចាត់ទុក ដំណើររបស់«លោក សម រង្ស៊ី ចូលស្រុក» ថាគឺជាឆន្ទៈបុគ្គល ដោយបញ្ជាក់ពីមូលហេតុថា ការចាកចេញពីមាតុភូមិ របស់មេដឹកនាំប្រឆាំង ជាជម្រើសផ្ទាល់ខ្លួន និងមានចរិតជាឯកជន របស់រូបលោក។

លិខិតរបស់អ្នកនាំពាក្យ ដែលសរសេរជាបីភាសានោះ បានបញ្ជាក់ថា៖

«ការប្រើប្រាស់មាតុភូមិនិវត្តន៍ របស់ សម រង្ស៊ី ទោះបីជាតាមរយៈក្រុម ឬអង្គការណាក៏ដោយ ដើម្បីបង្កើតជារូបភាពនយោបាយ ពាក់ព័ន្ធទៅនឹងសកម្មភាព នៃអតីតគណបក្ស ដែលត្រូវបាន​រំលាយចោលទៅហើយ តាមអំណាចសាលដីកា របស់តុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវបានចាត់ទុក ជាអំពើប្រឆាំង នឹងអំណាចតុលាការពិតប្រាកដ ដែលច្បាប់បានកំណត់ និងហាមប្រាម។»

សេចក្ដីថ្លែងការណ៍ ឲ្យដឹងបន្ថែមថា៖

«រាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ថា គឺនៅតែរក្សា និងគោរពអនុវត្ត នូវគោលការណ៍ប្រជាធិបតេយ្យ នៃការបែងចែកអំណាច ដាច់ដោយឡែកពីគ្នា រវាងអំណាច នីតិប្រតិបត្តិនិងអំណាចតុលាការ ក៏ដូចជាអំណាចនីតិប្បញ្ញត្តិផងដែរ។»

«នៅក្នុង​បរិការណ៍នេះ បើមាន​ការស្នើសុំ​ណាមួយ​ពីតុលាការ រាជរដ្ឋាភិបាលក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ នឹងចាត់វិធានការអនុវត្ត តាមអំណាចផ្លូវច្បាប់»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។