កម្ពុជា

អ្នកជំនាញ អ.ស.ប «រន្ធត់ចិត្ត»​ចំពោះ​ការផ្ដន្ទាទោស​ លើមេដឹកនាំប្រឆាំង

អ្នកជំនាញអង្គការសហប្រជាជាតិ (អ.ស.ប) ចំនួនបួននាក់ បានសំដែងក្ដី«រន្ធត់ចិត្ត» នៅចំពោះការផ្ដន្ទាទោស លើ​មេដឹកនាំប្រឆាំង​ចំនួន៩នាក់ ពីសំណាក់សាលាដំបូងរាជធានីភ្នំពេញ កាលពីដើមសប្ដាហ៍នេះ ដោយហៅការសម្រេច​របស់តុលាការនោះ ថាបានធ្វើឡើង មិនសមាមាត្រ និងខ្វះមូលដ្ឋានច្បាប់ច្បាស់លាស់។

ការលើកឡើងរបស់ក្រុមអ្នកជំនាញ របស់អង្គការពិភពលោក ធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍មួយ ពីទីក្រុង​ហ្សឺណែវ (ប្រទេសស្វីស) ក្នុងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១។ សេចក្ដីថ្លែងការណ៍ ដែលបានធ្លាក់មកដល់ដៃ​អ្នក​សារព័ត៌មាន ក្នុងថ្ងៃដដែល បានស្រង់សំដី​របស់ក្រុមអ្នកជំនាញ មកបញ្ជាក់ថា៖

«យើងមានការរន្ធត់ចិត្ត ចំពោះការកាត់ទោសជនជាប់ចោទ ឱ្យជាប់ពន្ធនាគាររយៈពេលវែង និងមិនសមាមាត្រ ដែល​ខ្វះមូលដ្ឋានច្បាប់​ច្បាស់លាស់។ មិនមានភ័ស្តុតាង គួរឱ្យជឿទុកចិត្តបាន បង្ហាញពីរបៀបដែល ការរិះគន់របស់​ជនជាប់ចោទ​​ចំពោះរដ្ឋាភិបាល បង្កឱ្យមាន “បទឧបឃាត” ដូចមានចែង​ក្នុងក្រមព្រហ្មទណ្ឌសោះ។»

តុលាការរាជធានីបានកាត់ទោសកំបាំងមុខ ក្នុងថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ទៅលើមេដឹកនាំជាន់ខ្ពស់ប្រាំបួនរូប របស់​គណបក្ស​សង្គ្រោះជាតិ ពីបទ«ប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋ» និងបទ«ឧបឃាត និងបង្កឱ្យមានគ្រោះថ្នាក់ ដល់ស្ថាប័ននៃ​ព្រះរាជាណាចក្រកម្ពុជា» តាមមាត្រា២៧ និងមាត្រា៤៥១ នៃក្រមព្រហ្មទណ្ឌកម្ពុជា ជុំវិញផែនការរបស់ពួកគេ ក្នុងការវិលត្រឡប់​មកប្រទេសវិញ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩។

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២៥ឆ្នាំ និងដកហូត​សិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោត។ មេដឹកនាំជាន់ខ្ពស់ផ្សេងទៀត ត្រូវបានកាត់ទោស​ដាក់ពន្ធនាគារ​រយៈពេល ២២ឆ្នាំ (រួមមានអ្នកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង) និងរយៈពេល ២០ឆ្នាំ (រួមមានអ្នកស្រី ជូឡុង សូមូរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទរិទ្ធ លោក ហូ វ៉ាន់ លោក ឡុង រី និងលោក នុត រំដួល)។

ក្រុមមេដឹកនាំប្រឆាំង ក៏ត្រូវបានតុលាការបង្គាប់ ឱ្យបង់ប្រាក់ពិន័យចំនួន ១.៨០០ លានរៀល (ប្រមាណជា ៤២.៥០០ ដុល្លារ) ទៅឱ្យរដ្ឋាភិបាលផងដែរ។

ក្រុមអ្នកជំនាញ អ.ស.ប បានមានប្រសាសន៍ថា ដំណើរការជំនុំជម្រះទាំងមូល មានភាពមិនប្រក្រតី និងបំពានយ៉ាង​ជាក់ច្បាស់ ទៅនឹង​ច្បាប់អន្តរជាតិ រួមទាំងការជំនុំជម្រះ ដែលមិនបានប្រព្រឹត្តទៅជាសាធារណៈ។ ក្រុមអ្នកជំនាញ​មានកង្វល់ជាខ្លាំង ដែលថាការបង្ហោះ នៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី និងឃ្លីបវីដេអូរបស់ជនជាប់ចោទ​ទាំងប្រាំបួនរូប ត្រូវបានចាត់ទុកថាជាបទឧក្រិដ្ឋ។

អ្នកជំនាញ អ.ស.ប រន្ធត់ចិត្ត …

តាមរយៈសេចក្ដីថ្លែងការណ៍ខាងលើ ក្រុមអ្នកជំនាញ បានអំពាវនាវឱ្យរដ្ឋាភិបាល ​ផ្តល់សិទ្ធិធ្វើ​នយោបាយ ឱ្យមេដឹកនាំប្រឆាំង​ទាំងនេះ​ឡើងវិញ និងធានា​ឱ្យគណបក្ស​នយោបាយទាំងអស់ មានឱកាសស្មើគ្នា ដើម្បីចូលរួមក្នុង ជីវភាពនយោបាយ។ ក្រុមអ្នកជំនាញ​បានមាន​ប្រសាសន៍ថា៖

«ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ធានាការពារសេរីភាពចងក្រង សមាគម និងសេរីភាពក្នុងការបញ្ចេញមតិ ដោយសារថា សេរីភាពទាំងនេះ​គឺជាសរសរស្តម នៃសង្គមប្រជាធិបតេយ្យ និងជាអ្នកធានាការពារដល់ដំណើរការបោះឆ្នោត ប្រកប​ដោយសេរីនិងយុត្តិធម៌។ ការផ្តន្ទាទោស​មេដឹកនាំ​គណបក្សប្រឆាំង​ទាំងប្រាំបួនរូប ដោយគ្មានមូលដ្ឋាន​ច្បាប់​ច្បាស់លាស់ និងដោយអវត្តមានជនជាប់ចោទ បានលើកឡើង​ជាកង្វល់ខ្លាំង អំពីភាពចុះសម្រុងនឹងគ្នា នៃសេចក្តី​សម្រេច​នេះ ទៅនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ រួមទាំងសិទ្ធិទទួលបាន​ការជំនុំជម្រះដោយ សាលាក្តីមានសមត្ថកិច្ច ឯករាជ្យ និងមិនលំអៀង។»

ចាប់តាំងពី ខែមិថុនា ឆ្នាំ២០១៩ មក មានមនុស្សច្រើនជាង ១៥០នាក់ ដែលជាប់ទាក់ទងជាមួយគណបក្សសង្គ្រោះ​ជាតិ ត្រូវបាន​ចាប់ខ្លួន ឃុំខ្លួន និងស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការ។ នៅចំពោះហេតុការណ៍ទាំងនោះ អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប បានសំដែង​នូវកង្វល់ខ្លាំងក្លារបស់ផងខ្លួន អំពីការធ្លាក់ចុះ​នៃលំហប្រជាធិបតេយ្យ​នៅកម្ពុជា ក៏ដូចជារបៀប​​ដែលការជំនុំជម្រះ​ទ្រង់ទ្រាយធំ ដែលដៅទៅលើបុគ្គលទាំងឡាយ ដែលជាប់ទាក់ទង​ជាមួយ​គណបក្សប្រឆាំង ទំនងជាដោយសារ​ហេតុផលនយោបាយ។

ក្រុមអ្នកជំនាញផ្នែកសិទ្ធិមនុស្ស ទាំងបួនរូប ដែលធ្វើការដោយឯករាជ្យ និងមិនទទួលកម្រៃ រួមមាន៖ អ្នកស្រី រ៉ូណា ស្មីត (Ms Rhona Smith) អ្នករាយការណ៍ពិសេស​ស្តីពីស្ថានភាពសិទ្ធិមនុស្ស​នៅកម្ពុជា – លោក ដេវីដ កៃ (Mr David Kaye) អ្នករាយការណ៍ពិសេស​ស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ – លោក ឌីយ៉េហ្គោ ហ្គារស្យា-សាយ៉ាន (Mr Diego García-Sayán) អ្នករាយការណ៍ពិសេស​ស្តីពីឯករាជ្យភាព​របស់​ចៅក្រម និងមេធាវី និងលោក ក្លេមែនត៍ នីយ៉ាលេតសូស្សី វ៉ូលេ (Clement Nyaletsossi Voule) អ្នករាយការណ៍ពិសេស​​ស្តីពីសិទ្ធិក្នុងការជួបជុំ​ដោយសន្តិវិធី និងសិទ្ធិសមាគម៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។