កម្ពុជា

ឧត្ដមសេនីយ៍​បាតដៃកខ្វក់១២រូប៖ HRW បង្ហាញរបាយការណ៍​ជា​ខេមរភាសា

អង្គការឃ្លាំមើលសិទ្ធិមនុស្ស «Human Rights Watch – HRW» បានចេញផ្សាយ​ជាថ្មីទៀត ក្នុងសប្ដាហ៍នេះ នូវរបាយការណ៍មួយ ដែលអង្គការនេះធ្លាប់បានផ្សាយ រួចមកហើយ កាលពីឆ្នាំ២០១៨។

របាយការណ៍ថ្មីនេះ បានបកប្រែទាំងស្រុង ជាភាសាខ្មែរ មានកម្រាស់ ២៧១ទំព័រ និងមានចំណងជើងថា៖ «ឧត្តមសេនីយ៍បាតដៃ​កខ្វក់​ទាំង ១២នាក់ នៅកម្ពុជា៖ ប្រវត្តិដ៏យូរអង្វែង នៃការរំលោភសិទ្ធិមនុស្ស ដោយឧត្តមសេនីយ៍របស់លោក ហ៊ុន សែន»

ប៉ុន្តែនៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០​ អង្គការអន្តរជាតិខាងលើ ដែលមានស្នាក់ការកណ្ដាល នៅក្នុងក្រុងញ៉ូយក សហរដ្ឋ​អាមេរិក បានភ្ជាប់របាយការណ៍ខាងលើ ទៅនឹងបច្ចុប្បន្នភាពថ្មីៗ នៅក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ឃ្លាដំបូងរបស់សេចក្ដីប្រកាសព័ត៌មាននោះ បានសង្ខេបយ៉ាងខ្លីថា៖

«កម្ពុជា កាន់តែក្លាយ​ទៅជា​របបផ្ដាច់ការ និងការដឹកនាំ​ដោយឯកបក្ស ដោយសារ​តែពួកឧត្ដមសេនីយ៍ ក្នុងជួរកងកម្លាំងសន្តិសុខ ដែលជាអ្នកទទួលខុសត្រូវ ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និងជាប្រព័ន្ធ។»

ជាប្រតិកម្មតបវិញ អ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានថ្លែង​តាម​សារព័ត៌មានក្នុងស្រុកថា កម្ពុជាកំពុងអភិវឌ្ឍខ្លួន និងអនុវត្តន៍នូវនីតិរដ្ឋ។ លោកថា ក្រុម​អ្នកជំនាញសិទ្ធិមនុស្ស ដែលធ្វើរបាយការណ៍មួយនេះ គ្មានបទពិសោធន៍ ក្នុង​ការកសាង​ប្រជាជាតិ ឲ្យងើបចេញពីសង្គ្រាមឡើយ។

លោក ស៊ីផាន បញ្ជាក់ទៀតថា៖

«ការបង្កើតឲ្យមានភាពចលចល ឬអស្ថិរភាព គឺកម្ពុជាមិនអនុញ្ញាត ឲ្យមានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។»

ទន្ទឹមនឹងរបាយការណ៍ ជាសំណេរខាងលើ អង្គការសិទ្ធិមនុស្សនៅបាន​បញ្ចេញវីដេអូឃ្លិប​មួយ ដើម្បីបង្ហាញពីទ្រព្យសម្បត្តិ​ខ្លះៗ ដែល​មិន​អាចពន្យល់បាន របស់ឧត្តមសេនីយ៍​«បាតដៃ​កខ្វក់ ១២ រូបនេះ» និងក្រុមគ្រូសាររបស់ពួកគេ។

សេចក្ដីប្រកាសព័ត៌មាន បានសរសេរបន្តថា៖

«ចាប់តាំង​ពីការ​បញ្ចេញរបាយការណ៍ ជាភាសាអង់គ្លេស នៅឆ្នាំ២០១៨ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា បន្តទទួលបានផលប្រយោជន៍ ពីការ​គាំទ្រដោយឥតងាករេ ពី​ក្រុម​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរកងទ័ព កងរាជអាវុធហត្ថ និង​នគរបាល ដើម្បីកម្ចាត់​ចោល ក្រុមអ្នកនយោបាយប្រឆាំង និង​រម្លាយ​គណបក្ស​ប្រឆាំង​ធំមួយ យ៉ាងមានប្រសិទ្ធភាព ហើយបន្ទាប់មក រៀបចំការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០១៨ ដែលជាការ​បោះឆ្នោតមួយគ្មានន័យ។»

«ឥឡូវនេះ ប្រទេសកម្ពុជាមានអ្នកទោស​នយោបាយ​ ជាង ៥០នាក់ហើយ និងជាង​១០នាក់​ផ្សេងទៀត កំពុងប្រឈមមុខ នឹងការចោទប្រកាន់។»

លោក ប៊្រែដ អាដាមស៍ (Brad Adams) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស «HRW» ប្រចាំតំបន់​អាស៊ី ត្រូវបានស្រង់សំដី មកចុះផ្សាយថា៖

«ជាច្រើនឆ្នាំកន្លងទៅនេះ លោក ហ៊ុន សែន បានបង្កើត និងបណ្ដុះបណ្តាលក្រុមមន្ត្រីស្នូល​ផ្នែក​សន្តិសុខ ដែលពួកគេ​​បានធ្វើតាម​បញ្ជា​របស់គាត់​ យ៉ាងឃោរឃៅ និងគ្មានធម៌​​មេត្តា។ ភាពសំខាន់របស់​ក្រុមឧត្ដមសេនីយ៍កម្ពុជាទាំងនេះ បានស្ដែងចេញកាន់តែច្បាស់ តាមរយៈការបង្ក្រាប​​ទ្រង់ទ្រាយ​ធំ ទៅលើ​អ្នកសារព័ត៌មាន អ្នកនយោបាយជំទាស់ និងអ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល ក្នុង​​រយៈ​ពេល​ពីរ​ឆ្នាំ កន្លង​ទៅ​នេះ។»

ខាង​ក្រោមនេះ គឺជាមុខតំណែង​នីមួយៗ របស់ឧត្ដមសេនីយ៍ ទាំង១២រូបនោះ រាប់ពីឆ្នាំ​២០១៨ និងការផ្លាស់ប្ដូរតំណែង ពី​ពេល​នោះ​មក៖

១. ឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវបានជំនួស​ដោយឧត្តមសេនីយ៍ វង្ស ពិសេន នៅខែកញ្ញា ឆ្នាំ២០១៨។ លោក ប៉ុល សារឿន បច្ចុប្បន្នជា​ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស។

២. ឧត្តមសេនីយ៍ គន់ គីម​ អគ្គមេបញ្ជាការរង និង​ជា​នាយសេនាធិការ​ចំរុះ នៃកង​យុទ្ធ​ពល​ខេមរភូមិន្ទ ត្រូវបាន​ជំនួសដោយឧត្តមសេនីយ៍ ឥត សារ៉ាត់ នៅខែកញ្ញា ឆ្នាំ២០១៨។ លោក គន់ គីម​ បច្ចុប្បន្នជាទេសរដ្ឋមន្ត្រី ទទួល​បន្ទុកបេសកកម្មពិសេស ជាអនុប្រធាន​ទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ​មហន្តរាយ និង​ជា​អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធជនកម្ពុជា ដែលលោក ហ៊ុន សែន ជាប្រធាន។

៣. ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង​នៃកងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការ​​កង​រាជ​អាវុធ​ហត្ថ​ជាតិ។ លោកនៅកាន់​តំណែងនេះ​ដដែល។

៤. ឧត្តមសេនីយ៍ ​នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ លោកនៅកាន់តំណែង​នេះដដែល។

៥. ឧត្តមសេនីយ៍ ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជា​មេបញ្ជាការ​យោធភូមិភាគទី៤។ លោក ជា ម៉ន ទទួលមរណភាពនៅថ្ងៃទី ២៣ តុលា ឆ្នាំ២០១៨។ តំណែងរបស់លោក​ត្រូវបានជំនួស​ដោយ​ឧត្តមសេនីយ៍ទោ ពៅ ហេង។

៦. ឧត្តមសេនីយ៍ ប៊ុន សេង មេបញ្ជាការរង​កងទ័ពជើងគោក និងជា​មេបញ្ជាការ​យោធភូមិភាគទី៥ ត្រូវបាន​ដំឡើងឋានៈជារដ្ឋលេខាធិការនៃក្រសួងការពារជាតិ នៅថ្ងៃ​ទី១ មិនា​ ឆ្នាំ២០១៩។ តំណែងរបស់លោក ត្រូវបាន​ជំនួសដោយឧត្ដមសេនីយ៍​ឯក ឯក សំអូន។

៧. ឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក និងជា​មេបញ្ជាការ​យោធភូមិភាគ​ទី២។ លោកនៅកាន់​តំណែងនេះ​ដដែល។

៨. ឧត្តមសេនីយ៍ឯក ចាប ភក្តី នាយរងសេនាធិការចម្រុះ នៃកងយោធពល​ខេមរភូមិន្ទ និងជា​មេបញ្ជាការ​​កង​ពល​តូចទ័ពពិសេស​ឆ័ត្រយោង៩១១។ លោកនៅកាន់​តំណែងនេះ​ដដែល។

៩. ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា​មេបញ្ជាការ​​កងរាជ​អាវុធហត្ថ​រាជធានីភ្នំពេញ។ លោកនៅកាន់​តំណែងនេះ​ដដែល។

១០. ឧត្តមសេនីយ៍ សុខ ផល អគ្គស្នងការរង​នគរបាលជាតិ និងអគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​​អន្តោប្រវេសន៍ ត្រូវបានដំឡើងឋានៈ​ជារដ្ឋលេខាធិការ​នៃក្រសូងមហាផ្ទៃ។ ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ ឡើង​កាន់​តំណែង​ជាអគ្គនាយក​នៃអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជំនួសលោក សុខ ផល នៅកញ្ញា ឆ្នាំ២០១៨។

១១. ឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការ​នៃអាជ្ញាធរជាតិ​​ប្រយុទ្ធ​ប្រឆាំង​​គ្រឿងញៀន។ លោកនៅកាន់តំណែងទាំងពីរនេះ​ដដែល។

១២. ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល​រាជធានីភ្នំពេញ។ លោក​ត្រូវបានផ្លាស់ចេញ ទៅកាន់តំណែងអនុប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅក្នុង​ខែកញ្ញា ឆ្នាំ ២០១៨។ ឧត្តមសេនីយ៍ឯក ស ថេត បានឡើងកាន់តំណែង ជាអគ្គស្នងការរងនគរបាលជាតិ និង​ជាស្នងការនគរបាល​រាជធានីភ្នំពេញ ជំនួសលោក ជួន សុវណ្ណ។

របាយការណ៍ទាំងស្រុង​ជាខេមរភាសា អាចទាញយកបាន តាមរយៈខ្សែភ្ជាប់នេះ

លោក ប៊្រេដ អាដាមស៍ បន្តថា៖

«គ្មានមេដឹកនាំផ្ដាច់ការណា ឡើងដល់កំពូលបាន ដោយគ្មាន​ការ​ជួយ​ជ្រោមជ្រែង​គាំទ្រ ពីក្រុមមនុស្សឃោរឃៅ​ឥតធម៌មេត្តា​នោះទេ។ នៅខាងក្រោមលោក ហ៊ុន សែន មាន​មន្ត្រីស្នូល នៃឧត្ដមសេនីយ៍មួយក្រុម ដែលជាក្រុមរំលោភបំពាន និងបំភិតបំភ័យ​ពលរដ្ឋ​កម្ពុជា ហើយ​មាន​ចិត្តគំនិតប្រមាថ មើលងាយលទ្ធិប្រជាធិបតេយ្យពហុបក្ស ដូចលោក ហ៊ុន សែន ដែលបានបង្ហាញ ឱ្យឃើញពេញ​រយៈពេល នៃការកាន់អំណាច ៣៥ឆ្នាំ របស់លោក កន្លងទៅនេះ។»

«គេត្រូវតែកោះហៅក្រុមឧត្ដមសេនីយ៍ទាំងនេះ និងចៅហ្វាយនាយរបស់​ពួក​គេ​ ឱ្យមកទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មជាច្រើន ដែលពួកគេបានប្រព្រឹត្ត៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។