កម្ពុជា

Covid-19៖ កម្ពុជា​មានករណីឆ្លង​ កើនឡើង​ដល់​១០៧នាក់ ក្នុងថ្ងៃនេះ

ក្នុងថ្ងៃនេះ ប្រទេសកម្ពុជា បានបញ្ចេញតួលេខ នៃករណីឆ្លងមេរោគ «កូរូណា» ឬ «Covid-19» ថាចំនួនកើនឡើង ដល់១០៧នាក់ បន្ទាប់បានធ្វើតេស្ដិ៍ រកឃើញមនុស្សបួននាក់ទៀត ថាបានឆ្លងជំងឺខាងលើ។ នេះ បើតាមការប្រកាសរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាវិមានរដ្ឋសភា ក្នុងព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០នេះ លោក ហ៊ុន សែន បានអះអាងថា ចំនួនអ្នកឆ្លងបានកើនដល់ ១០៧នាក់ និងអះអាងថាមានមនុស្សពីរនាក់ បានជាសះពីជំងឺ។

កាលពីមុននេះបន្តិច នាយកដ្ឋានការពារជំងឺឆ្លង នៃក្រសួងសុខាភិបាល ក៏បានអះអាង ពីតួលេខខាងលើ ដូចការលើកឡើង របស់មេដឹកនាំរដ្ឋាភិបាលដែរ។

កាលពីម្សិលម៉ិញ ប្រទេសកម្ពុជា បានបញ្ចេញតួលេខផ្លុវការ ថាករីណឆ្លងជំងឺ «Covid-19» បានកើនឡើងដល់ ១០៣ករណី បន្ទាប់ពីរកឃើញ ក្នុងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ថា ស្ត្រីម្នាក់នៅក្រុងប៉ោយប៉ែត វ័យ៣៦ឆ្នាំមួយរូបទៀត បានផ្ទុកមេរោគនេះ។ នៅខណៈនេះ ស្ត្រីរូបនេះ កំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យខេត្ត បន្ទាយមានជ័យ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។