លោកឧត្ដមសេនីយទោ ស សាវី ដែលបានបំពេញបេសកកម្ម ក្នុងនាមជាកងកម្លាំង របស់អង្គការសហប្រជាជាតិ ក្នុងប្រទេសម៉ាលី បានទទួលមរណភាព ដោយសារជំងឺ «Covid-19»។ នេះ បើតាមការប្រកាស របស់អង្គការសហប្រជាជាតិ មុននឹងអះអាងបន្ថែម ដោយមន្ត្រីផ្លូវការ របស់រដ្ឋាភិបាលកម្ពុជា។
ដំណឹងនៃការបាត់បង់លោក ស សាវី បានធ្លាក់មកដល់ នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ ខណៈទាហានមួកខៀវរូបនេះ បានទទួលមរណភាព តាំងពីព្រឹកម្សិលម៉ិញ។
លោក ឈុំ សុជាតិ អ្នកនាំពាក្យរបស់ក្រសួង ការពារជាតិកម្ពុជា បានអះអាងបន្ថែម អំពីដំណឹងនេះ តែមិនទាន់និយាយថា សពលោក ស សាវី នឹងត្រូវបញ្ជូនមកកម្ពុជា ឬយ៉ាងណានោះទេ។
មន្ត្រីអ្នកនាំពាក្យរូបនេះ ត្រូវបានស្រង់សំដី ដោយសារព័ត៌មាន ក្នុងស្រុកថា៖
«មើលទៅជំងឺ “Covid-19” យើងហាក់ដូចជាពិបាក ក្នុងការបញ្ជូន[មកកម្ពុជា] អ៊ីចឹងយើងខិតខំរកមធ្យោបាយយ៉ាងម៉េច ទៅតាមនីតិវិធី បទដ្ឋានអន្តរជាតិស្ដីពីជំងឺកូវីដហ្នឹង តាមរយៈប្រពៃណីរបស់យើងហ្នឹង ដើម្បីឱ្យសមរម្យ ចំពោះអ្នកដែលយើងបានបញ្ជូន ទៅធ្វើពលីកម្ម ដើម្បីជាតិមាតុភូមិ ក៏ដូចសកលលោក ក្នុងនាមប្រជាពលរដ្ឋ។»
លោកបន្តថា៖
«ប៉ុន្តែយើងមិនអាចនិយាយ បានទេថា អាចបញ្ជូន ឬមិនបញ្ជូនបានទេ។»
លោក ស សាវី ជាទាហានបម្រើការ នៅក្នុងកងអនុសេនាធំ កម្ទេចគ្រាប់មិនទាន់ផ្ទុះ លេខ ២៣១។ លោកបានទៅបំពេញបេសកម្ មនៅក្នុងប្រទេសម៉ាលី ចំនួនពីរលើក គឺនៅឆ្នាំ២០១៦ម្តង និងឆ្នាំ២០១៩ម្តងទៀត។
កម្មវិធីប្តូរវេណ របស់អង្គការសហប្រជាជាតិ បានតម្រូវឲ្យ លោក ស សាវី ត្រូវវិលត្រលប់ មកកាន់ប្រទេសកម្ពុជាវិញ ក្នុងអំឡុងខែមេសា ឬខែឧសភានេះ។ ប៉ុន្តែការវិលត្រឡប់នោះ ត្រូវបានពន្យារពេល ដោយសារតែការរាតត្បាត នៃជំងឺដ៏ចង្រៃ ទាំងនៅក្នុងប្រទេសម៉ាលី និងនៅក្នុងពិភពលោក។
តួលេខផ្លូវការ ដែលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ ឲ្យដឹងថា ករណីឆ្លងសរុប ដោយសារជំងឺ «Covid-19» នៅក្នុងប្រទេសម៉ាលី មានចំនួន ១២២៦នាក់ ក្នុងនោះអ្នកជំងឺស្លាប់ មានចំនួន៧៣នាក់។ មន្ត្រីអង្គការសហប្រជាជាតិ ចំនួន៩០នាក់ ក៏ត្រូវបានរកឃើញ ឆ្លងជំងឺនេះដែរ ក្នុងនោះមានទាហានខ្មែរ ចំនួន០៧នាក់ (ម្នាក់ស្លាប់ ពីរនាក់បានជាសះស្បើយ និង៤នាក់ទៀត កំពុងត្រូវបានធ្វើតេស្ដិ៍ សារជាថ្មី)៕