ប្រទេសកម្ពុជាបានអះអាងថា ខ្លួនរកឃើញករណីអ្នកឆ្លង «កូវីដ១៩ (Covid-19)» ចំនួន ២៣នាក់ថ្មីទៀត ដែលនាំឱ្យករណីអ្នកជំងឺសរុប កើនឡើងដល់២២៥នាក់។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលកម្ពុជា ដែលចេញផ្សាយ កាលពីមុននេះបន្តិច។
ពីក្នុងចំណោមអ្នកជំងឺថ្មីទាំង២៣នាក់ មានជនជាតិខ្មែរចំនួន១៩នាក់ និងជនជាតិឥណ្ឌូនេស៊ី៤នាក់។ ប៉ុន្តែពួកគេទាំងនេះ បានធ្វើដំណើរចូលប្រទេសកម្ពុជា តាមជើងយន្ដហោះខុសៗគ្នា។
បច្ចុប្បន្ន អ្នកឆ្លងជំងឺទាំង២៣នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ (ភ្នំពេញ) មន្ទីរពេទ្យខ្មែរ-សូវៀត (ភ្នំពេញ) និងមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ។
នៅថ្ងៃសៅរិ៍នេះដដែល ក្រសួងសុខាភិបាលក៏បានប្រកាសឲ្យដឹងដែរ ពីអ្នកជំងឺម្នាក់ ដែលបានជាសះស្បើយ។ បុរសរូបនោះ មានវ័យ២៦ឆ្នាំ មកពីខេត្តត្បូងឃ្មុំ និងជាអ្នកធ្វើដំណើរ មកពីប្រទេសឥណ្ឌូនេស៊ី។ បន្ទាប់ពីធ្វើតេស្ដិ៍ ទទួលលទ្ធផលអវិជ្ជមាន ចំនួនពីរលើករួច អ្នកជំងឺខាងលើត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យខ្មែរ-សូវៀត នៅថ្ងៃនេះ។
គិតមកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាមានអ្នកជំងឺកូវីដ១៩ សរុបទាំអស់ ២២៥នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៧៩នាក់)។ ក្នុងនោះព្យាបាលជាសះស្បើយ មានចំនួន ១៤៣នាក់ (ស្រី ៣៩នាក់ និងបុរស ១០៤នាក់) ហើយអ្នកកំពុងសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យរដ្ឋមានចំនួន ៨០នាក់ (ស្រី ៥នាក់ និងបុរស ៧៥នាក់)៕