កម្ពុជា

ជ័យជំនះ បៃដិន៖ CNRP សង្ឃឹមអាមេរិក​ជំរុញប្រជាធិបតេយ្យ​នៅកម្ពុជា

គណបក្សសង្គ្រោះជាតិ «CNRP» បានចេញសេចក្ដីថ្លែងការណ៍មួយ ក្នុងថ្ងៃអទិត្យ ទី៨ ខែវិច្ឆការ សំដែងការអបអរ ចំពោះ«ជ័យជំនះ» របស់លោក ចូ បៃដិន (Joe Biden) ក្នុងការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​អាមេរិក ឆ្នាំ២០២០។

លទ្ធផលព្យាករណ៍ ដែលទទួលបាន ដោយប្រព័ន្ធផ្សព្វផ្សាយធំៗ បានឲ្យដឹងថា មកដល់​ម៉ោងនេះ លោក ចូ បៃដេន ដែលជាបេក្ខជន មកពីគណបក្សប្រជាធិបតេយ្យ បានឈ្នះ​អង្គបោះឆ្នោត ចំនួន២៩០សម្លេង នាំមុខដ៏លើសលប់ ពីលើលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីចប់អាណត្តិ ដែលទទួលបានត្រឹមតែ ២១៤សម្លេង​ប៉ុណ្ណោះ។

សេចក្ដីថ្លែងការណ៍ របស់គណបក្សសង្គ្រោះជាតិ ដែលសរសេរជាភាសាអង់គ្លេស និងដែលធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន ក្នុងព្រឹកថ្ងៃចន្ទ បានសរសេរកោតសរសើរប្រជាពលរដ្ឋអាមេរិក ដែលបានចូលរួមបោះឆ្នោត យ៉ាងទូលំទូលាយ ដោយគោរពស្មារតីលទ្ធិប្រជាធិបតេយ្យ យ៉ាងត្រឹមត្រូវ។

គណបក្សសង្គ្រោះជាតិ​បានបន្តថា៖

«ស្មារតីប្រជាធិបតេយ្យនេះ ជាគម្រូសម្រាប់ប្រជារាស្ត្រខ្មែរទាំងមូល។ គណបក្សសង្គ្រោះជាតិ សូមអបអរសាទរ ការជាប់ឆ្នោតរបស់លោកប្រធានាធិបតី “Joe Biden” និងលោកស្រី​អនុប្រធានាធិបតី “Kamala Harris”។ យើងជឿជាក់ថា ស្មារតី និងសារបង្រួបបង្រួម​ជាតិ របស់ឥស្សរជនទាំងពីររូបនេះ នឹងធ្វើឲ្យសហរដ្ឋអាមេរិក កាន់តែខ្លាំងឡើង ទាំងនៅ​ក្នុងប្រទេស ទាំងនៅក្រៅប្រទេស។»

គណបក្សប្រឆាំងនៅកម្ពុជា ដែលត្រូវតុលាការ​របបក្រុងភ្នំពេញ រំលាយចោល​កាលពី​ចុងឆ្នាំ២០១៧ បានសំដែង​ការជឿជាក់ថា «សហរដ្ឋអាមេរិក នឹងជួយជម្រុញ ឲ្យមាន​ការអនុវត្តន៍​យ៉ាង​ត្រឹមត្រូវ ចំពោះកិច្ចព្រមព្រៀង ក្រុងប៉ារីស​ ឆ្នាំ ១៩៩១ និងចំពោះ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវ​ឲ្យគោរពលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​គោលជំហរ​​អព្យាក្រឹត​ឥតលម្អៀង»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។