កម្ពុជា

ការតែងតាំង ហុ៊ន ម៉ាណែត «តាម​ទំនើងចិត្ត» ជា​«លក្ខន្តិកៈ​ឧក្រិដ្ឋកម្ម»

ការតែងតាំងលោក ហ៊ុន ម៉ាណែត ជាកូន ឲ្យមានតំណែងឡើងខ្ពស់ ជាបន្តបន្ទាប់ ពី​សំណាក់​លោក ហ៊ុន សែន ជាឪពុកត្រូវបានអ្នកវិភាគ មើលឃើញជាការតែងតាំង តាមតែ​អំណាចទំនើងចិត្ត ដែលជា«លក្ខន្តិកៈ​ឧក្រិដ្ឋកម្ម»ប្រជាធិបតេយ្យផ្ទៃក្នុង។

លោក គីម សុខ អ្នកវិភាគមិនសំចៃសំដី ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងប្រទេស​ហ្វាំងឡង់ បានថ្លែងដូច្នេះ ដើម្បីប្រតិកម្មទៅនឹងសេចក្ដីសម្រេច របស់លោក ហ៊ុន សែន ដែលបានតែងតាំង លោក ហ៊ុន ម៉ាណែត ឲ្យមានតំណែងជា ប្រធានយុវជន​គណបក្ស​ប្រជាជន​​កម្ពុជា​ថ្នាក់កណ្ដាល។

សេចក្ដីសម្រេចនោះ ត្រូវបានចុះហត្ថលេខា ដោយលោក ហ៊ុន សែន ប្រធានគណបក្ស នៅ​ថ្ងៃទី៨ ខែមិថុនានេះ ដោយសរសេរយោង ពីសំណូមពរការងារ និងសមត្ថភាព ព្រមទាំង​តាមសំណើររបស់គណៈចាត់តាំង និងមតិរបស់គណៈអចិន្ត្រៃយ៍ របស់គណបក្ស។

តែសម្រាប់លោក គីម សុខ បានមើលឃើញថា ការតែងតាំង យ៉ាងប្រញាប់ប្រញាល បែប​«លក្ខន្តិកៈ​ឧក្រិដ្ឋកម្ម»​នេះ ដោយហេតុថា លោក ហ៊ុន សែន មានអារម្មណ៍មិនស្ងប់ និង​មិនទុកចិត្តនរណាផ្សេង ក្រៅ​តែ​ពីសាច់ឈាមខ្លួនឯង ដែលច្បាស់ជាមាន «អរិភាពចិត្ត» នៃមន្ត្រីផ្ទៃក្នុងគណបក្ស។

នៅលើបណ្ដាញសង្គម អ្នកវិភាគ បានសរសេរថា៖

«លោក ហ៊ុន សែន មានខ្លួនជាប់នឹងបទល្មើសធំៗ រាប់មិនអស់។ ធម្មជាតិនៃ​បុគ្គល​បែប​នេះ មានអារម្មណ៍ច្របូកច្របល់ មិនស្ងប់ទេ ជាពិសេសនៅពេលផែនការ រៀបកំផែង​ការពារ​ខ្លួន មិនទាន់ដល់គោលដៅ ហើយមនុស្សប្រភេទគាត់ ក៏មិនទុកចិត្តអ្នកណា ជាង​កូនរបស់ខ្លួនដែរ។ ដូច្នេះ គាត់ត្រូវឈ្មូសឈ្មុល ប្រឹងលើកលោក ហ៊ុន ម៉ាណែត ជាកូន ឲ្យដល់​កម្រិតកំពូល កាន់តែឆាប់ ដើម្បីជួយសំអាតផ្លូវ ការពារកិត្តិយសគាត់។»

«រឿងនេះ ច្បាស់ជាមានអរិភាពចិត្ត នៃមន្ត្រីផ្ទៃក្នុង ប៉ុន្តែពុំមានភាពប្រទូស្ដ ទាស់ទែង​ជាក់ស្ដែងទេ ព្រោះលោក ហ៊ុន សែន ក្ដោបគណបក្សប្រជាជនកម្ពុជា ស្ទើរតែណែនក្នុងដៃ​ទៅហើយ ម្ល៉ោះហើយពុំមានមន្ត្រីថ្នាក់ណា ហ៊ានសម្ដែងឲ្យឃើញសកម្មភាពប្រឆាំងឡើយ។»

ការលើកឡើងខាងលើ មិនត្រូវបានសារទ ដោយអ្នកនាំពាក្យគណបក្ស លោក សុខ ឥសាន នោះឡើយ ដោយលោកបាន​អះអាង ត្រឡប់មកវិញថា សេចក្ដី​សម្រេច​របស់​គណបក្ស​ប្រជាជនកម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង តាម​លក្ខណៈ​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​បក្ស។

ស្រង់សំដីដោយវិទ្យុ «VOD» លោក សុខ ឥសាន បានថ្លែងឡើងថា៖

«ការងារ​ផ្ទៃ​ក្នុង ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ធ្វើ​ឡើង​ទៅ​តាម​គោលការណ៍ ​លទ្ធិ​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​​ យ៉ាង​ទូលំ​ទូលាយ។ អ៊ីចឹង ការ​សម្រេច​តែង​តាំង​ មន្ត្រី​ណា​ក៏​ដោយ គឺ​សុទ្ធ​តែ​មាន​ការ​ពិភាក្សា​​ ជា​សមូហភាព​ នៅ​ក្នុង​ជួរ​គណៈកម្មការ​អចិន្ត្រៃយ៍ ​នៃ​គណៈកម្មាធិការ​​កណ្ដាល​ គណបក្ស​ប្រជាជន​កម្ពុជា។ អ៊ីចឹង​ មិន​មែន​អត្តនោម័ត ​ដោយ​ថ្នាក់​ដឹកនាំ​ណា​ម្នាក់​ទេ។»

យ៉ាងណា លោក សុខ ឥសាន បានបង្ហើបឲ្យដឹងថា នៅក្នុងដំណើរការតែងតាំងនេះ មិន​មាន​បេក្ខជនណាផ្សេង ឈរឈ្មោះដើម្បីប្រជែង ទល់នឹងលោក ហ៊ុន ម៉ាណែត ដែល​ជាកូន​ប្រុស​ច្បង របស់ប្រធានគណបក្ស និងនាយករដ្ឋមន្ត្រី ដ៏មានអំណាច​នោះឡើយ។

ការតែងតាំងនេះ គឺលោក ហ៊ុន ម៉ាណែត នឹងមកជំនួសលោក កែ ប៊ុនខៀវ ដែលបាន​កាន់តំណែងនេះ តាំងពីជាង២០ឆ្នាំមកហើយ។

ក្នុងរយៈពេលប្រមាណជា ៩ឆ្នាំប៉ុណ្ណោះ លោក ហ៊ុន ម៉ាណែត ត្រូវបានឪពុករបស់លោក តំឡើង​ឋានន្តរស័ក្ដិ និងតំណែងតួនាទី យ៉ាងច្រើន នៅក្នុងជួរយោធា។ រាប់ពីឆ្នាំ​២០១៨​មក បុរសអាយុ៤២ឆ្នាំរូបនេះ បានពាក់ផ្កាយ៤ នៅលើស្មារ និងក្លាយ​ជា​អគ្គ​មេ​បញ្ជាការ​រង​កង​ទ័ព និង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍បន្ថែមថា លោក ហ៊ុន ម៉ាណែត នៅមាន​តំណែង ​ជាមេ​បញ្ជាការ​រង​ នៃ​កង​អង្គរក្ស​​ផ្ទាល់​ខ្លួន​ របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​អង្គភាព​​ប្រឆាំង​ភេរវកម្ម​ របស់​ក្រសួង​ការពារ​ជាតិ​ផង​ដែរ។

សម្រាប់តំណែងថ្មីថ្មោង របស់លោក ហ៊ុន ម៉ាណែត ជាប្រធានយុវជន​គណបក្ស​ប្រជាជន​​កម្ពុជា​ថ្នាក់កណ្ដាល ត្រូវបានលោក គីម សុខ រំពឹងទៀតថា ទំនងជាតម្រូវ​តាម​ហេតុការណ៍​អ្វីមួយ ដែលនឹងកើតឡើង ក្នុងពេលឆាប់ៗខាងមុខ។ លោកសរសេរថា៖

«ការតែងតាំង ក្នុងកាលៈទេសៈពិសេសស្ងៀមៗរបៀបនេះ ទំនងជាការត្រៀមបម្រុង នឹងព្រឹត្តិការណ៍អ្វីមួយ៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។