កម្ពុជា

អ្នកវិភាគថា អ្នក​ដែលត្រូវ​លាលែង​មុនគេ​គឺ ហ៊ុន សែន និង ជា សុផារ៉ា

តើក្នុងហេតុការណ៍រលំស្រុតអគារចិន នៅខេត្តព្រះសីហនុ មានតែមន្ត្រីជាន់ខ្ពស់ពីររូបទេឬ ដែលត្រូវទទួលខុសត្រូវ? សម្រាប់លោក គីម សុខ អ្នកវិភាគនយោបាយ និងសង្គម បានពន្យល់ថា អ្នកដែលទទួលខុសត្រូវ «ធំជាងគេ» គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោករដ្ឋមន្ត្រី ជា សុផារ៉ា ខណៈមន្ត្រីជាន់ខ្ពស់ពីរនាក់ ដែលរងការដក-ដេញ ពីលោក ហ៊ុន សែន រួមមានលោក ញឹម វណ្ណដា និងលោក យន្ដ មីន នោះ គ្រាន់តែជា​«ល្បែង​សៀក ធ្វើឲ្យ​តែល្អមើល ដើម្បី​បន្ថយ​ការរិះគន់​​ពីមជ្ឈដ្ឋានទូទៅ»​ប៉ុណ្ណោះ។

សោកនាដកម្ម នៃការដួលស្រុត​អគារ កំពស់៧ជាន់ សាងសង់ដោយសហគ្រាសចិន បានបណ្ដាលឲ្យមនុស្ស ២៨នាក់ ស្លាប់បាត់បង់ជីវិត ខណៈមនុស្ស ២៦នាក់ផ្សេងទៀត បានរងរបួស។

មន្ត្រីរដ្ឋាភិបាលពីរនាក់ គឺលោក ញឹម វណ្ណដា អតីតទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក យន្ដ មីន អតីតអភិបាលខេត្តព្រះសីហនុ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចដកចេញ ពីតំណែងចាស់ និងផ្ទេរទៅកាន់តំណែងថ្មី។ 

នៅចំពោះការដក-ដេញ ផ្ទេរដោះដូរនេះ លោក គីម សុខ បានចោទសួរឡើងថា «តើ​អ្នកណា​ ជាអ្នកទទួល​ខុសត្រូវ​លើ​សោកនាដកម្ម» កើតឡើង​ក្នុងខេត្ត​ភាគនីរតី​មួយនេះ ដែលជាទីកន្លែង ​ទទួល«ចូល» នូវជនជាតិចិន ដ៏«ច្រើនគគ្រឹកគគ្រេង ដោយរោយទាំងពួកម៉ាហ្វីយ៉ា រហូតដល់​ស្ទើរតែ​លែងឃើញ​ ជនជាតិ​ខ្មែរ​ម្ចាស់ស្រុក»?

អ្នកវិភាគបានសរសេរ បង្ហោះនៅលើបណ្ដាញសង្គមថា៖

«ចំពោះ​មុខ​ការឈឺចាប់​របស់​ជាតិទាំងមូល ​ដែលបាន​រងគ្រោះ​ ដោយសារ​និង​នៅក្រោម​ការដឹកនាំ​របស់​គាត់​ មួយករណីហើយ​មួយករណីទៀត តាំងពី​ការបំផ្លាញ​ធនធាន​ធម្មជាតិ​របស់​ប្រទេស … រហូតដល់​នយោបាយ​អំណាច​អញនិយម​-​គ្រួសារនិយម​ សម្លាប់​ប្រជាធិបតេយ្យូបនីយកម្ម​សង្គម​ ដែល​ធ្វើឲ្យ​​ប្រជារាស្ត្រ​ក្ដៅក្រហាយ​ ពាសពេញ​ប្រទេស​ ហើយ​សហគមន៍​អន្តរជាតិ ​ដាក់​សម្ពាធ​លើគាត់នោះ រឿង​សោកនាដកម្ម​ក្ដៅៗ​នេះ​ ធ្វើឲ្យ​លោក ហ៊ុន សែន រងសម្ពាធ​ផ្លូវចិត្ត​ដែលមិន​សូវខ្វល់ ​របស់​គាត់។​ គឺគាត់​បានប្រកាស​ដក ដូរ ផ្លាស់​កន្លែង​ កូនចៅ​របស់​គាត់តាមរបៀប​ល្បែងសៀក ធ្វើឲ្យ​តែល្អមើល ដើម្បី​បន្ថយ​ការរិះគន់​ពីមជ្ឈដ្ឋានទូទៅ។»

អ្នកធ្វើអត្ថាធិប្បាយនយោបាយ ដ៏ល្បីឈ្មោះរូបនេះ បានយកហេតុផល​ផ្លូវច្បាប់ មកពន្យល់ថា អ្នកដែលត្រូវដកចេញ គឺលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​រៀបចំ​ដែនដី​ នគរោបនីយកម្ម​ និង​សំណង់ ដោយហេតុថា គឺក្រសួងមួយនេះ ជាអ្នក​​មានដែន​សមត្ថកិច្ច​ ក្នុងការចេញ​អាជ្ញាប័ណ្ណ​ សាងសង់។

លោកបន្តថា៖ 

«តាមផ្លូវច្បាប់ និង​ស្មារតី​ទទួលខុសត្រូវ​ ជា​មេភ្លើង​បញ្ហា គឺ​លោក ហ៊ុន សែន ខ្លួនឯង​ ដែល​ត្រូវ​លាលែង មុននរណាៗទាំងអស់​ ពីព្រោះ​គឺជា​អ្នកបាន​សម្រេច បង្ហូរ​ឲ្យហ្វូងជនជាតិ​ចិន​ចូលស្រុក​ កើត​បញ្ហា​ពេញទឹកពេញដី ជាពិសេស​ករណី​សំណង់​ចិនបែបនេះ​ ជា សុផារ៉ា ក៏ត្រូវឆ្លងកាត់លោក ហ៊ុន សែន ដោយខានមិនបាន។»

អគារថ្មីៗជាច្រើន បាននិងកំពុងពន្លេចខ្លួនឡើង នៅខេត្តព្រះសីហនុ ដែលភាគច្រើនជាស្នាដៃសាងសង់ របស់សហគ្រាស និងជនជាតិចិន ដែលនាំគ្នាចូលមករស់នៅកាន់តែច្រើនឡើង នៅក្នុងខេត្តនេះ បន្ទាប់ពីនយោបាយ«ល្អូកល្អិន» រវាងក្រុងភ្នំពេញ និងក្រុងប៉េកាំង។ ក្រុងភ្នំពេញ រួមនឹងលោក ហ៊ុន សែន ផងតែចាត់ទុក ការវិវត្តន៍ថ្មីៗទាំងនោះ ថាជាលទ្ធផលនៃការវិនិយោគរបស់ចិន ដើម្បីជួយឲ្យសេដ្ឋកិច្ចកម្ពុជា មានភាពរីកចម្រើន។

តែលោក គីម សុខ មិនគិតដូច្នេះទេ។ អ្នកវិភាគបានបន្ទោសលោក ហ៊ុន សែន ថា គឺដោយសារនយោបាយ និងការដឹកនាំរបៀបនេះហើយ ទើបធ្វើឲ្យបណ្ដាជនចិនទាំងអស់នោះ មានភាពក្អេងក្អាង បង្កើនចរិតទំនើង និងបានដៃ។ លោកពន្យល់បន្តថា៖

«ម្យ៉ាងទៀត គឺមកពីការ​ឲ្យដៃ របស់មន្ត្រីអាជ្ញាធរ​ ដែលបានប្រយោជន៍​ពីពួកចិន ឬ​ការញញើត ​ខ្លាច​មិនហ៊ាន​ប្រើច្បាប់​កម្ពុជា​ ទៅលើ​វា។ ដោយសារតែ​ នៅស្រុក​ខ្មែរ​ ច្បាប់​នៅលើមាត់​អ្នកធំ​សេដ្ឋី​ឧកញ៉ា​ អ្នកមានលុយ​មា​នខ្សែ ជាមួយមន្ត្រីជាន់ខ្ពស់ ​ទាំងស៊ីវិលនិងយោធា។ល។»

«របៀប​ធ្វើការ​ របស់​ក្រុមហ៊ុន​ចិន ដែលអាងលើ​ទឹកលុយ និង​ឥទ្ធិពល​ខ្សែពីលើ​ ពួក​កឺកឺ(ចិន)អស់នេះ ​មិនសូវ​ផ្ដោត​លើសុវត្ថិភាព ​របស់​អ្នកធ្វើ​ការ​-កម្មករ-​វិស្វករ​ នៅលើ​ការដ្ឋាន​សំណង់ ជាសំខាន់​ទេ។ ពួកគេ​ឲ្យ​តម្លៃ​ជីវិត​ និង​សុវត្ថិភាព​កម្មករ​ខ្មែរទាបជាងលុយចិន ហើយបទដ្ឋាន​សុវត្ថិភាពការងារចិន ទាបជាង​បទដ្ឋាន ​​របស់​ជប៉ុន​ឆ្ងាយណាស់​៕»

ដក ​បណ្ដេញ​ លាលែង​ ក្នុង​ល្បែង​បំភ័ន្ត​​ បាំង​ការទទួលខុសត្រូវរបស់លោក ​ហ៊ុន សែន​ ចំពោះសោកនាដកម្មនៅក្រុងព្រះសីហនុ…

Posted by Kim Sok on Tuesday, June 25, 2019
សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។