កម្ពុជា

អាឡិច ថា«កោះកុងក្រៅ»ត្រូវ ហ៊ុន សែន ​លួចលក់​ឱ្យ​ក្រុមហ៊ុន លី យ៉ុងផាត់

ប្រធានអង្គការមាតាធម្មជាតិ លោក អាឡិច ដេវិតសុន (Alejandro G.Davidson) បាន​អះអាងថា កោះកុងក្រៅ ដែលជាកោះដ៏ធំមួយ ត្រូវបានរបបលោក ហ៊ុន សែន លក់តាម​«បែប​លួចលាក់» ទៅឲ្យក្រុមហ៊ុនមួយ របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលអ្នកផងផ្ដល់​រហស្សនាម ជា«ស្ដេចកោះកុង»។

អមនឹងរូបភាពជាច្រើន ដែលបង្ហោះនៅលើបណ្ដាញសង្កម ក្នុងនោះ​មានសេចក្ដីសម្រេច​មួយផង របស់រដ្ឋាភិបាល​ក្រុងភ្នំពេញ  លោក អាឡិច បានសរសេរថា លោក ហ៊ុន សែន បាន«សម្រេចបែបលួចលាក់» អនុញ្ញាតឲ្យក្រុមហ៊ុន កោះកុង អេស អ៊ី ហ្ស៊េត (Koh Kong S E Z Co.Ltd) របស់ឧកញ្ញ៉ា លី យ៉ុងផាត់ អភិវឌ្ឍន៍កោះកុងក្រៅ ដែលជាកោះធំជាងគេ និងស្រស់ស្អាតជាងគេ របស់កម្ពុជា នៅខែមិថុនា ឆ្នាំ២០១៩។

សេចក្ដីសម្រេច របស់រដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាដោយលោក ហ៊ុន សែន នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បានបង្កើតគណៈកម្មការត្រួតពិនិត្យ ការអភិវឌ្ឍន៍ នៅ​កោះកុង​ក្រៅ ខេត្តកោះកុង ដែលមានលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាប្រធាន និង​លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ជាអនុប្រធាន ព្រមទាំងសមាជិក​ចំនួន៨រូប​ផ្សេងទៀត។

បើតាមសេចក្ដីសម្រេចនោះ គណៈកម្មការខាងលើ មានភារកិច្ចត្រួតពិនិត្យ លើគម្រោង​អភិវឌ្ឍន៍កោះកុងក្រៅទាំងមូល របស់ក្រុមហ៊ុនកោះកុង អេស អ៉ី ហ្សិត ខូអិលធីឌី ដែល​រដ្ឋាភិបាលប្រគល់ជូន ឲ្យអភិវឌ្ឍន៍ តាម ស.ជ.ណ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ របស់​ទីស្តីការ​គណៈរដ្ឋមន្រ្តី។

ក្នុង​ឯកសារចុះបញ្ជីពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ក្រុមហ៊ុន​កោះកុង អេស អ៉ី ហ្សិត ខូអិលធីឌី នេះ មានលោក លី យ៉ុងផាត់ ជាប្រធានក្រុមប្រឹក្សា​ភិបាល និងមានទីស្នាក់ការ​ដំបូង នៅក្នុងសង្កាត់​ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

តាមរយៈកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមុននេះបន្តិច លោក អាឡិច បានសម្ដែងការភ្ញាក់ផ្អើល ដោយសារតែការប្រគល់កោះ ដ៏ធំបំផុត​របស់​កម្ពុជា​មួយនេះ ទៅឲ្យក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ មិនដែលត្រូវបានប្រកាស ឲ្យដឹង​ជាសាធារណៈ ពីមុនមកទេ ក្រៅតែពីការលេចឮ នូវពាក្យចចាមអារាម មួយចំនួន​ប៉ុណ្ណោះ។

ក្រៅពីនេះ ស្ថាបនិកអង្គការមាតាធម្មជាតិ បានអះអាងថា បើទោះជាមានការប្រគល់ ឲ្យក្រុមហ៊ុនខាងលើ ធ្វើការអភិវឌ្ឍន៍នោះក៏ដោយ តែគេមិនឃើញមានការអភិវឌ្ឍន៍ ឬការផ្លាស់ប្ដូរអ្វី ជាដុំកំភួន នៅលើកោះកុងក្រៅនោះឡើយ ដោយលោក បានយោង​តាម​ការសង្កេតផ្ទាល់ ពីសំណាក់ក្រុមសកម្មជនបរិស្ថាន របស់អង្គការ​របស់លោក ដែលបាន​ចុះ​ទៅដល់កោះកុងក្រៅ កាលពីប៉ុន្មានថ្ងៃមុន។

Covid-19 សង្គ្រោះ«កោះកុង​ក្រៅ»?

លោក អាឡិច បានរំពឹងថា អាចមានទិដ្ឋភាពពីរយ៉ាង ពីការបង្កើតគណៈកម្មការចម្រុះ របស់លោក ហ៊ុន សែន

«ផ្លូវទីមួយ គាត់បញ្ចេញ អាសេចក្ដីប្រកាសមួយនេះ ដើម្បីបំបាក់ទឹកចិត្តយុវជន ប្រាប់​យុវជនថា មិនបាច់ទៅជិះកង់ មិនចាំបាច់ទៅធ្វើអីទៀតទេ ព្រោះក្រុមហ៊ុន លីយ៉ុងផាត់ ហ្នឹងទទួលសិទ្ធិវិនិយោគហើយ។ អាហ្នឹង ផ្លូវអស់សង្ឃឹម យើងគិតពីផ្លូវអាក្រក់ [របស់លោក ហ៊ុន សែន] ជាមុនសិន។»

«ផ្លូវមួយទៀត គឺគម្រោងរបស់ក្រុមហ៊ុន លី យ៉ុងផាត់ ត្រូវបានបរាជ័យ ដោយសារ​អាកូវិដ-១៩ ដោយសារ​មានវិបត្តិសេដ្ឋកិច្ច មិនមានការត្រូវរ៉ូវគ្នា ជាមួយនឹងអ្នកវិនិយោគ មកពីចិន។ ឧស្សាហ៍កើតឡើងណាស់ នៅខ្មែរ មានកើតឡើងច្រើនណាស់ គេប្រកាសថា​អភិវឌ្ឍន៍ វិនិយោគប៉ុន្មានពាន់លានដុល្លារ តែទីបំផុតឃើញស្ងាត់ អត់មានឃើញអី​ទាំង​អស់។ ជួនកាលឃើញដែរ កាប់ឈើ ឬក៏ដេញប្រជាជន អាហ្នឹងឃើញហើយ តែអា​ការភិវឌ្ឍន៍​​ជាក់ស្ដែង វាអត់មាន។»

លោកពន្យល់បន្តថា៖

«អញ្ចឹងបើយើងគិត ពីផ្លូវល្អវិញ បើគម្រោងរបស់ លី យ៉ុងផាត់ របស់គ្នាគាត់ហ្នឹង អត់បានជោគជ័យ កំពុងតែគាំង ហើយ ហ៊ុន សែន ឃើញពីម្សិលម្ងៃ ចាប់កង់យុវជន មិនឲ្យជិះទៅភ្នំពេញ វាផ្ទុះ។ កាលណាវាផ្ទុះ ប្រជាជនខ្មែរដឹងឮ អញ្ចឹងគេរិះគន់ណាស់ ហេតុអ្វីក៏ចាប់យុវជន? អញ្ចឹងគាត់ ប្រតិកម្មបែប​បង្កើត​រឿងល្ខោន​មួយ ហៅថា​គណៈកម្មការ​ពិសេស ទៅមើលកោះកុងក្រៅ (…) ហើយទីបញ្ចប់ អាទិត្យក្រោយ ឬពីរ​អាទិត្យ​ទៀត ប្រកាស​លប់ចោល​គម្រោង​អភិវឌ្ឍន៍ របស់ លី យ៉ុងផាត់។»

បទសម្ភាសជាមួយលោក អាឡិច នឹងត្រូវផ្សាយជូនទាំងស្រុង នៅពេលក្រោយ។

មិនអាចស្វែងរកប្រតិកម្ម ពីមន្ត្រីរដ្ឋាភិបាល និងក្រុមហ៊ុន កោះកុង អេស អ៉ី ហ្សិត ខូអិលធីឌី ក្នុងយប់ថ្ងៃទី៥ ចូលមកថ្ងៃទី៦ ខែមិថុនា​នេះ បាននៅឡើយ។

កាលពីថ្ងៃទី៣ ខែមិថុនាម្សិលម្ងៃ ក្រុមអាជ្ញាធរខេត្តកោះកុង បានចាប់កង់ របស់ក្រុម​យុវជន ដែលមានបំណង ចង់ធ្វើដំណើរ ពីខេត្តមួយនេះ មកកាន់រាជធានីភ្នំពេញ ដើម្បី​ដាក់ញត្តិ ទាមទារឲ្យរដ្ឋាភិបាល ធ្វើការអភិរក្សកោះកុងក្រៅ ទុកជាតំបន់ធម្មជាតិ។ នៅ​ក្នុងការទាមទារ កង់របស់ពួកគេត្រឡប់មកវិញ ក្រុមយុវជនទាំងនោះ ត្រូវបាន​អាជ្ញាធរ​ខេត្ត​ឃាត់ខ្លួន ជាច្រើនម៉ោង ដើម្បីធ្វើការសាកសួរ និងបង្ខំឲ្យចុះកិច្ចសន្យា។

សម្រាប់លោក អាឡិច​ បានចំអកឲ្យក្រុមអាជ្ញាធរទាំងនោះថា នៅខណៈលោក ហ៊ុន សែន ប្រកាសថា កោះកុងក្រៅ ត្រូវបានប្រគល់ឲ្យក្រុមហ៊ុន របស់លោក លី យ៉ុងផាត់ ធ្វើការ​អភិវឌ្ឍន៍នោះ នៅឯខេត្តកោះកុងឯណោះ ក្រុមអាជ្ញាធរបែរជានិយាយ ពាក្យដដែលៗថា «កោះកុងក្រៅ មិនមានអ្វីត្រូវសង្គ្រោះទេ»៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។