មន្ត្រីស្និតលោក សម រង្ស៊ី មេដឹកនាំប្រឆាំង បានអះអាងថា ការជួបជាមួយពលករខ្មែរ ក្នុងប្រទេសថៃ អាចជាជំហានក្រោយ បន្ទាប់ពីកូរ៉េខាងត្បូង ដែលជាជំនួបជាមួយពលកររាប់ពាន់នាក់ កាលពីសប្ដាហ៍មុនរួច។ ប៉ុន្តែសម្រាប់អ្នកវិភាគ បានគិតថា ជំនួបនៅក្នុងប្រទេសថៃ លោក សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិ អាចរងហានិភ័យច្រើន។
លោក ម៉ែន សុថាវរិន្ទ្រ អតីតតំណាងរាស្ត្រ មកពីគណបក្សប្រឆាំង បានប្រកាសនៅក្នុងពិធីរាត្រីសមោលសរ នៃចលនាយុវជនគណបក្ស ប្រចាំក្នុងប្រទេសបារាំង កាលពីយប់ថ្ងៃសៅរិ៍ ទី២៧ ខែមេសានេះថា បន្ទាប់ពីប្រទេសកូរ៉េខាងត្បូង លោក សម រង្ស៊ី នឹងធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីជួបជាមួយពលករនៅទីនោះ។ លោក ថាវរិន្ទ្រ បានអះអាងថា៖
«ឥឡូវយើងទៅដល់កូរ៉េហើយ បន្តិចទៀត លោកប្រធាន [សម រង្ស៊ី] នឹងទៅដល់ប្រទេសថៃ។ បើដល់ប្រទេសថៃ អញ្ចឹងដល់ណា? គឺដល់ស្រុកខ្មែរហើយ។ អញ្ចឹង ២០១៩នេះ លោកប្រធាន សម រង្ស៊ី និងយើងទាំងអស់គ្នា មួយចំនួនធំនេះ នឹងទៅ។ ហើយសំខាន់ កម្លាំងនៅប្រទេសថៃ ដែលជាកម្លាំងធំមែនទែន គាត់នឹងត្រៀមលក្ខណៈ ពលករទាំងអស់នឹងត្រៀមលក្ខណៈ ទៅជាមួយលោកប្រធាន។»
រីឯពេលវេលា ដែលត្រូវធ្វើដំណើរទៅកាន់ទីនោះ ត្រូវបានលោក សុថាវរិន្ទ្រ បង្ហើបថា នឹងរង់ចាំការសម្រេច របស់គណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្ស ដែលនឹងជួបប្រជុំគ្នា នៅខែមិថុនាខាងមុខ។ មន្ត្រីគណបក្សប្រឆាំងរូបនេះ ថ្លែងថា៖
«លោកប្រធានគាត់ទៅហើយ គាត់រៀបចំហើយ បានន័យថា ទ្រព្យសម្បត្តិផ្ទះសម្បែង គាត់បានចែកឲ្យកូនចៅគាត់ហើយ មានន័យថាត្រៀមលក្ខណៈ (…) ដើម្បីទៅ។ អញ្ចឹងគណៈអចិន្ត្រៃយ៍នឹងប្រជុំម្ដងទៀត ជាលើកទី៣ នៅសហរដ្ឋអាមេរិក ប្រហែលជាខែ៦ (…) តែខែ៥នេះគឺកៀកពេក ធ្វើអត់កើត (…) បើទៅខែ៦ រៀងរហ័សពេក បើទៅខែ១១ យូរពេក ទៅខែប៉ុន្មានបងប្អូនចាំមើលទៅ។»
កាលពីពេលកន្លងមក លោក ហ៊ុន សែន ធ្លាប់បានថ្លែងគម្រាមលោក សម រង្ស៊ី កុំឲ្យធ្វើដំណើរ មកក្នុងទ្វីបអាស៊ី ក្បែរៗនឹងប្រទេសកម្ពុជាពេក។ បុរសខ្លាំងកម្ពុជា បានប្រាប់មូលហេតុថា លោកអាចនឹងបញ្ជូនគិញសម្ងាត់ ឲ្យទៅចាប់ខ្លួនលោក សម រង្ស៊ី នៅលើប្រទេស ដែលមេដឹកនាំប្រឆាំងបង្ហាញវត្តមាន។
ប៉ុន្តែការគម្រាមនោះ ត្រូវបានលោក សម រង្ស៊ី ប្រតិកម្មតបវិញ ដោយចាត់ទុកការលើកឡើង របស់លោក ហ៊ុន សែន ថាជាទង្វើបែប«ហ្វាស៊ីស»។
សម្រាប់អ្នកឃ្លាំមើលបញ្ហានយោបាយកម្ពុជា លោក ព្រហ្ម គីត បានគិតថា រូបភាពចាប់ដៃចាប់ជើង រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធ ច័ន្ទអស្ចារ្យ កាលពីប៉ុន្មានថ្ងៃមុន អាចជាឧបសគ្គសម្រាប់ការជួបជុំណាមួយ របស់លោក សម រង្ស៊ី ជាមួយនឹងក្រុមអ្នកគាំទ្រ។
ទោះយ៉ាងនេះក្ដី ក៏លោក ព្រហ្ម គិត បន្តលើកឡើងថា ក្រុមលោក សម រង្ស៊ី នៅមានគន្លឹះសំខាន់មួយចំនួន ដើម្បីឲ្យការជួបប្រជុំ នៅក្នុងប្រទេសថៃ អាចប្រព្រឹត្តទៅបាន (សូមរង់ចាំអានការអះអាងរបស់អ្នកវិភាគ នៅក្នុងអត្ថបទ ដែលចេញផ្សាយក្រោយអត្ថបទនេះ)៕