បើសិនជាគ្មានប្រាក់ ២ម៉ឺនផោន ឲ្យពេទ្យខ្មែរទេ នោះគ្រូបង្រៀនជាតិអង់គ្លេសម្នាក់ ឈ្មោះ «Anthony Igoe» នឹងត្រូវគ្រូពេទ្យទាំងនោះ វះកាត់យកសួតមួយចំហៀងចេញ។ នេះ បើតាមការលើកឡើង របស់ក្រុមគ្រួសាររបស់លោក នៅតាមប្រព័ន្ធផ្សព្វផ្សាយ ខណៈអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានចាត់ទុកការលើកឡើងនោះ ថាជាការបំភ្លៃ ឬ«Fake News»។
សារព័ត៌មាន«Daily Record»របស់ប្រទេសស្កុតឡែន (Scotland – ភាគខាងជើង និងជាផ្នែកមួយ នៃចក្រភពអង់គ្លេស) បានស្រង់សំដីរបស់ក្រុមគ្រួសារ របស់លោក «Anthony Igoe» មកផ្សព្វផ្សាយថា គ្រូបង្រៀនអាយុ៣១ឆ្នាំរូបនេះ បានឈឺជំងឺសួតម្ដងហើយ នៅអំឡុងខែមករា ឆ្នាំ២០២០ ដោយនៅពេលនោះ វេជ្ជបណ្ឌិតខ្មែរបានឲ្យថ្នាំ«AntiBiotiques – ប្រឆាំងមេរោគ»មួយចំនួន ដើម្បីព្យាបាលឲ្យបានស្រាកស្រាន្ដទៅវិញ។
កញ្ញា «Alana Fonseca» ដែលជាមិត្តស្រីអាយុ២៨ឆ្នាំ របស់លោក «Anthony Igoe» បានថ្លែងប្រាប់សារព័ត៌មានខាងលើថា ជំងឺមិត្តប្រុសកញ្ញា បានឈឺរើឡើងវិញ នៅចាប់ពីខែមីនាមក និងកាន់តែមានសភាពធ្ងន់ធ្ងរ ខ្លាំងឡើងៗ។ មិត្តស្រីរូបនេះបញ្ជាក់ថា លោក «Anthony Igoe» បានស្រកទម្ងន់ ប្រមាណជា២០គីឡូក្រាម ក្នុងរយៈពេលតែ១ខែ។
កញ្ញាត្រូវបានស្រង់សំដី មកអះអាងថា៖
«ប្រសិនបើខ្ញុំអាច ខ្ញុំនឹងនាំគាត់ ទៅប្រទេសស្កុតឡែនវិញ ប៉ុន្តែគាត់មិនត្រូវបានអនុញ្ញាត ឱ្យជិះយន្ដហោះទេ។ យើងត្រូវបានគេប្រាប់ យ៉ាងជាក់លាក់ថា បើយើងគ្មានប្រាក់ទូទាត់ទេ វេជ្ជបណ្ឌិតក្នុងមន្ទីរពេទ្យសាធារណៈ នៅកម្ពុជា នឹងវះកាត់យកចេញ នូវសួតមួយចំហៀង របស់ “Anthony” ដោយហេតុថា ថ្នាំដែលត្រូវយកមកព្យាបាល មានតម្លៃថ្លៃណាស់។»
ទឹកប្រាក់ដែលក្រុមគ្រួសារអះអាងថា ត្រូវបានទាមទារ ដោយគ្រូពេទ្យនៅកម្ពុជានោះ មានទំហំ ២០ ០០០ ផោនអង់គ្លេស ដែលត្រូវជាប្រមាណ ជាង ២២ ០០០ អ៊ឺរ៉ូ ឬជិត ២៥ ០០០ ដុល្លារសហរដ្ឋអាមេរិក។ បើតាមឯកសារ (ខាងក្រោម) ដែលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ តម្លៃព្យាបាលសរុប ដើម្បីគ្មានការវះកាត់យកសួតចេញ មានប្រមាណជាង ២៦ ០០០ ដុល្លារអាមេរិក។
ការរៃអង្គាសមួយ ត្រូវបានក្រុមគ្រួសារលោក «Anthony Igoe» បើកធ្វើនៅលើគេហទំព័រ «Go Found Me» ចាប់ពីថ្ងៃទី១៤ ខែឧសភាកន្លងមកថ្មីៗ។ មកដល់ថ្ងៃនេះ ពោលគឺ៩ថ្ងៃក្រោយ ទឹកប្រាក់ដែលទទួលបាន មានប្រមាណជា ១ម៉ឺន២ពាន់ ផោនអង់គ្លេសរួចហើយ។ នេះ បើតាមតួលេខ ដែលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ។
សារព័ត៌មានមិនបានបញ្ជាក់ថា ជំងឺរបស់លោក «Anthony Igoe» ជាករណីជំងឺ «Covid-19» នោះទេ។ តែកញ្ញា «Alana Fonseca» បាននិយាយថា មិត្តប្រុសរបស់កញ្ញា មានអាការៈក្អក និងឈឺទ្រូង។ កញ្ញាអះអាងថា៖
«បន្ទាប់ពីការធ្វើតេស្តរួច គេបានរកឃើញថា លោក “Anthony Igoe” បានឆ្លងមេរោគចំនួនពីរ។ ទីមួយ គឺមេរោគ ដែលបង្កឱ្យមានអាប់ស នៅក្នុងសួតរបស់លោក ដែលបណ្តាលខូចសួត ជាលក្ខណៈអចិន្រ្តៃយ៍។ មេរោគទីពីរ គឺបណ្ដាលឱ្យ មានជំងឺរលាកសួត។»
បើតាមអត្ថបទ របស់សារព័ត៌មានខាងលើ ក្រុមគ្រួសារអ្នកជំងឺជាតិស្កតឡែន មិនបានបញ្ជាក់ថា តើលោក «Anthony Igoe» បានចូលទៅសម្រាកព្យបាល នៅមន្ទីរពេទ្យណាមួយ ក្នុងប្រទេសកម្ពុជាទេ។ លិខិតស្នាមជាច្រើន ដែលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ មានឃើញស្នាមលប់ ឈ្មោះមន្ទីរពេទ្យ ឬឈ្មោះវេជ្ជបណ្ឌិត ចេញ។
សាកសួរសុំប្រតិកម្ម ដោយប្រព័ន្ធឃោសនា នៅក្នុងស្រុក អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានបដិសេធព័ត៌មានខាងលើ ដោយចាត់ទុកព័ត៌មាននេះ ជាការបំភ្លៃ ឬជា«Fake News» ដែលប្រឌិតឡើង ដើម្បីចោទប្រកាន់ មកលើប្រព័ន្ធសុខាភិបាលកម្ពុជា។
យ៉ាងណា ប្រតិកម្មដ៏ខ្លី របស់អ្នកស្រី ឱ វណ្ណឌីន មិនបានលំអិតបន្ថែមថា តើស្ថានភាពអ្នកជំងឺបរទេសខាងលើ មានលក្ខណៈបែបណា ខណៈប្រព័ន្ធឃោសនាក្នុងស្រុកដដែល មិនបានស្រង់ប្រភពពិតប្រាកដ នៃការចុះផ្សាយរបស់សារព័ត៌មាននៅបរទេស យកមកធ្វើជា អំណះអំណាងរបស់ខ្លួន នោះផងទេ៕