ការឃុំខ្លួនយុវជន៧រូប (ក្នុងនោះមានព្រះសង្ឃ១អង្គ) ទំនងជាត្រូវបានធ្វើ ដោយ«បំពាន»។ នេះ បើតាមការលើកឡើង របស់ក្រុមអ្នកជំនាញខាងសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ដោយជំរុញទៅអាជ្ញាធររបបក្រុងភ្នំពេញ ឲ្យដោះលែងពួកគេឲ្យនៅក្រៅឃុំ ដោយអនុលោមតាមច្បាប់ជាតិ និងអន្តរជាតិ។
ក្រុមអ្នកជំនាញទាំងនោះ រួមមាន៖ លោក«Vitit Muntarbhorn» អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា, អ្នកស្រី«Mary Lawlor» អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស, អ្នកស្រី«Miriam Estrada- Castillo» អនុប្រធានក្រុមការងារស្តីពីការឃុំខ្លួនដោយបំពាន, អ្នកស្រី«Irene Khan» អ្នករាយការណ៍ពិសេសស្តីពីការលើកស្ទួយ និង ការការពារសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ និងគំនិត ព្រមទាំងលោក«Clement Nyaletsossi Voule» អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិសេរីភាព ក្នុងការជួបជុំដោយសន្តិវិធី និងចងក្រងសមាគម។
នៅក្នុងលិខិតផ្ញើរទៅកាន់រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២១ អ្នកជំនាញខាងលើបានសម្តែងកង្វល់ ទាក់ទងនឹងការបន្តឃុំខ្លួនបណ្តោះអាសន្ន ទៅលើអ្នកការពារសិទ្ធិមនុស្ស ដែលរួមមាន កញ្ញា ឈឿន ដារ៉ាវី, លោក ហ៊ុន វណ្ណៈ, ព្រះតេជគុណ កើត សារ៉ាយ, លោក ថា ឡាវី, កញ្ញា អេង ម៉ាឡៃ, លោក មួង សុភ័ក្រ្ត និង លោក មាន ព្រហ្មមុនី ហើយថា ការឃុំខ្លួនយុវជន៧រូប ទំនងជាត្រូវបានធ្វើឡើងដោយ«បំពាន» និងដកហូតសេរីភាពរបស់ពួកគេ។
ក្រុមអ្នកជំនាញបានបញ្ជាក់ថា ក្រុមយុវជនទាំង៧រូប «គ្រាន់តែធ្វើការឆ្លើយតប ទៅនឹងការងារស្របច្បាប់ និងដោយសន្តិវិធីរបស់ពួកគេ ក្នុងការការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន នៅប្រទេសកម្ពុជា»។
លិខិតដែលសរសេរជាភាសាអង់គ្លេស បានបន្តទៀតថា៖
«អ្នកការពារសិទ្ធិមនុស្ស ទាំងប្រាំពីររូបនេះ ត្រូវបានបដិសេធ មិនឱ្យនៅក្រៅឃុំ ជាច្រើនលើកច្រើនសារ បើទោះបីជា ពួកគេបានចំណាយពេលជិត ១០ខែ ក្នុងការឃុំខ្លួនបណ្តោះអាសន្ន រួចហើយក៏ដោយ។ ការបន្តដកហូតសេរីភាពរបស់ពួកគេ គឺជាការបំពានដោយផ្ទាល់ នូវសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវ ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដូចមានចែងក្នុងមាត្រា៩ នៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR)។»
អ្នកជំនាញអង្គការសហប្រជាជាតិ បានលើកឡើងជាថ្មីម្តងទៀត នូវកង្វល់អំពីការរំលោភបំពានសិទ្ធិ របស់យុវជនទាំងប្រាំពីររូប ក្នុងការទទួលបាន នីតិវិធីត្រឹមត្រូវ ដើម្បីទទួលបានការតំណាងតាមផ្លូវច្បាប់ និងសិទ្ធិរបស់អ្នកការពារសិទ្ធិមនុស្សទាំងនោះ ក្នុងការទទួលបានការជំនុំជម្រះ ដោយយុត្តិធម៌។
«ក្រុមអ្នកជំនាញបានសម្តែង នូវកង្វល់យ៉ាងខ្លាំង ចំពោះរបាយការណ៍ដែលថា អាជ្ញាធរនៅកម្ពុជា កំពុងកំណត់គោលដៅ គំរាមកំហែង និងដាក់ទោសទណ្ឌដល់ អ្នកការពារសិទ្ធិមនុស្ស ក្នុងគោលបំណងឱ្យមានការភ័យខ្លាច ក្នុងចំណោមអ្នកដែលធ្វើការងារ ដើម្បីការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។»
តបនឹងលិខិតខាងលើ របបក្រុងភ្នំពេញបានបដិសេធកង្វល់ របស់ក្រុមអ្នកជំនាញ។ ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក្នុងក្រុងហ្សឺណែវ (Geneva ប្រទេសស្វីស) បានផ្ញើលិខិតចុះថ្ងៃទី២៨ ខែកក្កដា ត្រឡប់វិញដោយអះអាងថា នោះជាការអនុវត្តច្បាប់ ព្រោះយុវជនទាំងនេះ ធ្វើសកម្មភាពតវ៉ាទាមទារឲ្យដោះលែងលោក រ៉ុង ឈុន និងទទួលបានប្រាក់ឧបត្ថម្ភ ពីអ្នកនយោបាយមួយចំនួន។ ឯកអគ្គរាជទូតបានបំភ្លឺទៀតថា ការបន្តឃុំខ្លួន និងពន្យារពេលសវនាការកន្លងមក មិនមែនជាការធ្វើទុក្ខបុកម្នេញនោះទេ ប៉ុន្តែដោយសាររាតត្បាតជំងឺកូវីដ១៩។
យ៉ាងណា ក្រុមអ្នកជំនាញបានជំរុញ ទៅរបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យចាត់វិធានការបណ្តោះអាសន្នចាំបាច់ទាំងអស់ ដើម្បីបញ្ឈប់ការរំលោភបំពានទាំងឡាយ ដែលបានលើកឡើង និងដើម្បីទប់ស្កាត់ កុំឲ្យមានការកើតឡើងវិញ នូវការរំលោភបំពានទាំងនោះ ហើយក្នុងករណីដែលការស៊ើបអង្កេតទាំងឡាយ បង្ហាញថាពិត ឬការចោទប្រកាន់ទាំងនោះរកឃើញថាជាការពិតមែននោះ ត្រូវធានាឲ្យមានគនីយ្យភាព នៃបុគ្គលណាមួយដែលទទួលខុសត្រូវ ចំពោះការរំលោភបំពាន ដែលបានចោទប្រកាន់ទាំងនោះ៕