កម្ពុជា

សង្គមស៊ីវិលចំនួន ១៤១ ទាមទារ​ឲ្យដោះលែង រ៉ុង ឈុន

ក្រុមសង្គមស៊ីវិលក្នុងស្រុក ចំនួន«១៤១»អង្គការ-សមាគម បានចេញសេចក្តី​ថ្លែងការណ៍​មួយ នៅថ្ងៃទី៣ ខែសីហានេះ ដើម្បីទទូចទៅរដ្ឋាភិបាល នៃរបបក្រុងភ្នំពេញ ឲ្យធ្វើការ​ដោះលែងលោក រ៉ុង ឈុន ដែលពួកគេចាត់ទុកថា ជាអ្នកតស៊ូមតិដ៏ក្លាហានមួយរូប ក្នុងការ​ការពារសិទ្ធិកម្មករ នៅក្នុងប្រទេសកម្ពុជា។

លោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីពកម្ពុជា និងជាតំណាងក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ត្រូវបាននគរបាលចាប់ខ្លួន នៅផ្ទះរបស់លោក កាលពីយប់ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ និងត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការ នៅថ្ងៃសៅរ៍ស្អែកឡើង។ នៅទីនោះ ចៅក្រមស៊ើបអង្កេត នៃសាលាដំបូងរាជធានី បានចោទប្រកាន់លោក រ៉ុង ឈុន ពី​«បទញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» តាមបញ្ញត្តិមាត្រា​៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ មុនពេលលោកត្រូវបានបញ្ជូន​ទៅឃុំខ្លួន​បណ្ដោះ​អាសន្ន ដើម្បីរង់ចាំសវនាការ នៅពន្ធនាគារព្រៃស។

សេចក្តីថ្លែងការណ៍របស់ក្រុមអង្គការ-សមាគម បានសរសរថា៖

«ការចោទប្រកាន់ ដែលធ្វើឱ្យលោក រ៉ុង ឈុន ប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់ ២ឆ្នាំ គឺជាការរំលោភសិទ្ធិ និងសេរីភាពរបស់លោក ក្នុងការសម្ដែងមតិ ដែលត្រូវបាន​ធានា ដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។»

ក្រុមសង្គមស៊ីវិលទាំងនេះ បានរៀបរាប់ទៀតថា៖

«បន្ទាប់ពីមានការធ្វើទុក្ខបុកម្នេញ ពីសំណាក់អាជ្ញាធរ ជាងមួយទសវត្សរ៍ ការចាប់ខ្លួន​ចុងក្រោយ នៃប្រធានសហជីព ដែលគួរឱ្យកោតសរសើររូបនេះ គឺជាការគំរាមកំហែង​ដោយ​ផ្ទាល់ ចំពោះប្រជាពលរដ្ឋកម្ពុជា ដែលគ្រាន់តែប្រើប្រាស់សិទ្ធិ ធានាដោយ​រដ្ឋធម្មនុញ្​ញរបស់ខ្លួន ក្នុងការសម្ដែងមតិ។»

«សិទ្ធិនេះ មិនគួរត្រូវបានប្រឈមនឹងការភ័យខ្លាច ចំពោះការចាប់ខ្លួននៅពេលយប់ ពីសំណាក់​នគរបាល ក៏ដូចជាការជាប់ពន្ធនាគារជាច្រើនឆ្នាំនោះទេ។ យើងខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាល នឹងអាចគោរពកាតព្វកិច្ចរបស់ខ្លួន ដើម្បីធានាសិទ្ធិក្នុងការបញ្ចេញមតិ ផ្អែកតាមរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។ យើងខ្ញុំក៏សង្ឃឹមថា សាលាដំបូង​រាជធានី​ភ្នំពេញ នឹងអាចទម្លាក់ចោល​ការចោទប្រកាន់​ទាំងអស់ និងដោះលែងលោក រ៉ុង ឈុន ឱ្យមានសេរីភាពវិញ ឱ្យបានឆាប់ផងដែរ៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។