កម្ពុជា

«ព្រលានយន្ដហោះ»កម្ពុជា ទទួល​អ្នកដំណើរ​បានជាង​១០លាន​នាក់

ព្រលានយន្ដហោះ «អន្តរជាតិ» ទាំងបី​នៅក្នុងប្រទេសកម្ពុជា ទទួលអ្នកដំណើរ​ក្នុងឆ្នាំ​កន្លងទៅ​នេះ បានប្រមាណជា​១០,៦លាននាក់។ នេះ បើតាមតួលេខផ្ដល់ដោយ «VINCI Airports» សហគ្រាសបារាំង ដែលគ្រប់គ្រង និងធ្វើអាជីវកម្ម ទៅលើព្រលានយន្ដហោះ​ទាំងនោះ។

តួលេខដែលចេញផ្សាយឲ្យដឹង បានអះអាងថា ចំនួនអ្នកដំណើរ ដែលបានឆ្លងកាត់​ព្រលាន​យន្ដហោះអន្តរជាតិ នៃរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ បាន​កើនឡើង២០១%។ ហើយអ្នកដំណើរ ដែលបង្គ្រប់តួលេខ ១០លាននាក់ដំបូង គឺអ្នកដំណើរ​ដែលបាន​ឆ្លងកាត់​​ព្រលានយន្ដហោះ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។

របាយការណ៍​«VINCI Airports»​បានឲ្យដឹងថា ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ មាន​អ្នក​ដំណើរឆ្លងកាត់​ប្រមាណជា ៥,៥លាននាក់ កើនឡើង ២៧,៩% បើធៀបនឹង​ឆ្នាំ​២០១៧។ ព្រលានយន្ដហោះក្រុងសៀមរាប មានអ្នកដំណើរឆ្លងកាត់ ៤,៤៨លាននាក់ កើន​ឡើង ៦,៤% បើធៀបនឹងឆ្នាំកន្លងទៅ។ ចំណែកព្រលានយន្ដហោះក្រុងព្រះសីហនុ ទទួល​អ្នកដំណើរ​​បានប្រមាណជា ៦៥១ ០០០នាក់ កើនឡើង៩២,៦% បើធៀបនឹងឆ្នាំមុន។

ចំនួនអ្នកដំណើរ ដែលធ្វើដំណើរតាមព្រលានយន្ដហោះទាំងបី បានកើតឡើងទ្វេដង ក្នុង​រយៈពេល៥ឆ្នាំចុងក្រោយ។ ចំនួនអ្នកដំណើរ ដែលកើនឡើងខ្លាំងជាងគេ គឺមកពី​ប្រទេស​ថៃ និងចិន។

សហគ្រាស «VINCI Airports» ដែលបានធ្វើអាជីវកម្ម ទៅលើព្រលានយន្ដហោះ ក្នុង​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ១៩៩៥ បានបន្តអះអាងថា នឹងពង្រីកទុនបន្ថែមទៀត ដើម្បី​ពង្រីក​ផ្លូវ​ចុះចត និង​ជាពិសេស ធ្វើទំនើបកម្ម​ទៅលើ​ព្រលាន​យន្ដហោះ​ទាំងនេះ។

នាយក​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន «Cambodia Airports» (ដៃគូរបស់​«VINCI Airports»​​នៅកម្ពុជា) លោក ខែក នរិនដា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ទិសដៅ​នៃការធ្វើដំណើរ​​មកកាន់​ប្រទេសកម្ពុជា រួមមានទាំងទេសចរណ៍ និងការធ្វើជំនួញ គឺជា​មូលហេតុ​សំខាន់ ដែលធ្វើតួលេខកើនឡើងដូច្នេះ។ លោកបន្តថា នេះគឺជាលទ្ធផល នៃ​យុទ្ធសាស្រ្ត​របស់ប្រទេស សម្រាប់ការអភិវឌ្ឍផ្លូវអាកាស និងការតភ្ជាប់​ព្រលាន​យន្តហោះ​ទាំងបី​នេះ ទៅកាន់​គោលដៅ​ជាច្រើន​ទៀត៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។