បារាំង

រលកទី៦ នៃបាតុកម្មអាវកាក់លឿង មានលក្ខណៈរប៉េះរប៉ោះ

រលកទី៦ នៃបាតុកម្មអាវកាក់លឿង ត្រូវបានកត់សម្គាល់ ដោយបាតុកម្មដ៏រប៉េះរប៉ោះ នៅតាមតំបន់មួយចំនួន នៃប្រទេសបារាំង ក្នុងនោះមានបាតុកម្ម ដែលកើតឡើង ដោយឯកឯងភ្លាមៗ នៅក្នុងរដ្ឋធានីប៉ារីស និងមួយចំនួនទៀត កើតឡើង នៅតាមខេត្ត។ ច្រកថ្នល់ល្បឿនលឿនមួយចំនួន ត្រូវបានក្រុមបាតុកររាំងខ្ទប់ ប៉ុន្តែមិនមានការរាំងស្ទះជាទូទៅណាមួយ ត្រូវបានរាយការណ៍មកទេ។

ក្នុងរដ្ឋធានីប៉ារីស បាតុកម្មរបស់ក្រុមបណ្ដាជន ពាក់អាវកាក់ពណ៌លឿង បានកើតឡើងនៅព្រឹកព្រលឹម ថ្ងៃសៅរ៍នេះតែម្ដង តាមរយៈការអំពាវនាវ របស់លោក «Eric Drouet» អ្នកនាំពាក្យចលនា របស់ក្រុមនេះ នៅលើបណ្ដាញសង្គម។ ប៉ុន្តែសេចក្ដីរាយការណ៍ នៅរសៀលនេះ បានឲ្យដឹងថា លោក «Eric Drouet» ត្រូវបានអាជ្ញាធរចាប់ខ្លួន យកទៅឃុំ ជាបណ្ដោះអាសន្ន ក្រោមបទចោទ ថាបានបង្កការរាំងស្ទះ ដល់ចរាចរណ៍សាធារណៈ មានកាន់ជាប់ខ្លួន​នូវឧបករណ៍ ដែលនាំឲ្យមានគ្រោះថ្នាក់ និងចូលរួមឃុបឃិត ក្នុងការបង្កអំពើហិង្សា។

ប៉ុន្តែយ៉ាងហោចណាស់ ក្រុមបាតុករប្រមាណជា២០០នាក់ បានជួបជុំគ្នា នៅក្នុងសង្កាត់ទី១៨ នៃរដ្ឋធានីប៉ារីស និងបានដើរដង្ហែរជាក្បួន នៅតាមដងផ្លូវមួយចំនួន ក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹង ពីសំណាក់អាជ្ញាធរ ដែលបារម្ភពីការផ្ទះអំពើហិង្សា ឬការវាយកម្ទេចណាមួយនោះ។

ពួកគេទាំងនោះ បានស្រែកនូវការទាមទាររបស់ផងខ្លួន ដូចជាសុំឲ្យបណ្ដាជន អ្នករស់នៅក្នុងរដ្ឋធានី ឲ្យចុះដើរជាមួយពួកគេ និងទាមទារឲ្យប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចុះចេញពីតំណែងជាដើម។

យ៉ាងណា ទិដ្ឋភាពជាទូទៅនៅថ្ងៃសៅរ៍នេះ ដែលនៅសល់តែប៉ុន្មានថ្ងៃ មុនបុណ្យណូអែល (Noel) មានលក្ខណៈស្ងប់ស្ងៀម ខណៈភោជនីយដ្ឋាន និងហាងលក់ទំនិញនានា បានបើកទ្វាជាធម្មតា ដោយលើកលែងតែហាងលក់ទំនិញប្រណិត ឬយីហោថ្លៃៗមួយចំនួនប៉ុណ្ណោះ។ នៅរសៀលនេះ ស្នងការរដ្ឋធានី បានអះអាងថា ចំនួនបាតុករសរុប មានប្រមាណជា៨០០នាក់ ដែលបានចុះដើរ នៅតាមដងផ្លូវនានា ក្នុងរដ្ឋធានីប៉ារីស៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។