បារាំង

រដ្ឋាភិបាល​បារាំង​គ្រោងធ្វើ​ច្បាប់​«ប្រឆាំង​ជនបំផ្លាញ»​ពេល​ធ្វើបាតុកម្ម

រដ្ឋាភិបាលបារាំងកំពុងសិក្សា ពីការបង្កើតច្បាប់មួយ បំពេញបន្ថែមទៅលើច្បាប់ធ្វើបាតុកម្ម ដើម្បីអនុញ្ញាតឲ្យចាត់វិធានការ ប្រឆាំង​ជនបំផ្លាញ និងប្រឆាំងបាតុកម្មទាំងឡាយ ដែលមិនបានជូនដំណឹង ទៅអាជ្ញាធរ។ នេះ បើតាមការអះអាងឡើង របស់លោក អេឌូអឆរ ហ្វីលីព (Edouard Philippe) នាយករដ្ឋមន្ត្រីបារាំង នៅតាមកញ្ចក់ទូរទស្សន៍ កាលពីយប់ថ្ងៃចន្ទ។

វិធានការខាងលើ រួមនឹងវិធានការផ្សេង ជាច្រើនទៀត កំពុងត្រូវបានរៀបចំ ដើម្បីទប់ទល់នឹងការអំពើហិង្សា ដែលបានកើតឡើងម្ដងហើយ ម្ដងទៀត ជាពិសេសដើម្បីត្រៀមទប់ទល់ ក្នុងករណីមានរលកជាលើកទី៩ នៃបាតុកម្មអាវកាក់លឿង នៅថ្ងៃសៅរ៍ខាងមុខ។

លោក អេឌូអារ ហ្វីលីព បានថ្លែងឡើងថា៖

«យើងត្រូវថែរក្សាសេរីភាព នៃការធ្វើបាតុកម្ម នៅក្នុងប្រទេសបារាំង។ ហើយយើងត្រូវដាក់ទណ្ឌកម្ម ចំពោះជនទាំងឡាយណា ដែលចង់បំផ្លាញ​សិទ្ធិសេរីភាព​ធ្វើបាតុកម្ម។ ដោយសារហេតុនេះហើយ ទើបរដ្ឋាភិបាលមានគម្រោង ចង់ឲ្យច្បាប់របស់យើង គួរត្រូវបានបំពេញបន្ថែម ចងឲ្យច្បាប់ថ្មី គួរត្រូវបានអនុម័ត ដើម្បីអនុញ្ញាតឲ្យដាក់ទណ្ឌកម្ម ទៅលើជនទាំងឡាយណា ដែលមិនគោរពកាតព្វកិច្ច ដែលចាំបាច់ត្រូវជូនដំណឹង ពីការធ្វើបាតុកម្ម។»

«ប្រឆាំង​ជនបំផ្លាញ»ថ្មីនេះ អាចនឹងត្រូវរដ្ឋសភាបារាំង លើកយកមកជជែកពិភាក្សា នៅដើមខែកុម្ភៈខាងមុខ។

អត្ថបទច្បាប់នោះ នឹងអនុញ្ញាតឲ្យបង្កើតបញ្ជីខ្មៅមួយ សម្រាប់ដាក់បញ្ចូល នូវជនទាំងឡាយណា ដែលត្រូវបានកំណត់អត្តសញ្ញាណ និងត្រូវបានស្គាល់ថា ជាអ្នកជំនាញខាងបំផ្លាញ ទោះជាទ្រព្យសម្បត្តិសាធារណៈ ឬឯកជនក្ដី។ ច្បាប់ថ្មី នឹងហាមឃាត់ការបិទមុខ នៅពេលធ្វើបាតុកម្ម ឬអាចក្លាយជាបទល្មើស (បើនៅតែបិទមុខ) ដែលអាចរងទណ្ឌកម្ម លើសពីការពិន័យ ដែលកន្លងមក ធ្វើត្រឹមតែជាសាច់ប្រាក់។

រដ្ឋាភិបាលចង់ពង្រឹងវិធានការផងដែរ ចំពោះ«ជនបំផ្លាញ» ដោយដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ ទៅលើជនណាក៏ដោយ ដែលបង្កឲ្យមានការខូចខាត ទៅដល់ទ្រព្យសម្បត្តិសាធារណៈ ឬឯកជន។

លោក អេឌូអារ ហ្វីលីព បានថ្លែងបញ្ជាក់ថា ចាប់តាំងពីរលកដំបូង នៃបាតុកម្មអាវកាក់លឿង រហូតមកដល់ថ្ងៃនេះ មនុស្ស ៥៦០០នាក់ ត្រូវបានចាប់ដាក់ឃុំ ជាបណ្ដោះអាសន្ន ហើយពីក្នុងចំណោមនោះ មនុស្សប្រមាណជា ១០០០នាក់ ត្រូវបានផ្ដន្ទាទោស។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ក្នុងករណីមានបាតុកម្ម នៅចុងសប្ដាហ៍ខាងមុខ រដ្ឋាភិបាលបានត្រៀមកងកម្លាំង យ៉ាងហោច ៨ម៉ឺននាក់ ទាំងកម្លាំងនគរបាល និងកងកម្លាំងអាវុធហត្ថ ដើម្បីដាក់ពង្រាយ នៅទូទាំងប្រទេស ក្នុងនោះកងកម្លាំង ៥០០០នាក់ នឹងដាក់ពង្រាយ នៅក្នុងរដ្ឋធានី ប៉ារីស។ នេះមិនទាន់និយាយដល់ ការដាក់ពង្រាយ នូវរថពាសដែកផ្សេងទៀតផងទេ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។