គ្រាន់តែនៅក្នុងរដ្ឋធានីប៉ារីស អាជ្ញាធរបារាំងបានឃាត់ខ្លួន បណ្ដាជនគួរឲ្យសង្ស័យ ចំនួនច្រើនជាង ១១៥០នាក់ ខណៈក្នុងប្រទេសបារាំងទាំងមូល តួលេខឃាត់ខ្លួន មានចំនួនយ៉ាងហោច ១៣៨៥នាក់។ នេះ បើតាមការអះអាងរបស់លោក គ្រីស្តូហ្វ៍ កាស្ដាណេរ (Christophe Castaner) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង នៅយប់ថ្ងៃសៅរ៍នេះ។
ពីក្នុងចំណោមបណ្ដាជន ដែលត្រូវបានឃាត់ខ្លួនទាំងនោះ មានជនសង្ស័យយ៉ាងហោច ៩៧៤នាក់ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន។ ប៉ុន្តែតួលេខនេះ អាចនឹងបន្តកើនឡើងទៀត នៅព្រឹកថ្ងៃអាទិត្យនេះ។
ដោយបារម្ភពីអំពើហិង្សា ដែលអាចនឹងផ្ទុះឡើងខ្លាំង ដូចកាលពីសប្ដាហ៍មុន អាជ្ញាធរបានប្ដូរយុទ្ធសាស្ត្រគ្រប់គ្រងស្ថានការណ៍ ដោយធ្វើការឆែកឆេរ ជាលក្ខណៈប្រព័ន្ធ នៅសឹងតែគ្រប់ច្រកសំខាន់ៗទាំងអស់ ដែលសំដៅចូល ទៅកាន់កន្លែងប្រមូលផ្ដុំគ្នា របស់ក្រុមបាតុករ ដែលពាក់អាវកាក់ពណ៌លឿង កាលពីព្រឹកថ្ងៃសៅរ៍។
លោក កាស្តាណេរ បានថ្លែងនៅចំពោះកងកម្លាំង ដែលស្លៀកពាក់ទាំងឯកសណ្ឋាន និងទាំងស៊ីវិល ឡើងថា៖ «ក្នុងខណៈដែលខ្ញុំនិយាយនេះ ជនដែលត្រូវបានឃាត់ខ្លួន មានចំនួនច្រើនជាង ១១៥០នាក់ នៅក្នុងតែរដ្ឋធានីប៉ារីសមួយ។ ជាតួលេខឯកត្តកម្ម ដែលមិនធ្លាប់មានពីមុនមក។»។
លោកបន្តថា៖ «អ្នកទាំងអស់គ្នា (កងកម្លាំង) បានត្រៀមខ្លួនប្រយុទ្ធ រួចជាស្រេចហើយ ដើម្បីទប់ស្កាត់នូវអំពើហិង្សា ខុសប្រក្រតី ដែលអ្នកឯង និងមិត្តប្រកៀកស្មាររបស់អ្នក បានទទួលរងគ្រោះ កាលពីសប្ដាហ៍មុន។ អ្នកទាំងអស់គ្នា ចេះសម្របខ្លួន ទៅនឹងយុទ្ធសាស្ត្រថ្មី នៃការធ្វើអន្តរាគមន៍។ អ្នកទាំងអស់គ្នា បានបង្ហាញពីសមត្ថភាព នៃការសម្របខ្លួនតាមស្ថានការណ៍ នៃភាពរហ័សរហួន នៃការធ្វើអន្តរាគមន៍ និងការឃាត់ខ្លួន (ជនសង្ស័យ)។»។
សេចក្ដីរាយការណ៍ភ្លាម ក្នុងយប់ថ្ងៃសៅរ៍ បានឲ្យដឹងថា មនុស្សសរុបទាំងអស់ ៧១នាក់ បានរងរបួស ក្នុងនោះ ៧នាក់ជាកងកម្លាំងអាជ្ញាធរ។ រថយន្ដ-ម៉ូតូជាច្រើនគ្រឿង ត្រូវបានដុតកម្ទេច និងហាងលក់ទំនិញជាច្រើន ត្រូវបានបំផ្លិចបំផ្លាញ។ តែគេនៅមិនទាន់ដឹង ពីតួលេខពិតប្រាកដ នៃការបំផ្លិចបំផ្លាយនោះនៅឡើយ។
អំពើហិង្សាបានផ្ទុះឡើងខ្លាំង នៅវេលាក្បាលព្រលប់ ពោលគឺក្រោយការជួបប្រជុំគ្នា របស់ក្រុមបាតុករអាវកាក់លឿង ប៉ុន្តែអាជ្ញាធរបានអះអាងថា អំពើហិង្សានៅសប្ដាហ៍នេះ មានទំហំតូចជាងអំពើហិង្សា កាលពីសប្ដាហ៍មុន ហើយកងកម្លាំងអាជ្ញាធរ បានគ្រប់គ្រងស្ថានការណ៍ យ៉ាងណែនក្នុងដៃ តាំងពីព្រឹកព្រហាមមក សឹងតែនៅគ្រប់តំបន់ទាំងអស់ ក្នុងប្រទេសបារាំង៕