បារាំង

បាតុកម្ម​អាវ​កាក់​លឿង – ចាប់ខ្លួន​២៧៨នាក់

មនុស្សប្រមាណជា ២៧៨នាក់ ត្រូវបានចាប់ខ្លួន បើរាប់មកទល់នឹងម៉ោង ៩ព្រឹកថ្ងៃសៅរ៍នេះ ពោលគឺនៅមុនបាតុកម្ម ដ៏សម្បើមមួយ ដែលត្រូវប្រព្រឹត្តិទៅ នៅរដ្ឋធានីប៉ារីស រៀបចំឡើង ដោយបណ្ដាជន ដែលពាក់អាវកាក់ពណ៌លឿង។ នេះបើតាមតួលេខផ្សាយឲ្យដឹង ពីស្នងការដ្ឋាននគរបាលរដ្ឋធានី និងដកស្រង់បន្ត ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP»។

បើតាមទូរទស្សន៍បារាំង «BFMTV» បានលើកឡើង នៅមុន​ការចេញ​ផ្សាយ​អត្ថបទនេះ ពីការចាប់ខ្លួន ៣៥៤នាក់ ហើយពីក្នុងចំណោមនេះ ១២៧នាក់ ត្រូវបានឃុំខ្លួន ជាបណ្ដោះអាសន្ន។

អាជ្ញាធរបារាំង ដែលបារម្មណ៍អំពីការផ្ទុះឡើងជាថ្មី អំពើអំពើហិង្សា បានពង្រឹកខ្សែត្រៀមរបស់ខ្លួន និងបង្កើនការត្រួតពិនិត្យ នៅតាមតំបន់ដែលបាតុករ អាចនឹងជួបជុំគ្នា ជាពិសេស​នៅក្នុងសង្កាត់​ដ៏សំខាន់ៗ កណ្ដាលរដ្ឋធានីប៉ារីស។

កងកម្លាំង៩ម៉ឺននាក់ ត្រូវបានដាក់ពង្រាយ

កងកម្លាំងប្រមាណជា ៩ម៉ឺននាក់ ក្នុងនោះមានកម្លាំងនគរបាល និងកងអាវុធហត្ថ ត្រូវបានដាក់ពង្រាយ តាំងពីល្ងាចម្សិលម៉ិញមក ដោយមានបន្ថែមដោយរថយន្ដពាសដែក បំពាក់ដោយរនាំងដែក ជាច្រើនសិបគ្រឿងផង។ រដ្ឋធានីប៉ារីស និងប្រទេសបារាំងទាំងមូល ត្រូវបានដាក់ ឲ្យស្ថិតក្នុងសភាពប្រុងប្រយ័ត្ន កម្រិតពណ៌ក្រហម ដែលជាកម្រិតខ្ពស់បំផុត (Editor’s Note: មិនមែនភាពអាសន្នទេ)។

អាជ្ញាធរបានអះអាងថា វាជាវិធានការដ៏ខ្លាំងបំផុតមួយ មិនធ្លាប់មានពីមុនមក ខណៈរដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក គ្រីស្តូហ្វ៍ កាស្តាណេ (Christophe Castaner) បានថ្លែងឡើងថា បាតុកម្ម ទំនងជាមាន «ការចូលរួម ពីក្រុមនិយមជ្រុល»។

ស្ថានទូតបរទេសជាច្រើន ប្រចាំនៅរដ្ឋធានីប៉ារីស បានប្រាប់ទៅពលរដ្ឋរបស់ផងខ្លួន ឲ្យធ្វើការប្រយ័ត្ន ក្នុងការធ្វើដំណើរ នៅថ្ងៃសៅរ៍នេះ ឬបើមិនមានការចាំបាច់ទេ ការធ្វើដំណើរនោះ គួរតែលើកពេល។

» រូបភាពផ្សាយផ្ទាល់ ធ្វើឡើងដោយស្ថានីយ៍ទូរទស្សន៍ ចំនួនបួន៖

បាតុកម្មរបស់បណ្ដាជនអាវកាក់លឿង ធ្វើឡើងដើម្បីជំទាស់ នឹងការកែទម្រង់ថ្មីៗ របស់រដ្ឋាភិបាលលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។ បាតុកម្មបានប្រែក្លាយជាអំពើហិង្សា យ៉ាងខ្លាំងក្លារួចទៅហើយ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន។

យ៉ាងណា រដ្ឋាភិបាលបារាំងបានអំពាវនាវជាថ្មី ឲ្យសភាពការណ៍វិលត្រឡប់ ទៅរកភាពស្ងប់ស្ងាត់ និងបើកឱកាស ឲ្យមានការជជែកវែកញែក ដោយបានដឹងថា ការលប់ចោល នូវគម្រោងតម្លើងពន្ធ ទៅលើប្រេងឥន្ទនៈ កាលពីពាក់កណ្ដាលសប្ដាហ៍នេះ មិនបានកាត់បន្ថយ ការក្ដៅក្រហាយ របស់ក្រុមបាតុករទេ។

បើតាមការស្ទង់មតិមួយ ធ្វើឡើងដោយ បណ្ដាញទូរទស្សន៍បារាំង «LCI» បានឲ្យដឹង កាលពីថ្ងៃសុក្រ​ម្សិលម៉ិញ​ថា ប្រជាជនបារាំង ៦៨% បានគាំទ្របុព្វហេតុ របស់បណ្ដាជនអាវកាក់លឿង។ តួលេខ ដែលហាក់នៅនឹងដដែល បើប្រៀបទៅនឹងសប្ដាហ៍មុន ក្នុងថ្ងៃសុក្រដូចគ្នា៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។