លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានកោះប្រជុំ ក្នុងរសៀលថ្ងៃចន្ទទី៤ ខែមករានេះ ដើម្បីផ្ដោតលើយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ (Covid-19) ដែលរងការរិះគន់ថា មាន«ភាពយឺតយ៉ាវ» ក្នុងប្រទេសបារាំង។
យ៉ាងណា ប្រភពដែលស្ថិតនឹងកិច្ចប្រជុំនោះ បានបង្ហើបប្រាប់សារព័ត៌មាន ក្នុងប្រទេសបារាំងថា នោះជាការប្រជុំការងារ ជាមួយលោកនាយករដ្ឋមន្ត្រី ហ្សង់ កាស្តិក (Jean Castex) និងរដ្ឋមន្ត្រីពាក់ព័ន្ធដទៃទៀត ដើម្បីតាមដានមើល ទៅលើយុទ្ធនាការមួយនេះ។
ប្រភពដដែល បានបញ្ជាក់ទៀតថា កិច្ចប្រជុំផ្សេងទៀត ក្នុងក្របខណ្ឌក្រុមប្រឹក្សាខឿនសុខាភិបាល និងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នឹងត្រូវគ្រោងធ្វើ នៅថ្ងៃពុធទី៦ ខែមករាខាងមុខ។
មកទល់នឹងថ្ងៃទី១ ខែមករា រដ្ឋមន្ត្រីសុខាភិបាលបារាំង បានបញ្ចេញតួលេខផ្លូវការ ថាមនុស្ស៥១៦នាក់ បានទទួលការចាក់ថ្នាំវ៉ាក់សាំង។
តួលេខដ៏តិចតួចខាងលើ បានបង្កឲ្យផ្ទុះឡើង នូវការរិះគន់យ៉ាងសន្ធឹកសន្ធាប់ ដោយចោទប្រកាន់រដ្ឋាភិបាលបារាំង ថាមាន«ភាពយឺតយ៉ាវ» ក្នុងការបង្កើតយុទ្ធសាស្ត្រចាក់ថ្នាំវ៉ាក់សាំង និងធ្វើការប្រយ័ត្នប្រយែង«ជ្រុល» បើធៀបនឹងប្រទេសជិតខាង ក្នុងសហភាពអ៊ឺរ៉ុប៕