បារាំង

បាតុកម្មអាវកាក់លឿង ទី១៨៖ ទិដ្ឋភាព​សោកសៅ​នៃការបំផ្លាញ​នៅប៉ារីស

ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានជូនដំណឹងនៅក្នុងអត្ថបទមុនរួច បាតុកម្មអាវកាក់លឿង ក្នុងថ្ងៃសៅរ៍ទី១៦ ខែមិនា ឆ្នាំ២០១៩នេះ បានយកយករដ្ឋធានីប៉ារីស ធ្វើជាទិសដៅនៃការជួបជុំគ្នា សម្រាប់ចលនាលើកទី១៨របស់ពួកគេ ដើម្បីសំដែងការខឹងសម្បារ​ទល់នឹងនយោបាយដឹកនាំ របស់រដ្ឋាភិបាលបារាំង។

ប៉ុន្តែនៅទីបំផុតទៅ ក្រុមបាតុករដែលមានសមាសភាចម្រុះគ្នា បានប្រែក្លាយការជួបជុំគ្នា តាមបែបប្រជាធិបតេយ្យនេះ ទៅជាហេតុការណ៍វាយបំបាក់-ឆក់ប្លន់-ដុតបំផ្លាញ ទៅលើទ្រព្យសម្បត្តិសាធារណៈ-ឯកជន ដូចជារថយន្ដនគរបាល តូប-ហាងលក់ទំនិញ និងភោជនីយដ្ឋាន ដែលសុទ្ធសឹងជានិមិត្តរូប នៃប្រទេសបារាំង និងរដ្ឋធានីប៉ារីស។

ហេតុការណ៍បានកើតឡើង ចាប់តាំងពីព្រឹកថ្ងៃសៅរ៍នេះ រហូតមកដល់ល្ងាចថ្ងៃដដែល។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់យកវីដេអូ ដ៏រន្ធត់ និងគួរឲ្យសោកស្ដាយមួយចំនួន នៃហេតុការណ៍ខាងលើ មកជម្រាបដូចខាងក្រោម៖

» តូបលក់កាសែតជាច្រើន ត្រូវបានវាយបំបាក់ និងដុតបំផ្លាញ៖

» សាខាធនាគារ «Tarneaud» ត្រូវបានដុតបំផ្លាញ។ ហេតុការណ៍នេះ តម្រូវឲ្យអាជ្ញាធរជម្លៀសអ្នករស់នៅ ជាន់ខាងលើៗធនាគារចេញ ក្នុងនោះមានទាំងស្ត្រី និងទារកផង៖

» ភោជនីយដ្ឋាន «Fouquet’s» នៅលើដងមហាវិថី «Champs-Elysées» ត្រូវបានវាយបំបាក់ និងដុតបំផ្លាញ។ ភោជនីយដ្ឋានមួយនេះ មានឈ្មោះ​នៅក្នុង​បញ្ជី​បេតិកភ័ណ្ឌប្រវត្តិសាស្ត្រ នៃប្រទេសបារាំង។

https://twitter.com/CharlesBaudry/status/1106947202428080128?ref_src=twsrc%5Etfw

» ហាងលក់កាបូប នៃយីហោ «LongChamp» ដ៏ថ្លៃ ក៏ដូចជាហាងលក់សម្លៀកបំពាក់ នៃយីហោ «Zara» ឬយីហោ «Hugo Boss»

https://twitter.com/vladogb/status/1106949685271502848?ref_src=twsrc%5Etfw
https://twitter.com/CharlesBaudry/status/1106876686371602432?ref_src=twsrc%5Etfw

» ហាងលក់កាហ្វេ-ម៉ាស៊ីនធ្វើកាហ្វេ «Nespresso» និងហាងលក់គ្រឿងអលង្កាប្រណិត នៃយីហោ «Swarovski» ស្ថិតក្នុងចំណោមហាងលក់ទំនិញ ដ៏ប្រណិតៗទាំងឡាយ ដែលរងការវាយកំទេច និងឆក់ប្លន់៖

» ការដុតបំផ្លាញរថយន្ដនគរបាល នៅក្នុងសង្កាត់ «Les Halles» កណ្ដាលរដ្ឋធានី៖

https://twitter.com/Brevesdepresse/status/1106977140204015616?ref_src=twsrc%5Etfw

តុល្យភាពជាផ្លូវការ នៃការបំផ្លិចបំផ្លាញ មិនទាន់ឲ្យដឹងនៅឡើយ។ អាជ្ញាធរបារាំងបានអះអាងថា មនុស្ស២៣៧នាក់ ត្រូវបានឃាត់ខ្លួន ហើយភាគច្រើនពីក្នុងចំណោមនោះ ត្រូវបានយកទៅដាក់ឃុំ ជាបណ្ដោះអាសន្ន។ នៅក្នុងការប្រឈមមុខគ្នា​នោះ ភ្នាក់ងារនគរបាល១៧នាក់ អ្នកជួយសង្គ្រោះម្នាក់ និងបាតុករ៤២នាក់ បានរងរបួស។

លោក គ្រីស្តូហ្វ៍ កាស្តាណេ (Christophe Castaner) រដ្ឋមន្ត្រីមហាផ្ទៃបារាំងបានលើកឡើងថា ក្រុមជនវាយបំបាក់ និងដុតបំផ្លាញទាំងនោះ សុទ្ធសឹងជាអ្នកជំនាញ និងមានការរៀបចំទុកជាមុន ដើម្បីបង្កើតហេតុការណ៍ទាំងនេះឡើង។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលនឹងចាត់វិធានការតបតវិញ ប្រកបដោយភាពម៉ឺងម៉ាត់បំផុត។ 

គួបញ្ជាក់ដែរថា សម្រាប់ចលនាលើកទី១៨ នៃ«បាតុកម្មអាវកាក់លឿង» ក្នុងចុងសប្ដាហ៍នេះ ចំនួនបាតុករនៅទូទាំងប្រទេសបារាំង មានចំនួន ៣២ ៣០០នាក់ បានកើនឡើងបន្តិច ជាងសប្ដាហ៍កន្លងទៅ ដែលមានចំនួនតែ ២៨ ៦០០នាក់។ នេះបើតាមតួលេខ ផ្ដល់ដោយក្រសួងមហាផ្ទៃបារាំង៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។