បារាំង

ភេរវកម្មនៅស្ត្រាស្បួរ៖ ជនរងគ្រោះទី៤ ទើបនឹងផុតដង្ហើម

បន្ទាប់ពីស្ថិតក្នុងការសង្គ្រោះបន្ទាន់ អស់រយៈពេល៣ថ្ងៃ បន្ទាប់ពីហេតុការណ៍ភេរវកម្មបាញ់ប្រហារ ទៅលើហ្វូងមនុស្ស កាលពីយប់ថ្ងៃអង្គារ នាផ្សារលក់ទំនិញ ណូអែល ក្រុងស្ត្រាស្បួរ៍ (ភាគខាងកើតបារាំង) ជនរងគ្រោះមួយរូបទៀត បានផុតដង្ហើមនៅយប់ថ្ងៃសុក្រនេះ។

ជនរងគ្រោះរូបនោះ ជាអ្នកសារព័ត៌មានជាតិអ៊ីតាលី ឈ្មោះ «Antonio Megalizzi» អាយុ២៨ឆ្នាំ។ នេះ បើតាមការប្រកាសឲ្យដឹង ជាផ្លូវការ ពីសំណាក់ក្រសួងការបរទេសអ៊ីតាលី ក្នុងយប់ថ្ងៃសុក្រដដែល។

មរណភាពរបស់លោក «Antonio Megalizzi» នឹងធ្វើឲ្យតុល្យភាពនៃជនរងគ្រោះ មានសភាពធ្ងន់ធ្ងរឡើង៖ មនុស្សស្លាប់៤នាក់ និងរបួស១២នាក់។ ក្រោយពេលកើតហេតុភ្លាមៗ មនុស្សពីរនាក់បានស្លាប់ (ក្នុងនោះ មានទេសចរណ៍ជាតិថៃ មួយរូបផង) ខណៈជនរងគ្រោះទីបី បានផុតដង្ហើម នៅថ្ងៃព្រហស្បត្តិ៍ ពីរថ្ងៃបន្ទាប់មក។ រីឯជនរងគ្រោះមួយរូបទៀត កំពុងស្ថិតក្នុងសភាព មិនស្លាប់-មិនរស់។

ជនសង្ស័យជាខ្មាន់កាំភ្លើង ឈ្មោះ «Chérif Chekkat» អាយុ២៩ឆ្នាំ ដែលបានបើកការបាញ់ប្រហារនោះ ត្រូវបានអាជ្ញាធររកឃើញ នៅយប់ថ្ងៃព្រហស្បត្តិ៍ នៅក្នុងសង្កាត់មួយ កណ្ដាលក្រុង ស្ត្រាស្បួរ៍ មុននឹងជននេះ ត្រូវបានកងកម្លាំងនគរបាល បាញ់សម្លាប់ នៅនឹងកន្លែង៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។